Tuesday, August 19, 2025
Homeសង្គម និងជីវិត Love Riya ជាប់គុក ខ្ញុង ទម្លាយហេតុ ប្រើថ្នាំលើសកម្រិត ជំនឿងប់ងុល

 Love Riya ជាប់គុក ខ្ញុង ទម្លាយហេតុ ប្រើថ្នាំលើសកម្រិត ជំនឿងប់ងុល

ខេត្តកណ្តាល ៖ បន្ទាប់ពីឧកញ៉ាលក់ឡេ ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៊ើបសួរ នៃសាលា ដំបូងខេត្តកណ្តាល ចោទប្រកាន់ ចំនួន២បទល្មើស “ញុះញង់ឱ្យមានការរើសអើង  និងធ្វើឱ្យខូចទឹកចិត្តកងទ័ព” ហើយសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ រួចមក អ្នកស្រីស្រេង សុកាន់ដា ហៅខ្ញុង ដែលជាអតីតកូនចៅម្នាក់ របស់ Love Riya បានចេញមកទម្លាយពីមូលហេតុដែលនាំឱ្យអតីតចៅហ្វាយស្រី ឈានដល់ដំណាក់កាលនេះ គឺដោយសារប្រើថ្នាំលើសកម្រិត និងមានជំនឿងប់ងុលខ្លាំងពេក។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោយពីសាលាដំបូងខេត្តកណ្តាលសម្រេចចេញដីកាឃុំខ្លួនឧកញ៉ាលក់ឡេ ឆេង ស្រីរ័ត្ន ហៅ Love Riya រួចមក តារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង ដែលធ្លាប់ទទួលការឧបត្ថម្ភ និងផ្តល់ការងារឲ្យធ្វើពីឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya បានចេញមកទម្លាយពីរឿងមួយចំនួនពាក់ព័ន្ធនឹងអតីតថៅកែស្រីរបស់ខ្លួន។

អ្នកស្រីខ្ញុង បានបង្ហោះរូបភាពរបស់ខ្លួន ជាមួយលោកស្រីឧកញ៉ា ឆេង ស្រីរ័ត្ន  ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ជាមួយសំណេរថា “ពីដើមមកគាត់ មែនចឹងទេ ទី១-ថ្នាំប្រើលើសកម្រិត ទី២-ជំនឿងប់ងុល ធ្វើឱ្យមនុស្សល្អម្នាក់ ក្លាយជាបែបនេះ។ ខុសគឺខុស តែសូមបងប្អូនយល់ដល់អំពើល្អដែលគាត់ធ្លាប់សាង ឈប់ស្តីថា ជេរដៀល កាត់តរូបភាពអីដែលទាក់ទងនឹងគាត់ទៀតទៅ ក្នុងនាមគាត់ក៏ជាខ្មែរដូចគ្នា សម្រាប់ខ្ញុំ មិនមែនជាបុគ្គលិកគាត់ទៀតទេ តែគុណបំណាច់ដែលខ្ញុំធ្លាប់រស់នៅមួយគាត់មួយឆ្នាំ គាត់គឺជាមេល្អ ជាមនុស្សល្អ ខ្ញុំចងចាំមិនភ្លេច…”។

