ភ្នំពេញ ៖ ស៊ីន យូប៊ីន បាត់មុខទាំងស្រុងពីសកម្មភាពលើបណញតាញសង្គម ហ្វេសប៊ុក ជាច្រើនខែ និងបាត់ ខ្លួនពីផេក ជាង១ខែមកហើយដែរ ដោយមិនដឹងពីមូលហេតុពិតប្រាកដឡើយ គឺស្រីស្អាតរូបនេះ នៅចេញមុខ តែតាម ទិកតុក (Tik Tok) យូរៗម្ដងប៉ុណ្ណោះ ។ ប៉ុន្ដែអ្វីដែលគេចាប់អារម្មណ៍ តាំងពីយូប៊ីន ចេញ មុខវិញ នាចុងខែកក្កដា ឆ្នាំ២០២៥ នេះគឺម៉ូដសក់ទង់ដែងរបស់នាង ដែលយកស្ទីលតាមនាង Ros’e សមាជិកក្រុមចម្រៀង Blackpink មើលទៅសម្រស់នាង មានការប្រែប្រួល និងទាក់ទាញខ្លាំង ។

តាមប្រភពថា យូប៊ីន ជា Fan របស់តារាស្រីទាំង៤ របស់ Blackpink ហើយនាងចូលចិត្តស្ទីលនាង Ro’se ទើបពេលនេះ លេងម៉ូដសក់ដូចគ្នាតែម្ដង ។ ប៉ុន្ដែនៅលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ អំឡុងពេលដែលយូប៊ីន ចុះចែកអំណោយជូនវីរកងទ័ព និងជនភៀសសឹក នៅតាមព្រំដែន បែរជាមានអ្នកលេងបណ្ដាញសង្គមខ្លះ រិះគន់នាងលេងម៉ូដសក់នេះទៅវិញ ដោយមានខ្លះចង់ឲ្យនាងប្ដូរម៉ូដសក់ចេញ ចាំទៅចែកអំណោយ ព្រោះគេថា មើលទៅស្ទាវពេក។

ស៊ីន យូប៊ីន ថ្លែងថ្មីៗនេះថា នាងបានចុះចែកអំណោយជូនវីរកងទ័ព និងជនភៀសសឹកតាមព្រំដែន បានបីខេត្តហើយ គឺខេត្តសៀមរាប, បន្ទាយមានជ័យ និងឧត្តរមានជ័យ ។ យ៉ាងណា យូប៊ីន និងដៃគូនាង លោកខាត់ វ៉ៃហាំង សន្យាថា នឹងបន្ដសកម្មភាពមនុស្សធម៌ តាមរយៈការយកអំណោយទៅចែកជូនកងទ័ព និងជនភៀសសឹក បន្ដទៅទៀត ទោះជាបទឈប់បាញ់រវាងភាគីកម្ពុជា-ថៃ បានចូលជាធរមាន តាំងពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្ដី ប៉ុន្ដែមិនមែនមានន័យថា នាងឈប់ទទួលអំណោយ និងចែកអំណោយនោះទេ ។

សូមបញ្ជាក់ថា ស៊ីន យូប៊ីន នៅតែជ្រើសដៃគូដែលយល់ចិត្តបំផុត គឺប្រុសរូបសង្ហាលោកខាត់ វ៉ៃហាំង ដដែលទោះ ជាមានការសង្ស័យថា ពួកគេគ្រាន់តែសម្ដែង Drama ដើម្បីទាក់ទាញ ប៉ុន្ដែធាតុពិត មិនមែនជាគូស្នេហ៍ដូចគេសង្ស័យក៏ដោយ ។

អតីត Freshie លេខ១ ឆ្នាំ២០១៣ ស៊ីន យូប៊ីន បានរងការិះគន់ពីអ្នកលេងបណ្ដាញសង្គមជាច្រើន ថានាងជាតារាដែលមិនសូវរវីរវល់រឿងសៀមឈ្លានពានខ្មែរ ក្រោយពេលនាងរក្សាភាពស្ងៀមស្ងាត់ ពេលផ្ទុះសង្រ្គាមភ្លាមៗ។ ប៉ុន្ដែនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យូប៊ីន បានឆ្លើយតបការវាយប្រហារលើខ្លួន និងសួរច្រាសទៅវិញថា តើអ្នករិះគន់លើនាង ជាស្មារតីស្នេហាជាតិមែន ឬគ្រាន់តែប្រើឱកាសជាន់ពន្លិចនាង? យូប៊ីន ក៏ចាប់ផ្ដើមចេញវីដេអូនិយាយជាភាសាអង់គ្លេស ថ្កោលទោសសៀម ហើយនាងថា មួយរយៈពេលដែលរូបនាងស្ងាត់មួយអន្លើនោះ មិនមែននាងមិនធ្វើការអ្វីទាក់ទងរឿងជាតិទេ គឺបានធ្វើវីដេអូរួចជាស្រេច គ្រាន់តែចេញយឺត ព្រោះតែនាងរវល់ទាក់ទងឲ្យបណ្ដាញសារព័តមានល្បីៗនៅអង់គ្លេស ស្នើគេឲ្យផ្សាយពីកម្ពុជា ត្រូវសៀមឈ្លានពាន ទើបធ្វើឲ្យអ្នករិះគន់នាង ស្ងប់ចិត្តបន្ដិច ។ ប៉ុន្ដែមកដល់ពេលនេះគេនៅមិនទាន់ដឹងថា សំណើររបស់យូប៊ីន ត្រូវស្ថាប័នព័ត៌មានធំៗនៅអង់គ្លេស ផ្សាយពីកម្ពុជា ហើយឬនៅនោះទេ ។


តារាចម្រៀង Ros’e សមាជិកក្រុមចម្រៀង Blackpink
ក្រៅពីស៊ីន យូប៊ីន ដែលលេងម៉ូដសក់ដូចនាង Ros’e នោះក៏មានតារាចម្រៀង SK របស់Gen Musix លេង ស្ទីលនាង Jisoo សមាជិកក្រុមចម្រៀង Blackpink ដែរ ដែលទាំងយូប៊ីន និង SK មានការទាក់ទាញដូចគ្នា។ សម្រាប់ Fan របស់យូប៊ីន ភាគច្រើនពេញចិត្តវិធីតែងខ្លួនរបស់នាងប្លែកៗ ព្រោះតារា បើលេងខ្លួនដដែលៗ នាំឲ្យគេស៊ាំ។ ប៉ុន្ដែប្រុសដែលមានឱកាសនែបនិត្យជិតយូប៊ីន បានមានតែលោកខាត់ វ៉ៃហាំង ម្នាក់ប៉ុណ្ណោះ ហេតុនេះមានតែមហាជនទេ អាចវាយតម្លៃបានថា តើស្នេហ៍ មិនឈ្នះស្និទ្ធមែនឬយ៉ាងណា ?…៕