
ភ្នំពេញ ៖ អ្នកវិភាគ និងអ្នកឃ្លាំមើល បានលើកឡើងថា កម្ពុជា ត្រូវតែចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីត្រៀមខ្លួនធ្វើសង្រ្គាមរយៈពេលវែង ប្រឆាំងនឹងថៃ ដែលនៅតែបន្តឈ្លានពានដែនអធិបតេយ្យកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀង បទឈប់បាញ់ ខណៈដែលពួកយោធាថៃ ក្តោបអំណាចសម្រេចចិត្តតាមទំនើង មិនគោរពកិច្ចព្រមព្រៀងរដ្ឋាភិបាលស៊ីវិល ហើយបើទោះបីជាគ្មានសង្រ្គាម ជាថ្មី ក៏កម្ពុជា ត្រូវតែចាប់ផ្តើមអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលសំខាន់ណាស់សម្រាប់វិស័យការពារជាតិ ដើម្បីត្រៀមលក្ខណៈសម្រាប់ករណីចាំបាច់ណាមួយ ក្នុងការប្រមូលកម្លាំងការពារជាតិ ការពារទឹកដី ។
លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវសង្គម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ទោះបីយោធាថៃ មិនបានធ្វើរដ្ឋប្រហារ ក៏ដោយ តែពួកគេ ក្តោបក្តាប់អំណាចក្នុងការសម្រេចចិត្ត ស្ទើរតែទាំងស្រុងទៅហើយ។ ដូច្នេះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលស៊ីវិល ពួកយោធាថៃ មិនគោរពទេ។ កម្ពុជា ត្រូវត្រៀមខ្លួនធ្វើសង្គ្រាមរយៈពេលវែង ជាមួយថៃ ហើយកាតព្វកិច្ចកងទ័ព និងការបញ្ជាទិញសព្វាវុធទំនើប គួរចាប់ផ្តើមឲ្យឆាប់បំផុត ដែលអាចធ្វើទៅបាន“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត សេង សារី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែងាកមកការប្រើប្រាស់យន្តការអន្តរជាតិ ជាជាងការប្រើប្រាស់ការតតាំងតាមកម្លាំងប្រដាប់អាវុធ ជាជម្រើសល្អមួយ ដែលអាចរក្សានូវការមិនប៉ះទង្គិចគ្នា ប៉ុន្តែដូចយើងបានដឹងហើយថា នយោបាយថៃ គឺជាប្រភេទនយោបាយ «ពស់មួយ ក្បាលពីរ» អត់ស្ដាប់គ្នា រដ្ឋាភិបាលស៊ីវិលអត់មានអំណាចនៅក្នុងការសម្រេច ដើម្បីដោះស្រាយបញ្ហាវិវាទរវាងប្រទេសជិតខាង ឯកងទ័ពថៃ សម្រេចចិត្តដោយខ្លួនឯង ។ ដូច្នេះហើយទើបលោកធ្វើការសន្និដ្ឋានថា សង្រ្គាមកម្ពុជា-ថៃ នេះ ជាសង្រ្គាមរយៈពេលវែង ដែលរដ្ឋាភិបាល គួរធ្វើទំនើបកម្មវិស័យយោធា តាមរយៈការទិញនូវសម្ភារៈសព្វាវុធទំនើបមួយចំនួន ដើម្បីអាចការពារខ្លួនបាន និងពង្រឹងសមត្ថភាពធនធានយោធាផង សម្រាប់ត្រៀមលក្ខណៈនៅពេលដែលស្រុកទេសត្រូវការ ។
