Friday, August 22, 2025
Homeព័ត៌មានជាតិក្រសួងវប្បធម៌ ទទួលព្រះបដិមាចម្លង ព្រះពុទ្ធធ្វើទុក្ករកិរិយា ពីប៉ាគីស្ថាន

ក្រសួងវប្បធម៌ ទទួលព្រះបដិមាចម្លង ព្រះពុទ្ធធ្វើទុក្ករកិរិយា ពីប៉ាគីស្ថាន

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់-ទទួលរូបចម្លងនៃបដិមាព្រះពុទ្ធ ទ្រង់ធ្វើទុក្ករកិរិយា ពីរដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ិស្លាម ប៉ាគីស្ថាន តម្កល់នៅសារមន្ទីរជាតិកម្ពុជា។

ពិធីប្រគល់-ទទួលនេះ ក្រោមវត្តមានលោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកស្រីបណ្ឌិត ភឿង សកុណា បានថ្លែងដោយក្តីគោរព និងដឹងគុណយ៉ាង ជ្រាលជ្រៅ ក្នុងការថ្វាយបង្គំព្រះបដិមាពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋអ៊ិស្លាម ប៉ាគីស្ថាន តាមរយៈស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។ កាយវិការនេះមិនត្រឹមតែជាអំណោយនៃសិល្បៈ និងជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃចំណងដែលស្ថិតស្ថេរ ដែលភ្ជាប់ប្រជាជាតិទាំងពីររបស់យើង គឺកម្ពុជា និងប៉ាគីស្ថាន។

លោកស្រីរដ្ឋមន្ត្រី បន្តថា ការបង្ហាញព្រះបដិមាព្រះពុទ្ធនេះ នៅក្នុងប្រទេសកម្ពុជា គឺជាការរំលឹកពីមរតករួមរបស់យើងនៅក្នុងអរិយធម៌ដ៏អស្ចារ្យនៃអាស៊ី។ វាឈរជាស្ពានរវាងប្រជាជនយើង ដោយគោរពទាំងភាពសម្បូរបែបនៃប្រពៃណីព្រះពុទ្ធសាសនាខ្មែរ និងវប្បធម៌ព្រះពុទ្ធសាសនាដ៏រីកចម្រើន ដែលធ្លាប់បានរីកចម្រើននៅក្នុងតំបន់គន្ធាបុរាណ នៃប្រទេសប៉ាគីស្ថាន ដែលល្បីល្បាញថា ជាមជ្ឈមណ្ឌលសិល្បៈ និងការសិក្សាព្រះពុទ្ធសាសនា ដ៏អស្ចារ្យមួយរបស់ពិភពលោក។ ទង្វើនៃការផ្លាស់ប្តូរវប្បធម៌នេះ ឆ្លុះបញ្ចាំងពីស្មារតីពិតនៃទំនាក់ទំនងការទូត ដែលមិត្តភាពត្រូវបានចិញ្ចឹមមិនត្រឹមតែតាមរយៈកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការចែករំលែកតម្លៃវប្បធម៌ ប្រពៃណីខាងវិញ្ញាណ និងសេចក្តីប្រាថ្នារបស់មនុស្សផងដែរ។ កម្ពុជា វាយតម្លៃខ្ពស់ចំពោះមិត្តភាពរបស់ខ្លួនជាមួយប៉ាគីស្ថាន ដែលជាទំនាក់ទំនងពង្រឹងដោយចក្ខុវិស័យរួមរបស់យើង សម្រាប់សន្តិភាព វិបុលភាព និងការយោគយល់គ្នាទៅវិញទៅមក។

លោកស្រីបណ្ឌិត ភឿង សកុណា បានបញ្ជាក់ទៀតថា ក្នុងពេលដែលព្រះពុទ្ធប្បដិមានេះ រកឃើញគេហដ្ឋានរបស់ខ្លួនក្នុងប្រទេសកម្ពុជា សូមឱ្យធ្វើជានិមិត្តរូបនៃភាពសុខដុមរមនារវាងប្រជាជាតិយើងទាំងពីរ និងជាកម្លាំងចិត្តសម្រាប់ប្រជាជនយើង ក្នុងការដើរលើផ្លូវនៃកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងមិត្តភាពយូរអង្វែង។ ជាងនេះទៅទៀត សង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់នេះ នឹងនាំឱ្យមានការផ្លាស់ប្តូរវប្បធម៌ កាន់តែច្រើនរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការតាំងពិព័រណ៍បណ្តោះអាសន្ន ដើម្បីសម្រួលដល់ការ ចែករំលែកចំណេះដឹង និងការរៀនសូត្រគ្នាទៅវិញទៅមក។

ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រីរដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋា ភិបាលនិងស្ថានទូតនៃសាធារណរដ្ឋអ៊ិស្លាម ប៉ាគីស្ថាន ចំពោះកាយវិការដ៏ថ្លៃថ្នូរ និងសប្បុរសនេះ។ សូមឱ្យចំណងមិត្តភាពរវាងកម្ពុជា និងប៉ាគីស្ថាន បន្តរីកចម្រើនក្នុងស្មារតីសន្តិភាព ក្តីមេត្តា និងកិច្ចសហប្រតិបត្តិការ៕

RELATED ARTICLES