Wednesday, August 20, 2025
Homeនយោបាយយន្តហោះ F-16  សម រង្ស៊ី ថា១ឆ្នាំ កម្ពុជា អាចទិញបាន ២៩២គ្រឿង

យន្តហោះ F-16  សម រង្ស៊ី ថា១ឆ្នាំ កម្ពុជា អាចទិញបាន ២៩២គ្រឿង

ភ្នំពេញ ៖ លោក សម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ ដែលកំពុងរស់និរទសនៅប្រទេសបារាំង បានលើកឡើងថា កម្ពុជា អាចទិញយន្តហោះចម្បាំង F-16 បានប្រហែល ២៩២គ្រឿង ក្នុង ១ឆ្នាំ  បើគិតតែទៅលើចំណូល ១៩ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ពីពួកឧក្រិដ្ឋជននៅកម្ពុជា ប្រសិនបើកម្ពុជា រឹបអូសលុយទាំងនេះបានពីពួកឧក្រិដ្ឋជន។

 លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “$19ពាន់លាន/ឆ្នាំ គឺជាចំណូលពួកឧក្រិដ្ឋជននៅកម្ពុជា។ F-16 (ថ្មី $65M) $19B/$65M អាចទិញF-16 បានប្រហែល 292 គ្រឿង“ ។

លោក សម រង្ស៊ី បានសរសេរបន្ថែម នៅក្នុងខម្មិនថា “$19ពាន់លាន ក្នុងមួយឆ្នាំ គឺជាចំណូលពួកឧក្រិដ្ឋជននៅកម្ពុជា។ F-16 ថ្មី មួយ តម្លៃ $65M  $19B/$65M បើយើងរឹបអូសលុយនេះពីពួកឧក្រិដ្ឋជននៅកម្ពុជា យើងអាចទិញ F-16 បានប្រហែល 292គ្រឿង។ កាលពីថ្ងៃ 18 ឧសភា ឆ្នាំ2025 : វិទ្យុ ABC Australia ចេញផ្សាយរឿងឧក្រិដ្ឋកម្មអនឡាញ (Cybercrime) នៅកម្ពុជា មានឯកសារ 73ទំព័រ ស្រាវជ្រាវដោយវិទ្យា ស្ថាន Humanity Research Consultancy នៅសហរដ្ឋអាមេរិក មានឈ្មោះត្រកូលហ៊ុន និងពួកឧកញ៉ា ជាច្រើន។ ថ្នាក់ដឹកនាំមួយចំនួនធំ របស់គណបក្សប្រជាជន គឺជាអ្នកកាងការពារបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមអំណាច ប្រមូលលុយពីឧក្រិដ្ឋកម្ម ប្រមាណពី ១២,៥ពាន់លាន ទៅ ១៩ពាន់លានដុល្លារ នៅក្នុងមួយឆ្នាំៗ“ ។

 បន្ថែមលើការលើកឡើងតាមបណ្ដាញសង្គម របស់លោកសម រង្ស៊ី ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំ ណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ថា បើសិនជាយកលុយពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ក្នុង១ឆ្នាំ មកទិញ F-16 ពិតជាបាន ២៩២គ្រឿង ដើម្បីការពារជាតិ ប៉ុន្តែមេដឹកនាំកម្ពុជា បែរជាយកមកពង្រឹងអំណាចបក្ស ពង្រឹងត្រកូលហ៊ុន ដើម្បីកាន់អំណាចតទៅទៀត ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ត្រឹមត្រូវហើយ បើសិនជាយកលុយពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ១ឆ្នាំហ្នឹង យកមកទិញ F-16 ហ្នឹងបាន ២៩២គ្រឿង ដើម្បីការពារទឹកដី ប្រឆាំងជាមួយការឈ្លានពានរបស់ថៃ ជាមួយប្រទេសជិតខាង ជាដើម ។ ក៏ប៉ុន្តែលុយដែលបានពីបទឧក្រិដ្ឋអនឡាញហ្នឹង បែរជាមេដឹកនាំកម្ពុជា ហ្នឹង យកមកពង្រឹងអំណាច មកពង្រឹងបក្ស មកពង្រឹងត្រកូលហ៊ុន ហ្នឹង ដើម្បីកាន់អំណាចតទៅទៀត មិនយកទិញយន្តហោះ F-16 ដើម្បីការពារជាតិនោះទេ សុខចិត្តការពារអំណាច ជាជាងការពារជាតិ“ ។