បន្ថែមពីលើនេះ អ្នកស្រីខ្ញុង បាននិយាយក្នុងវីដេអូ អំពីគុណសម្បត្តិអតីតថៅកែស្រីរបស់ខ្លួនរូបនេះថា “បងប្អូន ខ្ញុំដឹងថាយើងមិនអាចយកគុណមកសងទោសបានទេ ខុសគឺខុស តែបើខុសទាក់ទងនឹងរឿងប្រទេសជាតិ ប្រ ទេសយើងមានច្បាប់ ច្បាប់គាត់ធ្វើការដោះស្រាយហើយ តែខ្ញុំសុំចិត្តបងប្អូន សុំយល់ដល់អំពើល្អដែលគាត់ធ្លាប់ធ្វើកន្លងមក គាត់ធ្លាប់ជួយសង្គម ព្រោះខ្ញុំដឹងថា គាត់មិនមែនជាមនុស្សអ៊ីចឹងទេ ពីមុនមក បងប្អូន ខ្ញុំធ្វើការជា មួយគាត់ ១ឆ្នាំ គាត់ចិត្តល្អ គាត់ចិត្តបាន គាត់ជួយគេណាស់ ហើយគាត់ស្រលាញ់កូនចៅគ្រប់ៗគ្នា គាត់ជួយគេ គាត់ផ្តល់ឱ្យគេ និយាយរួមទៅ ជួបទុក្ខលំបាកកន្លែងណា គាត់ជួយណាស់ ហើយគាត់ក៏មិនមែនជាមនុស្សអ៊ីចឹងដែរ តែបងប្អូន អ្វីដែលខ្ញុំដឹង ដែលធ្វើឱ្យគាត់ប្រែប្រួលប្លែក ខ្ញុំហ៊ាននិយាយថា ទី១-ថ្នាំ គឺគាត់តែងតែញ៉ាំថ្នាំងងុយគេង ថ្នាំរំងាប់អារម្មណ៍ ជារៀងរាល់ថ្ងៃ ហើយត្រូវចាក់ថ្នាំគេងជារៀងរាល់ថ្ងៃ ធ្វើឱ្យអារម្មណ៍គាត់ ពេលខ្លះរវើរវាយ។ បងប្អូន មិនមែនជាការសម្តែងដើម្បី ទាមទារ Views យកមកលក់ឡេ អីទេបងប្អូន គាត់មានហើយ គាត់ធូរធារហើយ គាត់ចាយ ២-៣ជាតិ មិនអស់ផង បងប្អូនអើយ តែខ្ញុំមិនដឹងថា មានបញ្ហាអី បានជាគាត់ដល់ថ្នាក់ហ្នឹងទេ»។

អ្នកស្រី ខ្ញុង បន្តថា «ពេលដែលខ្ញុំនៅជាមួយគាត់ មួយរយៈមុន មួយរយៈចុងក្រោយ មុននឹងខ្ញុំចេញហ្នឹង បង ប្អូន គឺគាត់ងប់ងុលទៅនឹងរឿងជំនឿមួយទៀត អ្នកណានិយាយអី អ្នកណាថាអី ឱ្យតែរឿងទាក់ទងទៅនឹងអា គមអូមអាម ជំនឿហ្នឹង គឺគាត់ជឿណាស់ ជឿរហូត ដល់ថ្នាក់ខ្ញុំជាកូនចៅ រស់នៅជាមួយគាត់ ១ឆ្នាំ គាត់ហ៊ានបញ្ឈប់ខ្ញុំ ទាំងដែលគេគ្រាន់តែនិយាយប្រាប់គាត់តែមួយម៉ាត់ពីរ។ អ៊ីចឹងបានខ្ញុំចង់និយាយថា គាត់ជាមនុស្សល្អ តែមិនគួរណាមកជួបនឹងពួកមនុស្សមួយចំនួន ដែលចេះមន្តអាគមខ្លះ ឬមួយក៏គ្រូគ្រាអី និយាយផ្លុំត្រចៀកគាត់ទៅជាអ៊ីចឹង។ មួយរយៈនេះ ខ្ញុំក៏មានបញ្ហាផ្លូវចិត្តមិនតិចដែរបងប្អូន ទី១ ខ្ញុំក៏មានសម្ពាធផ្លូវចិត្ត រឿងរបស់ខ្ញុំ ដល់តែពេលខ្ញុំឃើញគាត់អ៊ីចឹងទៀត ខ្ញុំក៏មានបញ្ហាផ្លូវចិត្តដែរ មានអារម្មណ៍ថាអាណិតគាត់ មានអារម្មណ៍ថា ស្រណោះមេដែលខ្ញុំធ្លាប់នៅជាមួយ មិនគួរណាគាត់ដល់ថ្នាក់ហ្នឹង។ តាមពិតគាត់មានបញ្ហាដូចជាសតិអារម្មណ៍ហ្នឹង យូរហើយបងប្អូន តែគ្រួសារព្យាយាមលាក់រហូត។ បងប្អូន គាត់ខុស ច្បាប់ចាត់ចែងហើយ អ៊ីចឹងសូមបងប្អូនឈប់ស្អប់គាត់ទៅ បងប្អូនអើយ…!”។

