Tuesday, August 5, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត ជួបខេមរៈ សិរីមន្តទី២ វីរកងទ័ពពលី

ខេមរៈ សិរីមន្ត ជួបខេមរៈ សិរីមន្តទី២ វីរកងទ័ពពលី

ខេត្តព្រះវិហារ ៖ តារាចម្រៀង ខេមរៈ សិរីមន្ត ថ្មីៗនេះ បានធ្វើដំណើរទៅចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពមួយរូប ដែលមានមុខមាត់ស្រដៀងនឹងលោកយ៉ាងខ្លាំង ហើយក៏ជាហ្វេន (Fan) របស់លោកផងដែរ គឺលោកអនុសេនីយ៍ឯក ប៊ី សុខគា (ហៅខេមរៈ សិរីមន្តទី២) ដែលបានពលីនៅក្នុងសមរភូមិប្រយុទ្ធនឹងចោរសៀម ឈ្លានពានទឹកដី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានដំណើរស្កាត់ទៅដល់ផ្ទះវីរកងទ័ពមួយរូប ដែលមានមុខមាត់ស្រដៀងលោក និងជាអ្នកនិយមយកបទចម្រៀងរបស់លោកមកច្រៀង រហូតត្រូវបានគេដាក់រហស្សនាមថា «ខេមរៈ សិរីមន្តទី២» គឺលោកអនុសេនីយ៍ឯក ប៊ី សុខគា ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីគោរពវិញ្ញាណក្ខន្ធវីរកងទ័ពរូបនេះ ដែលបានពលីជីវិតនៅសមរភូមិមុខ ក្នុងបុព្វហេតុការពារទឹកដី។

តារាចម្រៀង ខេមរៈ សិរីមន្ត បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ថា “ខ្ញុំបាទបានមកគោរពដួងវិញ្ញាណក្ខន្ធរបស់ប្អូនប្រុសដែលជាវីរកងទ័ពជួរមុខ និងជាហ្វេនផង បានពលីដើម្បីការពារទឹកដីការពារប្រាសាទបុរាណខ្មែរ នេះជាវីរភាពដែរខ្ញុំគោរពបំផុត និងចងចាំដ៏អង់អាចក្លាហានមួយនេះ សូមដួងវិញ្ញាណក្ខន្ធរបស់ប្អូន បានទៅដល់ឋានសួគ៌ ឋានសុខគតិភព កុំបីអាក់ខានឡើយ…”។

បន្ទាប់មក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ តារាចម្រៀងខេមរៈ សិរីមន្ត បានបង្ហោះវីដេអូរបស់វីរកងទ័ព ប៊ី សុខគា កាលនៅមានជីវិត ដែលបានច្រៀងបទចម្រៀង “តាមាន់ ស្នេហ៍ខ្ញុំ” របស់លោក ដោយភ្ជាប់ជាមួយសំណេរថា “អានសំណេររបស់ប្អូនស្រីរបស់ប្អូនហើយ ធ្វើឱ្យបងខ្លោចផ្សារដួងចិត្តខ្លាំងណាស់ណាប្អូន ទីបំផុតពេលនេះ ប្អូនបានពលីដើម្បីប្រាសាទតាមាន់ និងទឹកដីខ្មែរយើង ហើយប្រជាជនខ្មែរ នឹងចងចាំវីរភាពរបស់ប្អូនជានិច្ច…”។

លោកខេមរៈ សិរីមន្ត បានបន្តថា “សូមអានសំណេរប្អូនស្រីគាត់ ៖ បងអើយ! ទ្បូវ idol បងមកជួបបងហើយ ប្អូនគិតថា បងសប្បាយចិត្តមិនស្ទើរទេ បងឃើញអត់? មិនបាច់បងទៅជួបគាត់ទេ ទ្បូវគាត់មកជួបបងហើយ ហើយឱបបងថែមទៀត idol បង ស្រដៀងបងណាស់ គាត់ស្អាតណាស់ គាត់ស្អាតដូចបងអួតបានប្រាប់ប្អូនចឹង ឃើញហើយទឹកភ្នែកហូរ មានរូប តែគ្មានបងប្រុសខ្ញុំ…”។