លោកបណ្ឌិត សេង សារី បានមានប្រសាសន៍ថា “ដូចខ្ញុំបានលើកឡើងអ៊ីចឹងថា សម្រាប់សង្រ្គាមរវាងថៃ និងកម្ពុជា នេះ វានឹងក្លាយទៅជាសង្រ្គាមរយៈពេលវែង ដោយសារកត្តាមួយចំនួន ។ កត្តាទី១ គឺជាប្រទេសដែលធ្លាប់មានវិវាទជាមួយគ្នា ជាលក្ខណៈប្រវត្តិសាស្រ្ត ថៃ និងកម្ពុជា មិនមែនទើបតែឈ្លោះគ្នានៅក្នុងឆ្នាំ២០២៥ នេះទេ យើងមានប្រវត្តិវិវាទជាមួយគ្នា ជាពិសេសនៅក្នុងសម័យទំនើបហ្នឹង យើងចាប់ផ្ដើមតាំងពីឆ្នាំ១៩៦២ ។ ក៏ប៉ុន្តែទន្ទឹមពេលហ្នឹង ក្នុងប្រវត្តិសាស្រ្ត ក្រោយសង្គមរាស្រ្តនិយម សម័យបារាំង រហូតទៅដល់សម័យក្រោយអង្គរ ហ្នឹងគឺយើងធ្លាប់មានវិវាទជាមួយគ្នាដែរ ជាប្រវត្តិសាស្រ្ត ជាបងប្អូនផង ជាសត្រូវផង ស្រលាញ់ផង ស្អប់ផង វាកើតមកទន្ទឹមគ្នាហ្នឹង ។ ក៏ប៉ុន្តែសម្រាប់ពេលនេះ យើងឃើញថា អ្វីដែលជាគំនិតខ្ញុំ ដែលថារដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមខ្លួនជាមួយនឹងសង្រ្គាមរយៈពេលវែងនេះ ដោយសារអី? ដោយសារសង្រ្គាម វារាលដាល វាមិនមែនរាលដាលគ្រាន់តែសង្រ្គាមនៅតាមព្រំដែនទេ ឥឡូវនេះ វារាលដាលកម្រិតសង្រ្គាមពាណិជ្ជកម្ម វារាលដាលទៅដល់កម្រិតសង្រ្គាមរវាងគ្រួសារថ្នាក់ដឹកនាំ វាជាសង្រ្គាមរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ។ ឥឡូវនេះ វាកំពុងតែរាលទៅជាសង្រ្គាមរវាងប្រជាជន និងប្រជាជន“ ។

លោកបណ្ឌិត សេង សារី បានមានប្រសាសន៍បន្តថា “ដូច្នេះសម្រាប់ខ្ញុំ នៅពេលដែលសង្រ្គាមវារីករាលដាលរបៀបនេះ ការផ្សះផ្សា ការកកើតនូវការទំនាក់ទំនងល្អរវាងភាពជាអ្នកជិតខាងនឹងគ្នាហ្នឹង ត្រូវការពេលវេលា ។ កសាងទំនាក់ទំនងទ្វេភាគីមក បួនដប់ម្ភៃឆ្នាំ យើងមានបញ្ហាម្ដង គឺខ្ទេចអស់តែម្ដង ហើយខ្ទេចហ្នឹង យើងត្រូវការកសាងទៀតហើយ។ ប៉ុន្តែឥឡូវនេះ យើងឃើញថា វារាលដាលដល់កម្រិតប៉ុណ្ណេះហើយ យើងត្រូវការពេល ខ្ញុំថាមិនតិចជាង២០ទៅ៣០ឆ្នាំទៀតទេ ហើយមុនពេលនឹងមានការផ្សះផ្សា មុនពេលនឹងមានការកសាងនូវចំណងមិត្តភាពរវាងអ្នកជិតខាង និងអ្នកជិតខាងឡើងវិញហ្នឹង