ចំណែកលោកហេង គីមហៀង ស្វាមីរបស់ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya បានថ្លែងបន្ទោសខ្លួនឯងថា ជាប្តីអត់កំណើត ដែលមិនអាចជួយអ្វីដល់ប្រពន្ធបាន រហូតប្រពន្ធត្រូវជាប់គុក។

លោកហេង គីមហៀង បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ថា “សូមទោស.. ដែលប្តីអត់កំណើតម្នាក់នេះ ជួយអ្វីប្រពន្ធមិនបាន…”។

ដោយឡែក នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ស្វាមីឧកញ៉ា Love Riya បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពកូនស្រីរបស់ខ្លួន កំពុងលេងយ៉ាងសប្បាយ ទាំងមិនដឹងថា ម្តាយរបស់ខ្លួនកំពុងជាប់ឃុំខ្លួននៅពន្ធនាគារ ភ្ជាប់ជាមួយសំណេរថា “ហេតុអ្វីក៏កូនស្រី ត្រូវមកជួបរឿងបែបនេះ…”។

នៅក្នុងវីដេអូខាងលើ លោកហេង គីមហៀង បានរៀបរាប់ថា “អើយ បងប្អូនអើយ មិនទាន់ដឹងអីទេ អត់ទាន់ដឹងថា ម្តាយនៅណានៅណីទេនេះ ដឹងត្រឹមតែសប្បាយ ញ៉ាំឆ្អែតក៏គេង ដល់ពេលដល់ម៉ោង សួររកម៉ាក់ កម្សត់តាំងពីកើតមក សង្ឃឹមថា កូនធំឡើង នឹងមានអនាគតល្អ មានបុណ្យ មានរស្មីបារមីដ៏ត្រចះត្រចង់ ជីវិតកូនពោរពេញដោយសេចក្តីសុខ សុភមង្គល ភាពរីករាយ មានអនាគតល្អ ប៉ាៗជូនពរកូនណាកូនណា…”។

ដោយឡែក លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា  និងជាប្រធានប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានលើកឡើងថា លោកស្រីឧកញ៉ា ឆេង ស្រីរ័ត្ន ឧកញ៉ា និយាយមិនសូវចេះយល់ពីកាលៈទេសៈ រួមផ្សំខ្វះមូលដ្ឋានចំណេះដឹង (អវិជ្ជា) ថែមទៀតផងនោះ ទើបងាយនឹងធ្លាក់ក្នុងសំណាញ់ច្បាប់។ ប៉ុន្តែទោះបីជាយ៉ាងណា លោកសូមជូនយោបល់ថា ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងមានសង្គ្រាមនេះ គួរទុកគាត់នៅខាងក្រៅ ដើម្បីជួយជាតិ ប្រសើរជាងឃុំខ្លួនគាត់ និងទុកឱកាសឱ្យគាត់កែកំហុសដើម្បីប្រយោជន៍ជាតិយើងទាំងអស់គ្នា ដូច្នេះសូមអនុវត្តនយោបាយឈ្នះ-ឈ្នះ ទើបមានផលចំណេញជាងចាប់គាត់ដាក់គុក។

