Thursday, August 14, 2025
Homeព័ត៌មានជាតិសហរដ្ឋអាមេរិក ជំរុញឱ្យថៃ គោរពបទឈប់បាញ់ ឈប់បង្កហេតុឈ្លានពានកម្ពុជា

សហរដ្ឋអាមេរិក ជំរុញឱ្យថៃ គោរពបទឈប់បាញ់ ឈប់បង្កហេតុឈ្លានពានកម្ពុជា

កូឡាឡំាពួ (ម៉ាឡេស៊ី) ៖ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទាហានថៃ ម្នាក់ បានជាន់មីន នៅក្បែរព្រំដែនកម្ពុជា-ថៃ ហើយភាគីថៃ បានចោទប្រកាន់ថា កម្ពុជា ជាអ្នកដាក់គ្រាប់មីនថ្មី ហើយគំរាមបង្កសង្គ្រាមជាថ្មី ប៉ុន្តែភាគីកម្ពុជា បានច្រានចោលការចោទប្រកាន់មិនសមស្របនោះមក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ាឡេស៊ី លោក អេដហ្គាដ ឌី កាហ្គាន ( Edgard D. Kagan) បានជំរុញឱ្យភាគីថៃ គោរពបទឈប់បាញ់ ឈប់បង្កហេតុឈ្លានពានកម្ពុជា តទៅទៀត ក្រោយពីសកម្មភាពរបស់ទាហានថៃ បង្ហាញពីការរំលោភបទឈប់បាញ់ ជាបន្តបន្ទាប់ ដូចជាការឈ្លានពានចូលដែនអធិបតេយ្យកម្ពុជា រាយលួសបន្លា ការបន្តបាញ់ផ្សែងពុល និងការល្បាតខុសតម្រាយផ្លូវចាស់ ចូលក្នុងទឹកដីកម្ពុជា ដែលជាចម្ការមីន បន្សល់តាំងពីសម័យសង្គ្រាម ទើបកើតមានឧបទ្ទវហេតុផ្ទុះមីន បង្កគ្រោះថ្នាក់ដល់ពលទាហាន។

ថ្លែងក្នុងពិធីអបអរទិវាឯករាជ្យអាមេរិក ដែលរៀបចំធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ាឡេស៊ី លោក អេដហ្គាដ ឌី កាហ្គាន បានអំពាវនាវឲ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់ សូមកុំប្រព្រឹត្តសកម្មភាពបង្កហេតុឲ្យសោះ។ លោកបានគូសបញ្ជាក់ថា វាជារឿងចាំបាច់ដែលកម្ពុជា និងថៃ ត្រូវអនុវត្តយ៉ាងពេញលេញ តាមបទឈប់បាញ់ ហើយការបង្កើតទម្រង់ណាមួយនៃការតាមដាន អាចជួយរក្សាទំនុកចិត្តរវាងប្រទេសទាំង២ នៅចំពោះមុខភាពតានតឹង ។

ការអំពាវនាវរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក រូបនេះ ធ្វើឡើងបន្ទាប់ពីទាហានថៃបានដើរជាន់មីន នៅព្រំកម្ពុជា-ថៃ ហើយថៃ បានចោទប្រកាន់ទាំងគ្មានមូលដ្ឋានលើកម្ពុជា ថាជាអ្នកដាក់មីនថ្មី ទោះបីជាកម្ពុជា បានច្រានចោលការចោទប្រកាន់បែបនេះ ជារឿយៗរួចហើយក៏ដោយ។

ជុំវិញករណីទាហានថៃ ដើរជាន់មីននេះ លោក អេដហ្គាដ ឌី កាហ្គាន បានមានប្រសាសន៍ថា «ខ្ញុំមិនចង់និយាយថា នរណាជាអ្នកទទួលខុសត្រូវនោះទេ។ ប៉ុន្តែយើងអំពាវនាវឱ្យប្រទេសទាំង២ ចាត់រាល់វិធានការសមស្រប ដើម្បីធានាឱ្យបានថា យោធានិងបុគ្គលស៊ីវិលរបស់ពួកគេ ធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីអនុវត្តបទឈប់បាញ់ ឲ្យបានពេញលេញ» ។