វាប្រាកដជានឹងមានបញ្ហាមួយចំនួនកើតឡើងបន្តទៅទៀត ហើយឥឡូវនេះយើងឃើញថា ការវាតទី ការរំលោភបំពាននូវបូរណភាពទឹកដីកម្ពុជា ហ្នឹង វាត្រូវការនីតិវិធី ។ ឥឡូវនេះយើងឃើញថា រដ្ឋាភិបាលកម្ពុជា កំពុងតែងាកមកប្រើប្រាស់យន្តការសន្តិវិធី ដោយប្រើប្រាស់យន្តការអន្តរជាតិ ជាជាងការប្រើប្រាស់ការតតាំងតាមកម្លាំងប្រដាប់អាវុធ ។ ខ្ញុំគិតថា វាជាជម្រើសល្អ វាជាជម្រើសមួយដែលអាចរក្សានូវការមិនប៉ះទង្គិចគ្នា ខណៈដែលនយោបាយផ្ទៃក្នុងរបស់ថៃ កំពុងមានបញ្ហា ដូចយើងបានដឹងហើយថា នយោបាយថៃ គឺជាប្រភេទនយោបាយ «ពស់មួយ ក្បាលពីរ» ។ អ៊ីចឹងហើយ វាអត់ស្ដាប់គ្នាទេ រដ្ឋាភិបាលស៊ីវិល អត់មានអំណាចនៅក្នុងការសម្រេច ដើម្បីដោះស្រាយបញ្ហាវិវាទរវាងប្រទេសជិតខាង ឯកងទ័ព គឺសម្រេចចិត្តដោយខ្លួនឯង ហើយយើងដឹងហើយថា កងទ័ព ក្រៅតែពីច្បាំង អត់មានចេះអីទេ ច្បាំងដើម្បីរក្សាអំណាច“ ។
លោកបណ្ឌិត សេង សារី បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ បើសិនជាបណ្ដោយឲ្យកងទ័ព ដោះស្រាយបញ្ហារឿងព្រំដែនហ្នឹង វាគ្មានអីក្រៅពីច្បាំងទេ ហើយឥឡូវនេះ អំណាចនៅលើកងទ័ពថៃ ។ ដូច្នេះចម្បាំង ឬក៏ការប៉ះទង្គិចហ្នឹង គឺវានឹងកើតមានបន្តទៀត បើសិនជាកម្ពុជា ប្រើប្រាស់កម្លាំងតដៃ។ អ៊ីចឹងហើយ ខ្ញុំគិតថា ក្រៅពីដោះស្រាយបញ្ហាដោយសន្តិវិធី ដោយយន្តការអន្តរជាតិ យន្តការតំបន់ យន្តការទ្វេភាគីហើយ ការត្រៀមខ្លួនដើម្បីទប់នូវអ្វីដែលជាការឈ្លានពានបែបបំពាន ដែលមានចរិតជាថៅកែសង្រ្គាម របស់កងទ័ពថៃ ហ្នឹងក៏យើងត្រូវត្រៀមកម្លាំងនៅក្នុងការទប់ដែរ ។ ដូច្នេះហើយ បានខ្ញុំធ្វើការសន្និដ្ឋានថា សង្រ្គាមកម្ពុជា-ថៃ នេះ ជាសង្រ្គាមរយៈពេលវែង ដែលរដ្ឋាភិបាល គួរតែ ៖ ទី១ ធ្វើទំនើបកម្មវិស័យយោធា តាមរយៈការទិញនូវសម្ភារៈសព្វាវុធអីទំនើបមួយចំនួន ដើម្បីអាចការពារខ្លួនបាន ។ ទី២ ពង្រឹងសមត្ថភាពពលរដ្ឋ ដើម្បីឲ្យពួកគាត់មានសមត្ថភាពធ្វើជាពលរដ្ឋផង នៅពេលដែលស្រុកទេសត្រូវការ ធ្វើជាកងទ័ពផង នៅពេលដែលស្រុកទេសឯករាជ្យ ពលរដ្ឋរកស៊ីប្រកបរបរចិញ្ចឹមជីវិត ជាជនស៊ីវិល ប៉ុន្តែបើសិនជាក្នុងករណីប្រទេសជាតិ ត្រូវការ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ គឺគាត់មានបទពិសោធន៍ គាត់ទទួលបានការអប់រំ ដោយឆ្លងកាត់តាមរយៈកម្មវិធីកាតព្វកិច្ចកងទ័ព របស់រដ្ឋាភិបាល នេះឯង“ ។
