ខេត្តតាកែវ ៖ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាម គ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល និងលោក យស ណាស៊ី ប្រធានក្រុមប្រឹ ក្សាខេត្ត លោកវ៉ី សំណាង អភិបាលខេត្តតាកែវ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិ បាលស្រុកក្រុង និងមន្ត្រីរាជការ បានអញ្ជើញចូលរួមបួងសួងសុំសេចក្តីសុខចម្រើន ជូនថ្នាក់ដឹកនាំ វីរកងទ័ព មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។

ពិធីបួងសួងសុំសេចក្តីសុខនេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងប្រាសាទភ្នំដា ស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។

សម្តេច ម៉ែន សំអន បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតាថែរក្សាព្រះស្វេតច្ឆត្រ ទេវតាថែរក្សាចក្រវាល ទាំងទេវតាឆ្នាំម្សាញ់ តាមជួយអភិបាល ប្រោះព្រំ បីបាច់ថែរក្សានិងប្រសិទ្ធពរជ័យ ដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ ចៀសផុតពីជំងឺឧបទ្រពចង្រៃ ចៀសផុត ពីគ្រោះធម្មជាតិផ្សេងៗ មានទេសចរ ចូលមកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេសសូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការពារបូរណភាពទឹកដី សូមឱ្យសម្រេចរាល់បំណងប្រាថ្នា ទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត៕

