ភ្នំពេញ ៖ កាលពីខែកក្កដា ទស្សនិកជនជាច្រើន រង់ចាំអ៊ុតមើលថា តើពេជ្រ វត្តីសារ៉ាវឌ្ឍី ឬសុខគា គីមលាង ជាម្ចាស់មកុដបវរកញ្ញា Miss Universe Cambodia 2025 ព្រោះតែមានការលើកឡើងថា វត្តីសារ៉ាវឌ្ឍី និងគីមលាង សុទ្ធតែមានរូបសម្រស់ស្អាត ហើយទេពកោសល្យលេចធ្លោក្នុងវគ្គជម្រុះ នាពេលកន្លងមក។ ប៉ុន្ដែការផ្ទុះសង្រ្គាមតាមតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើឲ្យកម្មវិធីមួយនេះត្រូវបានលើកពេលប្រកួត ដែលគ្រោងធ្វើវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៦ ខែកក្កដា នោះទៅវិញ ទើបធ្វើឲ្យទាំងវត្តីសារ៉ាវឌ្ឍី និងគីមលាង រួមទាំងបេក្ខភាពផ្សេងៗទៀត ដែលឈានទៅវគ្គ Final នៅតែរកអត់ទាន់ឃើញថាម្នាក់ណាជាម្ចាស់មកុដ ។


លោកឆូយ អ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia 2025 ប្រាប់ «នគរធំ »នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ថានៅពេលដែលផ្ទះសង្រ្គាមនៅតាមព្រំដែនគឺ ពិតជាត្រូវ លើកពេលរៀបចំព្រឹត្តិការណ៍ធំនៅវគ្គផ្ដាច់ព្រ័ត្រ (Final) មែន ព្រោះរង់ចាំឲ្យសភាពការណ៍ស្ងប់ស្ងាត់សិន ។ លោកថាប្រសិនបើគ្មានអ្វីប្រែប្រួលទេ Miss Universe Cambodia 2025 នឹងធ្វើ នៅខែកកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះហើយ ដើម្បីស្វែងរកឲ្យឃើញថា អ្នកណាជាម្ចាស់មកុដ ដើម្បីធ្វើជាអ្នកតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ ។ ប៉ុន្ដែលោកថា បើបញ្ហាព្រំដែន នៅតែមិនទាន់ស្ងាត់ ការប្រកួតវគ្គផ្ដាត់ព្រ័ត្រ Miss Universe Cambodia 2025 នឹងត្រូវពន្យារពេលម្ដងទៀត រង់ចាំពេលវេលាដ៏សមស្រប ខណៈដែលលោកសង្កេតថា បច្ចុប្បន្ន ការបាញ់ បោះនៅតាមព្រំដែន ពេលនេះក៏បានស្ងាត់ជាងមុន អ៊ីចឹងប្រហែលជាអាចធ្វើបាន ។


ឆ្លើយតបសំណួរថា មហាជនមើលឃើញ Miss Universe Cambodia 2025 មានបេក្ខ ភាពលេចធ្លោជាងគេ ២រូប គឺពេជ្រ វត្តីសារ៉ាវឌ្ឍី និងសុខគា គីមលាង តើលោកគិតថា ម្នាក់ណា នឹងមានភាគរយខ្ពស់ក្លាយទៅជាម្ចាស់មកុដ? លោកឆូយ ថាលោកគ្មានសិទ្ធិដឹងថា ម្នាក់ណាជាអ្នកឈ្នះមកុដនោះទេ គឺនៅលើគណៈកម្មការ ជាអ្នកឲ្យពិន្ទុ និងកំណត់ជោគវាសនារបស់ពួកគាត់។ ប៉ុន្ដែលោកថា ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងតែអាចបត់បែនបានគ្រប់ពេលវេលា ព្រោះធ្លាប់មានបទពិសោធន៍ស្រាប់ ។ ចំណែកសុខគា គីមលាង ទោះជាកម្មវិធីនេះថ្មីសម្រាប់គាត់មែន តែគាត់ឆាប់ចាប់បាន និងវិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ ។ អ្នកគ្រប់គ្រងបវរកញ្ញារូបនេះបន្ថែមថា ជាទូទៅ លោកមើលឃើញពីសមត្ថភាពបវរកញ្ញាទាំង ២០រូប នៅវគ្គ Final នេះ មានសមត្ថភាពនិងទេពកោសល្យល្អម្យ៉ាងៗម្នាក់ អ៊ីចឹងមិនអាចទាយមុនថា អ្នកណាជាអ្នកឈ្នះមកុដ មុនការប្រកួតមកដល់ឡើយ។

