Tuesday, August 19, 2025
Homeតារាខ្មែរនែប ព្រំរិទ្ធិកា ដេកពេទ្យ៨យប់

នែប ព្រំរិទ្ធិកា ដេកពេទ្យ៨យប់

ភ្នំពេញ ៖ ស្រីស្រស់នែប ព្រំរិទ្ធិកា បានឲ្យដឹងថា នាងធ្លាក់ខ្លួនឈឺ បន្ដោកសេរ៉ូមដល់ទៅ ៨ថ្ងៃ ដោយសាតែជំងឺ «គ្រុនឈាម» ។ នាងថាមូលហេតុដែលកើតជំងឺមួយនេះ ព្រោះតែមូសខាំ ពេលយប់ អំឡុងពេលដែលនាងចុះ ទៅចែកអំណោយដល់កងទ័ព និងគ្រួសារភៀសសឹក នៅតាមតំបន់ព្រំដែន កាលពីពេលថ្មីៗនេះ ។

 នែប ព្រំរិទ្ធិកា ប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា «ខ្ញុំដេកពេទ្យ ដល់ទៅ៨ថ្ងៃ បន្ដោកសេរ៉ូមរហូត ព្រោះតែឈឺជំងឺគ្រុនឈាម ។ ឥឡូវខ្ញុំចេញពេទ្យវិញហើយ ខាងគ្រូពេទ្យក៏មិនឲ្យតមញ៉ាំអីដែរ អ៊ី ចឹងខ្ញុំចាប់ផ្ដើមចេញថត ធ្វើការងារសិល្បៈជាធម្មតា បន្ទាប់ពីផ្អាកជាង ១សប្ដាហ៍»។

 ទោះបីស្រីស្អាត នែប ព្រំរិទ្ធិកា ធ្លាក់ខ្លួនឈឺរហូតដេកពេទ្យ ៨ថ្ងៃ ព្រោះតែចុះទៅចែកអំណោយទាំងយប់ដល់វីរកងទ័ពការពារទឹកដី និងជនភៀសសឹកតាមព្រំដែនក្ដី ប៉ុន្ដែនាងថា បើមិនបានចុះទៅជួបពួកគាត់ នាងច្បាស់ជាស្ដាយក្រោយ ហេតុនេះឈឺ ៨ថ្ងៃ អត់បញ្ហាសម្រាប់នាងឡើយ ។ នាងថា បានបង្កើតមូលនិធិមួយជួយដល់វីរកងទ័ព និងគ្រួសារជនភៀសសឹក ហើយនៅពេលដ៏ខ្លីខាងមុខនេះ នាងនិងក្រុមការងារ នឹងចុះទៅជួប ចែកអំ ណោយម្ដងទៀត ជូនពួកគាត់។

 ពិធីការិនីរូបស្រស់ រិទ្ធិកា បន្ថែមថា «ពេលចុះទៅជួបពួកគាត់ ខ្ញុំអាណិតគាត់ខ្លាំងណាស់ ខ្លះអត់តង់ អត់អង្រឹង អ៊ីចឹងបើមិនបានទៅ អារម្មណ៍យើងអត់ល្អទេ ។ ខ្ញុំបានបង្កើតមូលនិធិមួយ ជួយដល់បងៗកងទ័ព និងគ្រួសារបងប្អូនជនភៀសសឹក ហើយក្រុមការងារខ្ញុំបានចែកអំណោយដល់ពួកគាត់ បានជាង ២០០គ្រួសារ ដល់បងប្អូនតាមព្រំដែន ។ ពួកយើងបានទិញសម្ភារៈចាំបាច់សម្រាប់ចែកជូនបងៗកងទ័ព មានដូចជា អង្ករ តង់ ត្រីខ អង្រឹង និងសម្ភារៈមួយចំនួនទៀត ហើយបានទៅចែកជូនពួកគាត់នៅខេត្តសៀមរាប និងខេត្តព្រះវិហារ ។ នៅពេលខាងមុខនេះ ក្រុមការងារពួកយើង មានគម្រោងចុះទៅចែកអំណោយជូនបងៗកងទ័ព និងជនភៀសសឹកម្ដងទៀត»។

គួរបញ្ជាក់ថា តារាសម្ដែង និងជាពិធីការិនី នែប ព្រំរិទ្ធិកា ជាកូនខ្មែរកាត់ថៃ ដែលម្ដាយនាងជាជនជាតិថៃ ឪពុកជាជនជាតិខ្មែរ ។ រិទ្ធិកា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើកងទ័ពកម្ពុជា តាមរយៈការចុះចែកអំណោយ រហូតនាងធ្លាក់ខ្លួនឈឺ គ្រុនឈាម ។ ស្រីស្អាតរូបនេះថា ពលរដ្ឋភៀសសឹក និងកងទ័ពនៅតាមព្រំដែន បានស្គាល់នាងច្បាស់ថា ជាតារាសម្ដែង ហេតុនេះហើយនាងគ្មានអារម្មណ៍នឿយហត់ ពេលចុះទៅចែកអំណោយទេ ប៉ុន្ដែបើមិនបានទៅ ច្បាស់ជាស្ដាយក្រោយជាមិនខាន ។

 សូមរំលឹកថា នែប ព្រំរិទ្ធិកា បានលេចមុខជាច្រើនក្នុងរឿងខ្លីៗ ចាប់ដៃជាមួយ DJ ផាន់រ៉ុង និងនាយ ណម រហូតមានការសង្ស័យថា រិទ្ធិកា ជាសង្សារលោកផាន់រ៉ុង ទៀតផង។ ប៉ុន្ដែបញ្ហានេះបានសាបទៅវិញ បន្ទាប់ពី Dj ផាន់រ៉ុង រៀបការជាមួយនាង ម៉ាលីកា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ។ រិទ្ធិកា អាយុ២៦ឆ្នាំ ធ្លាប់ប្រាប់ថា រឿងបេះដូងនាងបានវិលមកត្រូវរ៉ូវគ្នាវិញជាមួយសង្សារចាស់ ប៉ុន្ដែគ្មានដំណឹងនាងគិតគួររឿងការប្ដីឆាប់ៗដូច DJ ផាន់រ៉ុង នោះឡើយ ៕

RELATED ARTICLES