ស្រដៀងគ្នានេះដែរ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ថា ការចាប់ផ្តើមអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ មិនមែនចាំបាច់តែក្នុងករណីត្រៀមខ្លួនធ្វើសង្រ្គាមជាមួយថៃ ទាំងស្រុងនោះទេ ទោះបីប្រទេសយើងគ្មានសង្រ្គាម ក៏ត្រូវតែបំពេញដែរ ដើម្បីពង្រឹងវិស័យការពារជាតិ ងាយស្រួលក្នុងករណីចាំបាច់ណាមួយ អាចក្រោកឈរឡើងការពារជាតិ ការពារទឹកដីរបស់ខ្លួនបាន ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ខ្ញុំយល់ថា មិនចាំបាច់តែក្នុងករណីត្រៀមខ្លួនធ្វើសង្រ្គាមជាមួយថៃ ទាំងស្រុងទេ កាតព្វកិច្ចយោធានេះ ទោះបីប្រទេសយើងគ្មានសង្រ្គាម ក៏ត្រូវតែបំពេញដែរ ពលរដ្ឋខ្មែរ មានករណីកិច្ចយោធា ក្រោយអាយុ១៨ឆ្នាំ ត្រូវទៅហាត់ទាហាន ក្នុងរយៈពេល ១ឆ្នាំកន្លះ ទៅ២ឆ្នាំ ឬច្រើនជាងនេះ ដើម្បីបំប៉នស្មារតីជាតិផង ដើម្បីឲ្យមានចំណេះដឹងខាងការពារជាតិផង ត្រូវឲ្យមានចំណេះដឹងខាងថែរក្សាសុខភាពរាងកាយផង អាហ្នឹងអ៊ីចឹង វាមានច្រើនយ៉ាងអ៊ីចឹង ហើយជាពិសេសនេះ នៅពេលដែលមានសង្រ្គាមរាំងជលជាមួយបរទេសជិតខាងអ៊ីចឹង ប្រជាពលរដ្ឋខ្មែរ ដែលមានចំណេះជំនាញខាងយោធា ក្នុងខ្លួនហើយ ងាយស្រួលក្នុងការហៅគាត់វិលត្រឡប់មកចូលជួរកងទ័ព ដើម្បីប្រឆាំងជាមួយបរទេស ដូចគ្នាអ៊ីចឹងដែរ មិនតែចំពោះជាមួយសៀម ឬជាមួយវៀតណាម ទេ អ្នកណាក៏ដោយ ឲ្យតែប៉ះពាល់បូរណភាពទឹកដីកម្ពុជា គឺកម្ពុជា អាចប្រើសិទ្ធិការពារខ្លួន ។ វាសំខាន់ មិនប្រាកដថា ត្រូវតែមានសង្រ្គាមជាមួយថៃ ទេ ដូចបញ្ជាក់មិញអ៊ីចឹងថា ទោះបីគ្មានសង្រ្គាមជាមួយថៃ ក៏ដោយ ឬប្រទេសយើងមានសុខសន្តិភាព មិនមានចម្បាំងរាំងជលជាមួយបរទេសជិតខាងក៏ដោយ ក៏ពលរដ្ឋខ្មែរ នៅតែមានតួនាទីមួយ បំពេញកាតព្វកិច្ចរបស់ខ្លួន រដ្ឋាភិបាលត្រូវអនុវត្តអាហ្នឹងឲ្យបាន“ ។
លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “នៅពេលដែលបងប្អូនយើងទៅរៀនចំណេះជំនាញខាងយោធា រយៈពេល ១ឆ្នាំកន្លះ ទៅ២ឆ្នាំ ឬច្រើនជាងហ្នឹងបានហើយ គាត់ត្រលប់មកផ្ទះវិញ គាត់មកធ្វើការបម្រើជីវភាពប្រចាំថ្ងៃ ជាអ្នកជំនួញ អ្នករកស៊ី អ្នករាជការ ឬក៏គាត់ជាមន្រ្តីយោធាអីក្នុងស្ថាប័នជាតិ ក៏បាន អាហ្នឹងមានជាទាស់ខុសអី សិទ្ធិសេរីភាពរបស់គាត់ ប៉ុន្តែចាំបាច់ត្រូវតែមានចំណេះជំនាញខាងវិស័យការពារជាតិនោះក្នុងខ្លួន អាហ្នឹងវាសំខាន់ ។ ដូច្នេះក្នុងករណីយោធានេះ ខ្ញុំមានគំនិតហ្នឹងយូរដែរហើយ ហើយខ្ញុំឃើញប្រទេសគេជិតខាង ស្រុកខ្ញុំនៅ ខាងអឺរ៉ុបនេះ ក៏គេអនុវត្តកាតព្វកិច្ចហ្នឹងដែរ មិនថាប្រទេសន័រវេយ៍ ឬប្រទេសស៊ុយអែដ ឬប្រទេសហ្វាំងឡង់ អីទេ គឺគេតម្រូវឲ្យពលរដ្ឋគេទាំងអស់ ទាំងពីរភេទហ្នឹង ក្រោយអាយុ១៨ឆ្នាំ គេមានករណីកិច្ចឲ្យពលរដ្ឋគេ ទៅបម្រើយោធា ក្នុងរយៈពេល១ឆ្នាំកន្លះ ពីរឆ្នាំ ទៅបីឆ្នាំ ឬច្រើនជាងហ្នឹងអីអ៊ីចឹង អ្នកខ្លះទៅក៏ពេញចិត្តរៀនមុខជំនាញខាងកងទ័ពហ្នឹង ក៏គាត់ស្ម័គ្រចិត្តចូលបម្រើទ័ពអ៊ីចឹងទៅ ហើយអ្នកខ្លះទៀតចង់ដែរ តែសុខភាពមិនអំណោយផល ឬក៏អីអ៊ីចឹង គេក៏មិនឲ្យចូលបម្រើជួរកងទ័ពអ៊ីចឹងទៅ គាត់មកធ្វើការងារជាពលរដ្ឋធម្មតា ដូចអ្នកដទៃទៀតអ៊ីចឹងទៅ អាហ្នឹងវាអ៊ីចឹង ។ ប៉ុន្តែក្នុងអត្ថន័យខាងលើ ខ្ញុំបានបញ្ជាក់ជូនហើយថា ក្នុងករណីយកិច្ចកងទ័ពនេះ មិនចំពោះតែប្រទេសយើងមានសង្រ្គាមជាមួយសៀមទេ ទោះបីប្រទេសយើងមានសន្តិភាព គួរណាស់តែមានករណីកិច្ចយោធា ចាប់ពីឆ្នាំ២០២៦ តទៅហ្នឹង ធ្វើឲ្យបានទៅ សំខាន់ណាស់អាហ្នឹង វិស័យការពារជាតិ នៅពេលដែលពលរដ្ឋយើងមានកម្លាំងកំហែង មានចំណេះជំនាញខាងវិស័យការពារជាតិហើយ គឺយើងងាយស្រួលក្នុងករណីចាំបាច់ណាមួយ ពលរដ្ឋខ្មែរយើង អាចក្រោកឈរឡើងការពារជាតិ ការពារទឹកដីរបស់ខ្លួនបាន“ ។
គួរបញ្ជាក់ថា មាត្រា២ នៃច្បាប់ស្តីពីកាតព្វកិច្ច បានចែងថា ប្រជាពលរដ្ឋខ្មែរ គ្រប់រូបទាំងពីរភេទ ដែលមានអាយុពី ១៨ ដល់ ៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់។ ប៉ុន្តែការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរ ជាស្ត្រីភេទគ្រប់រូប ត្រូវផ្អែកតាមការស្ម័គ្រចិត្ត។ ចំពោះការបំពេញកាតព្វកិច្ចយោធា គឺមានកំណត់ពេល ១៨ខែ គិតចាប់ពីថ្ងៃចូលបំពេញកាតព្វកិច្ច ៕ កុលបុត្រ