លោកបណ្ឌិត ពេជ្រ ស្រស់ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ថា «ច្បាប់គឺច្បាប់ ប៉ុន្តែមើលពីទម្ងន់សកម្មភាពល្មើសផងដែរ ត្បិតអីគាត់និយាយមិនសូវចេះយល់ពីកាលៈទេសៈ រួមផ្សំខ្វះមូលដ្ឋានចំណេះដឹងថែមទៀតផងនោះ គាត់ងាយនឹងធ្លាក់ក្នុងសំណាញ់ច្បាប់។  ខ្ញុំសូមជូនជាយោបល់  ស្ថិតក្នុងកាលៈទេសៈនេះ ទុកគាត់នៅខាងក្រៅ ដើម្បីជួយជាតិ ប្រសើរជាងឃុំគាត់ ពីព្រោះធនធានមនុស្សសំខាន់ក្នុងពេលប្រទេសជួបសង្រ្គាម ទុកឱកាសឱ្យគាត់ធ្វើគុណ កែកំហុសដើម្បីប្រយោជន៍ជាតិយើងទាំង អស់ គ្នា ហើយខ្ញុំនិយាយនេះ គឺខ្ញុំឃើញគាត់អវិជ្ជា ទើបធ្វើឱ្យគាត់មិនចេះសោយសុខបាន។ សូមអនុវត្តនយោបាយឈ្នះ-ឈ្នះ ទើបជាផលចំណេញជាងចាប់គាត់ដាក់គុក ហើយខ្ញុំនិយាយ គ្មានញាតិគាត់មកពឹងខ្ញុំឱ្យនិយាយទេ ប៉ុន្តែកើតចេញពីក្តីអាណិតដល់ជនអវិជ្ជា ហើយគាត់ក៏ជាបុគ្គលមួយរូបធ្លាប់បានជួយសង្គមផងដែរ។ ទុកឱ្យគាត់ធ្វើគុណ កែកំហុសនៅខាងក្រៅ ចំណេញជាងឃុំគាត់!»។

គួរបញ្ជាក់ថា បន្ទាប់ពីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya  ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ ចំនួន២បទល្មើស និងសម្រេចឃុំខ្លួនដាក់ព័ន្ធនាគារ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ ចំនួន២បទល្មើស គឺ“ញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព”។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅ ចំណុចបុរី ML ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈ្មោះឆេង ស្រីរ័ត្ន ហៅ Love Riya បានប្រើប្រាស់គណនី TikTok ឈ្មោះ លោកជំទាវឧកញ៉ា ឆេង ស្រីរ័ត្ន loverya999 ដោយបានធ្វើការបញ្ចូលសំឡេងវីដេអូ ដែលមានខ្លឹម សារថា “ក្នុងនាមខ្លួនជាប្រជាពលរដ្ឋខ្មែរ មួយរូប ខ្លួនបានបំពេញកិច្ចការជូនជាតិ តាំងពីមិនទាន់កើតហេតុកើតរឿង និយាយទៅជូនជាតិមាតុភូមិ ទៅដល់ខាងកងទ័ពរបស់ខ្មែរយើងគ្រប់តំបន់ គ្រប់ច្រកល្ហក មិនថា ទាហានជួរមុខ ឬក៏តំបន់ខាងណាទេ គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ គ្រប់ តំបន់មុំបី គឺដោយសារតែមានវត្តមានរូបខ្លួន ទើបព្រះមាតាព្រះបិតា គាត់យាងចេញទៅការពារ ហើយក៏មានការប្រយុទ្ធគ្នាផ្លូវក្នុងបានមុន រួចជាស្រេច ពេលដែលប្រយុទ្ធខ្លួនដឹងគ្រប់យ៉ាងដឹងគ្រប់ទង្វើរបស់មាតាបិតាទាំងអស់នោះ ខ្លួនឃើញទាំងអស់ ប៉ុន្តែខ្លួនមិនអាចនិយាយប្រាប់ទៅ ដល់ពុកម៉ែបងប្អូនដែលជាប្រជាពលរដ្ឋខ្មែរ ដែលមិនដឹងមិនយល់ ហើយមានតែការប្រមាថមាក់ងាយពេញបណ្តាញសង្គមទាំងអស់ ឥឡូវពេលវេលាក៏ខិតជិតមកដល់ ខ្លួនបញ្ចូលសំ ឡេង ហើយរៀបរាប់ប្រាប់គ្រប់សព្វបែបយ៉ាង ហើយថ្ងៃក្រោយទៀត ខ្លួននឹងរៀបរាប់បានច្រើនជាងនេះទៅ ទៀត”។ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឈ្មោះឆេង ស្រីរ័ត្ន ហៅ Love Riya បានប្រើប្រាស់គណនីហ្វេសបុក ផ្លូវការរបស់ខ្លួន ដែលមានឈ្មោះ Love Riya ដោយបានធ្វើការផ្សាយផ្ទាល់ និងបាននិយាយថា “ខ្លួនយកមកលក់បាន ខ្លួននៅតែយកមកលក់ ហើយបងប្អូនមានសិទ្ធិទិញ ឬមិនទិញ ខ្លួនមិនចេះបុកហោប៉ៅទេ ហើយមិនបាច់អ្នកណាគេមកនិយាយថា ឈប់ប្រើរបស់ផ្ទះលេខ២-៣-៤-៥ ខ្លួនអត់ខ្វល់ទេ…”។ លុះនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅធ្វើការឃាត់ខ្លួនឈ្មោះខាងលើ រួចបញ្ជូនមកសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ក្រោយពេលពិនិត្យឯកសារនិងភ័ស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការអមសាលដំបូងខេត្តកណ្តាល ពិនិត្យឃើញថា ការបង្ហោះខាងលើនេះ បានធ្វើឱ្យមានភាពរើសអើង និងប៉ះពាលដល់ទឹកចិត្តវីរកងទ័ព ដែលបានឈរជើងនៅជួរមុខ និងការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមសាមគ្គីគ្នាក្នុងការគាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ព ដើម្បីការពារបូរណភាពទឹកដី មាតុភូមិជូនជាតិ។ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៣៥៩ ដកសស ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានសម្រេចចោទប្រកាន់ឈ្មោះឆេង ស្រីរ័ត្ន ហៅ Love Riya ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ពីបទញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តនៅចំណុចបុរី ML ស្ថិតនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៦ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤៧២ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១៧៣៩ អ.ក ចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរខាងលើ។ បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភ័ស្តុតាងនានាក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ភេទស្រី អាយុ៤០ឆ្នាំ ជន ជាតិខ្មែរ នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់…។