គួរបញ្ជាក់ថា វីរកងទ័ព លោកអនុសេនីយ៍ឯក ប៊ី សុខគា បានពលីជីវិតនៅសមរភូមិជួរមុខ តំបន់ប្រាសាទតាមាន់ធំ តាំងពីថ្ងៃចាប់ផ្តើមនៃសង្គ្រាមដែលបង្កដោយទាហានចោរសៀម ឈ្លានពានទឹកដីកម្ពុជា គឺនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ក្រោយពីទទួលបានដំណឹងដ៏សែនតក់ស្លុត ពីការបាត់បង់ជីវិតលោកអនុសេនីយ៍ឯក ប៊ី សុខគា ភ្លាម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្អូនស្រីរបស់វីរកងទ័ពរូបនេះ បានបង្ហោះរូបភាពនិងសំណេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា “បងខ្ញុំទៅបានសុខហើយ បងគឺជាវីរបុរសអស្ចារ្យ បងអង់អាចណាស់ បងបូជាឈាមលើទឹកដី ដោយ ភាពក្លាហាន បងកុំបារម្ភទឹកដីទៀតអី មានបងៗកងទ័ពច្រើនណាស់ ចាំការពារ សូមបងទៅស្ងប់សុខចុះ! ស្រ លាញ់បងណាស់ ពីប្អូនពៅបង សូមបងកុំបារម្ហ ម៉ែនិងពុកអី ខ្ញុំអាចមើលថែពួកគាត់ សូមបងទៅឱ្យបានសុខចុះ…”។

បន្ទាប់មក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីបទឈប់បាញ់បានចូលជាធរមាន សង្គ្រាមចោរសៀម ឈ្លានពាន បានបញ្ចប់ភ្លាម ប្អូនស្រីរបស់វីរកងទ័ព ខេមរៈ សិរីមន្តទី២ បានសរសេរបន្ថែមថា “បងហា៎ ទ្បូវប្រទេសយើងមានសន្តិភាពវិញហើយ បងវិលវិញបានអត់? បងទៅចោលប្អូនយូរម៉្លេះ? បងដឹងទេ បងគឺជាមនុស្សពូកែសម្រាប់ខ្ញុំជានិច្ច តែទ្បូវបងគឺជាវីរបុរស អង់អាចក្លាហាន ពូកែនៅលើកពិភពលោក បងឃើញអត់? ទ្បូវបងល្បីណាស់ ព្រោះបងជាមនុស្សពូកែ ងើបមកបង ងើបមកមើលគេសរសើរបងណាស់ មកមើលស្នាដៃបង ជាមនុស្សពូកែ ហើយជាវីរបុរសដែលនៅក្នុងចិត្តប្អូន និងប្រទេសជាតិទាំងមូល…”។

ដោយឡែក នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ប្អូនស្រីវីរកងទ័ព ប៊ី សុខគា បានបង្ហោះរូបថតកំពុងឈរឱបរូបថតបងប្រុសរបស់ខ្លួន ១សន្លឹក ភ្ជាប់ជាមួយសំណេរថា “ពីមុន ធ្លាប់តែឱបបងផ្ទាល់ៗ តែទ្បូវប្អូនបានតែឱបរូបថតបង នឹកណាស់បងប្រុសអើយ ស្មើនេះ មិនដឹងបងកំពុងធ្វើអី? ញ៉ាំបាយនៅ? សុខភាពម៉េចហើយ? សុខទុក្ខយ៉ាងណាបង? ធ្លាប់តែឮបងខលមកនិយាយរាល់ថ្ងៃ តែទ្បូវលែងឮសំឡេងបងហើយ ប្អូនម្នាក់នេះ នៅចងចាំបងពេញមួយជីវិត…”៕ ដារិទ្ធ

RELATED ARTICLES