ឆ្លើយតបទៅនឹងសំណួរអ្នកកាសែត អំឡុងចូលរួមពិធីអបអរសាទរបុណ្យឯករាជ្យជាតិអាមេរិក លើកទី២៤៩នោះ លោកឯកអគ្គរដ្ឋទូ អេដហ្គាដ ឌី កាហ្គាន ក៏បានលើកឡើងដែរថា ភាគីជម្លោះ កម្ពុជា-ថៃ ត្រូវបញ្ឈប់ការបង្កហេតុ ឬធ្វើសេចក្តីថ្លែងការណ៍ញុះញង់គ្នាទៅវិញទៅមក ដែលបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះកន្លងមក។ លោកឯកអគ្គរដ្ឋទូតអាមេរិក ថ្លែងថា កម្ពុជា និងថៃ ត្រូវតែគោរពបទឈប់បាញ់តាមព្រំដែន ឱ្យបានត្រឹមត្រូវ និងថា សហរដ្ឋអាមេរិក ទន្ទឹងចាំមើលយន្តការឯករាជ្យមួយ ដែលអាចវិនិច្ឆ័យជម្លោះកម្ពុជា-ថៃ បានល្អបំផុត។

គួរបញ្ជាក់ថា ស្របពេលមានការអំពាវនាវរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ាឡេស៊ី ខាងលើនេះ ក្រសួងការពារជាតិកម្ពុជា បានប្រកាសជាថ្មីម្ដងទៀតថា ពាក់ព័ន្ធបទឈប់បាញ់នេះ កម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់ ហើយជំរុញភាគីថៃ អនុត្តបទឈប់បាញ់ ឲ្យបានត្រឹមត្រូវ និងសហការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ ឲ្យបានពេញលេញនិងប្រសិទ្ធភាព ។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ នាវេលាម៉ោង១១ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានរំលឹកថា ការជំរុញរបស់កម្ពុជា ទៅកាន់ភាគីថៃ គឺស្របនឹងការព្រមព្រៀងគ្នារវាងភាគីទាំងពីរ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលចង់ឲ្យមានការរៀបចំយន្តការតាមដានសម្រាប់ការអនុវត្តបទឈប់បាញ់ ដោយកម្ពុជា-ថៃ បានយល់ព្រមឲ្យមានក្រុមសង្កេតការណ៍បណ្តោះអាសន្នរបស់អាស៊ាន ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន។

ត្រង់ចំណុចនេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ នូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវបទឈប់បាញ់ ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ចំណុច នៃកិច្ចប្រជុំ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមការចូលរួមសង្កេតការណ៍ដោយម៉ាឡេស៊ី សហរដ្ឋអាមេរិក និងតំណាងចិន ។

ដោយឡែក ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ដែរថា សហរដ្ឋអាមេរិក បានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។ លោកស្រីបានបន្តថា សហរដ្ឋអាមេរិក នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការអនុវត្តនេះដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។

ដើម្បីគាំទ្រដល់ការតាមដានការអនុវត្តបទឈប់បាញ់នេះ បើតាមលោកស្រីអ្នកនាំពាក្យ គឺសហរដ្ឋអាមេរិក នឹងចូលរួមគាំទ្រផ្នែកភ័ស្តុភារ និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់ខ្លួន រួមមាន ៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ លោកស្រី បានសង្កត់ធ្ងន់ថា ការរួមចំណែករបស់សហរដ្ឋអាមេរិក ទាំងនេះ គឺជាការបង្ហាញពីការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួមកសាងឱ្យមានសន្តិភាពកើតឡើងពិតប្រាកដ សម្រាប់កម្ពុជា និងថៃ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកថមមី ភីហ្គតត៍ (Tommy Pigott) អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក ប្រកាសស្វាគមន៍កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងបានចាត់ទុកកិច្ចប្រជុំនេះថា ជាជំហានដំបូងប្រកបដោយការស្ថាបនា​ក្នុងការរៀបចំបទឈប់បាញ់កម្ពុជា-ថៃ។

លោកថមមី ភីហ្គតត៍ បានមានប្រសាសន៍នៅពេលនោះថា “លោកប្រធានាធិបតី Donald J. Trump និងលោករដ្ឋមន្ត្រីការបរទេស Rubio អំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរ គោរពឱ្យបានពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេ និងបន្តសន្តិភាពយូរអង្វែង» ។

ជាការកត់សម្គាល់ផងដែរ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥  នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយនាយឧត្តមនាវី សាមុយអែល ប៉ាប៉ារ៉ូ (Samuel Paparo) មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងលោក Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី។ 

នៅក្នុងកិច្ចជំនួបនោះ សហរដ្ឋអាមេរិក បានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់ ។ លោកទាំងពីរ បានគូសបញ្ជាក់ថា នឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការអនុវត្តនេះដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ ជាពិសេស សហរដ្ឋអាមេរិកនឹងចូលរួមគាំទ្រផ្នែកភ័ស្តុភារ និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។  លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន ៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ ទាំងនេះគឺជាការបង្ហាញពីការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួមកសាងឱ្យមានសន្តិភាព​ កើតឡើងពិតប្រាកដ ៕ កុលបុត្រ

RELATED ARTICLES