ភ្នំពេញ ៖ ដូចការសន្និដ្ឋាន ស្រីស្រស់ធ្មេញច្រពើស រ៉េត ស៊ូហ្សាណា ត្រូវបានថៅកែផលិតកម្មបារមី ពេញចិត្តខ្លាំង ពេលនេះនាងចង់ចេញបទអ្វីថ្មីៗ លោកស្រី ឡូរ៉ា ម៉ម យល់ព្រមទាំងអស់ ទាំងបទសម័យ និងបទទាក់ទងសង្គម ។ ជាក់ស្ដែងថ្មីៗនេះ ស៊ូហ្សាណា បានយកអំណោយទៅចែកជូនកងទ័ព នៅជូរមុខ និងពលរដ្ឋភៀស សឹក តាមតំបន់ព្រំដែន ហើយនាងបានជួបស្រី្ដម្នាក់ ជាភរិយាយោធា ដែលកងទ័ពសៀម ចាប់ប្ដីទៅ ក្នុងចំ ណោមកងទ័ព ទាំង២០នាក់ នោះហ្សាណា ក្រោយពីស្ដាប់សាច់រឿងចប់ នាងបានសរសរចម្រៀង មួយបទ «Come Back Home» បានភ្លាម ដែលសាច់រឿងចង់សំដៅដល់ការទន្ទឹងមើលផ្លូវប្ដី ត្រឡប់មកផ្ទះវិញរបស់ភរិយាកងទ័ពដែលត្រូវទាហានសៀម ចាប់ប្ដីយកទៅឃុំឃាំង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមតារាប្រុសទាំងអស់របស់បារមី ហ្សាណា នៅតែជ្រើសយកលោកយូហៃ ជាដៃគូដដែល ពោលគឺនាងទុកចិត្តបុរសរូបនេះជាងតារាប្រុសផ្សេងទៀត បើទោះជា Fan ចង់ឃើញនាងច្រៀងជាដៃគូជាមួយលោកវណ្ណដា ក្ដី ។ មិនត្រឹមតែបង្ហើរសំនៀងរួមគ្នាទេ ប៉ុន្ដែស្រីស្រស់ហ្សាណា ក៏បង្ហាញភាពស្និទ្ធ ស្នាលជាមួយលោកយូហៃ ទាំងក្នុងនិងក្រៅឆាកផងដែរ ដោយគ្មានព័ត៌មានថាម្ដាយនាងហាមឃាត់ឬហួង ហែងខ្លាំងដូចកាលច្រៀងនៅហង្សមាស ឡើយ ។

សូមបញ្ជាក់ថា រ៉េត ស៊ូហ្សាណា ធ្លាប់មានដៃគូ ៣នាក់ អំឡុងច្រៀងនៅហង្សមាស ជិត១០ឆ្នាំ នោះគឺ លោកដួង វីរៈសុទ្ធ, សុវត្ថិ មុនីនាគ និងលីម តិចម៉េង តែដៃគូដែលយល់ចិត្តហ្សាណា មានតែកូនប្រុសតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ គឺមុនីនាគ ម្នាក់ប៉ុណ្ណោះ រហូតដល់ត្រូវសង្ស័យថា ពួកគេជាគូសង្សារទៀតផង ។ ប៉ុន្ដែគួរឲ្យស្ដាយ នៅឆ្នាំ២០២២ ទំនាក់ទំនងរបស់ពួកគេ ត្រូវកាត់ផ្ដាច់ទាំងស្រុង ក្រោយពីលោកស្រី ឡុង ស្រីមុំ ភរិយាលោកព្រាប សុវត្ថិ ប្រកាសថា កូនប្រុសទី២ របស់លោកស្រី គ្មានទំនាក់ទំនងស្នេហាជាមួយស៊ូហ្សាណា ឡើយ ។ ហ្សាណា ឯកោខ្លាំងជាង ២ឆ្នាំ ក្រោយបាត់ដៃគូពិសេស តែពេលនេះ នាងរកបានដៃគូយល់ចិត្តជាថ្មីហើយ នោះគឺលោកយូហៃ ដែលនាងកំពុងតែទុកចិត្តជាងគេ ។

អ្នកជំនាញសិល្បៈ បានលើកឡើងថា រ៉េត ស៊ូហ្សាណា ទោះជាពេលនេះមិនសូវលេចធ្លោខ្លាំងដូចមុន ប៉ុន្ដែអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ រូបនេះ វិវឌ្ឍខ្លួនបានយ៉ាងល្អ នោះគឺចេញពីហង្សមាស មួយឆ្នាំសោះ នាងក្លាយជាអ្នកនិពន្ធ អ្នកដឹកនាំ MV ម្នាក់ទៅហើយ ។ ប៉ុន្ដែបើហ្សាណា បន្ដចាប់ដៃគូជាមួយលោកយូហៃ តែម្នាក់ មិនទាន់គ្រប់គ្រាន់ទេ គឺទីផ្សារចម្រៀងនាង អាចនឹងប្រែប្រួលខ្លាំង នៅពេលដែលនាងក្លាយទៅជាដៃគូកំពូលតារារ៉េប វណ្ណដា នាពេលខាងមុខ ។

គួរកត់សម្គាល់ថា រ៉េត ស៊ូហ្សាណា ក្នុងអាយុ២៥ឆ្នាំ នាងត្រូវបានចាត់ទុកជាតារាវ័យក្មេង មានទ្រព្យម្នាក់ ព្រោះមានលទ្ធភាពទិញផ្ទះ ២ល្វែង និងជិះរថយន្ដទំនើប និងមានអាជីវកម្មផ្ទាល់ខ្លួនទៀតផង ។ ប្រភពខ្លះថា ហ្សាណា បច្ចុប្បន្ននៅទ្រឹង មិនសូវលេចធ្លោដូចមុន តែក៏មិនធ្លាក់ចុះខ្លាំង ។ ប៉ុន្ដែប្រសិនបើនាងប្រឈមធ្លាក់កូដនោះ ថៅកែបារមី នឹងរុញនាងឲ្យទៅចាប់ដៃគូជាមួយវណ្ណដា មុនកំណត់ជាមិនខាន ៕