 គួរបញ្ជាក់ថា ការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ បានធ្វើឡើងក្រោយពីគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចអាមេរិក-ចិន រកឃើញថា ប្រទេសកម្ពុជា បានជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់របស់ក្រុមឧក្រិដ្ឋជនជនជាតិចិន ដូចប្រទេសថៃ ភូមា ឡាវ និងប្រទេសវៀតណាម ដែរ។

គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខសហរដ្ឋអាមេរិក-ចិន (The U.S.-China Economic and Security Review Commission – USCC) បានចេញរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ថា ប្រតិបត្តិការបោកប្រាស់នៅកម្ពុជា កំពុងផ្ទុះឡើង គួរឱ្យកត់សម្គាល់ ខណៈយុទ្ធនាការបង្ក្រាបអំពើ បោកប្រាស់ទាំងនោះម្តងម្កាល គឺដើម្បីកាត់បន្ថយសម្ពាធអន្តរជាតិប៉ុណ្ណោះ។ គណៈកម្មការនេះ អះអាងថា កម្ពុជា ឡាវ ថៃ និងភូមា ត្រូវបានរកឃើញថា ជាចំណុចកណ្ដាលនៃមជ្ឈមណ្ឌលបោកប្រាស់ ក្នុងនោះ តារាសម្ដែងជនជាតិចិនម្នាក់ឈ្មោះ Wang Xing ក៏ត្រូវបានឃើញថា ត្រូវគេចាប់ពង្រាត់នៅក្នុងប្រទេសថៃ និងជួញដូរចូលទៅក្នុងមជ្ឈមណ្ឌលឆបោកមួយនៅក្នុងប្រទេសភូមា កាលពីពេលថ្មីៗនេះដែរ។

របាយការណ៍គណៈកម្មការនេះ បង្ហាញថា មជ្ឈមណ្ឌលបោកប្រាស់នៅអាស៊ីអាគ្នេយ៍កំពុងពង្រីកធំឡើងៗដែលមិនធ្លាប់មានពីមុនមក ទោះមានយុទ្ធនាការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ដ្បិតក្រុមឧក្រិដ្ឋជនធ្វើការលឿន និងរហ័សជាងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់សកម្មភាពរបស់ពួកគេ។ គណៈកម្មការនេះ បញ្ជាក់ថា ជនជាតិអាមេរិកបច្ចុប្បន្ននេះ បានក្លាយជាគោលដៅខ្ពស់បំផុតរបស់ឧក្រិដ្ឋជនជនជាតិចិន ដែលកំពុងប្រតិបត្តិការមជ្ឈមណ្ឌលបោកប្រាស់នៅអាស៊ីអាគ្នេយ៍ ក្នុងនោះគេបានរកឃើញថា ជនជាតិអាមេរិកបានបាត់បង់ទឹកប្រាក់ប្រមាណជា ៥ពាន់លានដុល្លារអាមេរិក ទៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ទាំងនោះ កាលពីឆ្នាំ២០២៤ កន្លងទៅ។

ទោះបីយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រកាសយុទ្ធនាការបង្ក្រាបឧក្រិដ្ឋជនឆបោកនៅទូទាំងប្រទេស នាពេលនេះ ដោយលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ជនសង្ស័យ និងអ្នកពាក់ព័ន្ធជាង ៣ពាន់នាក់ (៣០៧៥នាក់) ហើយ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ (online scam) ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន ជាង ១ពាន់នាក់ (១០២៨នាក់) ជនជាតិវៀតណាម ជិត ៧០០នាក់ (៦៩៣នាក់) ជនជាតិឥណ្ឌូនេស៊ី ជាង ៣០០នាក់ (៣៦៦នាក់) ជនជាតិឥណ្ឌា ជាង ១០០នាក់ (១០៥នាក់) ជនជាតិបង់ក្លាដែស ជាង ១០០នាក់ (១០១នាក់) និងមានជនជាតិជាច្រើនផ្សេងទៀតផងដែរ ។

 កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមហេតុផលថា កម្ពុជា កំពុងត្រូវបានក្រុមឧក្រិដ្ឋជន ជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលនេះ។ សម្ដេចនាយករដ្ឋមន្រ្តី បានព្រមានថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនអនុវត្តតាមបទបញ្ជានេះ ត្រូវប្រឈមនឹងការផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង ដោយគ្មានការលើកលែងដាច់ខាត ៕ កុលបុត្រ

RELATED ARTICLES