លោកឆូយ ក៏បានឲ្យដឹងថា អំឡុងពេលប្រកួតវគ្គ Final មកដល់នេះ បវរកញ្ញាទាំងអស់បានចុះធ្វើកម្មវិធីសប្បុរសធម៌ ជាបន្ដបន្ទាប់ ដល់កងទ័ពជូរមុខ ជនភៀសសឹកតាមតំបន់ព្រំដែន ដែលដឹកនាំដោយអ្នកនាងប្រាសាទ ដាវីន ម្ចាស់កម្មវិធី Miss Universe Cambodia 2025 ។

គួរបញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាម្ចាស់ពាន 5th Miss Grand International 2022 និង Miss Grand Cambodia 2022 តែនាងបានអះអាងថា បានបោះចោលពាន 5th Miss Grand International 2022 ក្នុងធុងសំរាមទៅហើយ ក្រោយទាហានសៀម បង្កសង្រ្គាមលើកម្ពុជា នៅតាមព្រំដែន ខណៈបុគ្គលណាវ៉ាត់ ម្ចាស់កម្មវិធី MGI ចេញសេចក្ដីប្រកាសដកតំណែង 5th Runner Up MGI 2022 របស់នាង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។ វត្តីសារ៉ាវឌ្ឍី មានអាយុ២៥ឆ្នាំ កម្ពស់១,៧៧ ម៉ែត្រ មិនមានចំណុចខ្សោយច្រើនទេ ព្រោះទាំងរូបសម្រស់ ទេពកោសល្យ និងភាសា បានទាំងព្រម ហើយវិញ្ញាសាដែលនាងលេចធ្លោជាងគេ គឺឈុតប៊ីគីនី ។ ចំណែកនាដការី សុខគា គីមលាង អាយុ២៦ឆ្នាំ ត្រូវបានព្យាករថា មានភាគរយខ្ពស់ក្នុងការឈ្នះពានវិធី Miss Universe Cambodia មុនពេលដែលពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញខ្លួន ស្របពេលដែលអ្នកខ្លះថា គីមលាង ហាក់ស្ទាក់ស្ទើរចិត្តក្នុងការបង្ហាញឈុតប៊ីគីនី ព្រោះខ្លាចប៉ះពាល់ដល់តួនាទីនាងបច្ចុប្បន្នជាគ្រូបង្រៀនរបាំបុរាណ និងរបាំព្រះរាជទ្រព្យ នៅសាលាមធ្យមវិចិត្រសិល្បៈ ។ ប៉ុន្ដែលោកឆូយ បដិសេធថា គីមលាង មិនខ្លាចឈុតប៊ីគីនីទេ ព្រោះអាចថតជាក្រុមបានដូចបវរកញ្ញាដ៏ទៃទៀតដែរ ។

មហាជនរង់ចាំមើលថា តើពេជ្រ វត្តីសារ៉ាវឌ្ឍី ឬសុខគា គីមលាង ដែលប្រាសាទ ដាវីន នឹងប្រគល់មកុដ ឲ្យធ្វើជាតំណាងកម្ពុជា ទៅប្រកួត Miss Universe នៅប្រទេសឥណ្ឌា នាពេលខាងមុខ ?…៕