គួររំលឹកថា ឧកញ៉ាថៅកែឡេ ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល ចុះឃាត់ខ្លួនដល់ផ្ទះ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រោយពីថៅកែឡេល្បីឈ្មោះ ដែលតាំងខ្លួនជាបុត្រីស្តេចនាគ រូបនេះ បានឡាយវីដេអូតាមបណ្តាញសង្គម ប្រកាសក្តែងៗថា ខ្លួននៅតែបន្តនាំចូលផលិតផលពីប្រទេសសៀម យកមកលក់បន្តទៀត ប្រសិនបើមានច្រកអាចនាំចូលមកបាន ពោលគឺ “មិនខ្វល់អ្វីទាំងអស់”។

ប្រតិបត្តិការឃាត់ខ្លួន ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។

ខណៈដែលត្រូវសមត្ថកិច្ចបណ្តើរចេញពីក្នុងផ្ទះ ដល់មុខខ្លោងទ្វាររបង Love Riya ដែលតាំងខ្លួនជាបុត្រីស្តេចនាគ និងគ្រងឈុតសម្លៀកបំពាក់ពណ៌ស បាននិយាយក្តែងៗថា “ឥឡូវអ៊ីចេះ ខ្ញុំសុំអ៊ីចេះ ឥឡូវខ្ញុំសុំណា ខ្ញុំសុំនិយាយឱ្យដឹងឮទាំងអស់គ្នាថាអ៊ីចេះ ខ្ញុំសុំមួយ ខ្ញុំសុំភាពសច្ចៈទៀងត្រង់ ខ្ញុំសុំមួយ បើសិនចង់ដឹងថា ខ្ញុំជាមនុស្សពិត ខ្ញុំពិតជាកូនព្រះបិតាស្តេចនាគ ពិតប្រាកដមែន ខ្ញុំសុំឱ្យពិសោធខ្ញុំ ខ្ញុំសុំកន្លែងហ្នឹងបានអត់? ឥឡូវខ្ញុំសុំតែប៉ុណ្ណឹងទេ បានអត់? ព្រោះអីខ្ញុំនិយាយជាការពិត ខ្ញុំសុំពិសោធ បើសិនអត់មានការពិសោធ ខ្ញុំម៉េចសុខចិត្ត? ខ្ញុំអត់សុខចិត្តទេ វាអយុត្តិធម៌សម្រាប់ខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ ខ្ញុំនិយាយមែនណា អត់ទេ ខ្ញុំខំការពារប្រជាពលរដ្ឋ ខ្ញុំខំធ្វើគ្រប់យ៉ាង ធ្វើអ៊ីចឹង ខ្ញុំអត់ទទួលយកបានទេ…”។

ក្រោយការឃាត់ខ្លួនភ្លាម កម្លាំងនគរបាលបានបញ្ជូន ឧកញ៉ាឆេង ស្រីរ័ត្ន ហៅ Love Riya តាមរថយន្ត ឆ្ពោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ បន្ទាប់មក នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ចៅក្រមសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នៅពន្ធនាគារខេត្តកណ្តាល ជាបណ្តោះអាសន្ន។

ចំណែកសមាគមឧកញ៉ាកម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានថា លោកស្រីឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានធ្វើលិខិតស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់បញ្ចប់ គោរមងារឧកញ៉ា ពីលោកស្រីឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ផងដែរ ។ 

ក្នុងលិខិតលោកអ្នកឧញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចុះថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងទី១៤ ខែសីហា ឆ្នាំ២០២៥ គោរពស្នើសុំសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវត្ថុ «សូមគោរពស្នើសុំសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្រាបបង្គំទូល ថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឆេង ស្រីរ័ត្ន មានខ្លឹមសារថា «ក្នុងនាមសមាគមឧកញ៉ាកម្ពុជា ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ៖ សមាគមឧកញ៉ាកម្ពុជា បាននិងកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ចំពោះព័ត៌មាននិងការផ្សព្វផ្សាយយានៅតាមបណ្តាញសង្គមនានា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន (ហៅ Love Riya) ដែលមានគោរមងារជា “ឧកញ៉ា” ។ ដោយផ្អែកលើព័ត៌មាននិងការផ្សព្វផ្សាយទាំងនោះ សបញ្ជាក់ឱ្យឃើញថា សកម្មភាពរបស់បុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន គឺពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងគុណតម្លៃរបស់គោរមវន្ត ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទឹកចិត្តវាកងទ័ព កំពុងទប់ទល់យ៉ាងអង់អាចក្លាហានជាមួយ សត្រូវឈ្លានពាន ដែលនាំឱ្យមានការបែកបាក់សាមគ្គីនៃមហាគ្រួសារខ្មែរ និងការលះបង់គ្រប់បែបយ៉ាងរបស់វីរកងទ័ពយើងយ៉ាងពិតប្រាកដ។

ដូច្នេះផ្អែកតាមមាត្រា១៨ នៃព្រះរាជក្រឹត្យ និងមាត្រា២២ នៃអនុក្រឹត្យ ដែលយោងខាងលើ សមាគមឧកញ៉ាកម្ពុជា សូមគោរពស្នើសុំសម្តេចធិបតី មេត្តាក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់បញ្ចប់គោរមងារជា “ឧកញ៉ា” ពីបុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន ក្នុងពេលវេលាសមគួរបំផុតរបស់សម្តេចធិបតី។

អាស្រ័យដូចបានគោរពជូនខាងលើ សូមសម្តេចធិបតី មេត្តាពិនិត្យនិងសម្រេចដោយសេចក្ដីអនុគ្រោះដ៏ខ្ពង់ខ្ពស់។

សូមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»៕ ដារិទ្ធ

RELATED ARTICLES