Wednesday, August 27, 2025
Homeព័ត៌មានជាតិខេត្តតាកែវ ហែក្បួនធម្មយាត្រាសន្ដិភាព ១ម៉ឺននាក់ ទាមទារឲ្យថៃ ដោះលែងកងទ័ព១៨នាក់

ខេត្តតាកែវ ហែក្បួនធម្មយាត្រាសន្ដិភាព ១ម៉ឺននាក់ ទាមទារឲ្យថៃ ដោះលែងកងទ័ព១៨នាក់

ខេត្តតាកែវ ៖ អាជ្ញាធរខេត្តតាកែវ គ្រោងនឹងរៀបចំហែក្បួនធម្មយាត្រា ដើម្បីសន្ដិភាព និងទាមទារឲ្យថៃ ដោះ លែងកងទ័ព ចំនួន១៨នាក់ ដែលសៀម បានចាប់ខ្លួន និងធ្វើពិធីបង្សុលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ព ដែលពលីនៅសមរភូមិមុខ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត ក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជា ពលរដ្ឋប្រមាណ១ម៉ឺននាក់ ។

នៅក្នុងកិច្ចប្រជុំស្ដីពីការត្រៀមរៀបធ្វើពិធីដង្ហែក្បួនធម្មយាត្រាដើម្បីសន្ដិភាពនេះ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានថ្លែងថា ក្បួនធម្មយាត្រានេះ នឹងចាប់ផ្ដើមរៀបចំដង្ហែនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ដោយចាប់ផ្ដើមដង្ហែពីសួនច្បារមាត់បឹងតាកែវ មកដល់រង្វង់មូលឯករាជ្យ និងបន្តដង្ហែជុំវិញក្រុងដូនកែវ ក្នុងគោលបំណងដើម្បីបង្ហាញពីឆន្ទះនិងគោលជំហរដ៏រឹងមាំរបស់ប្រជាពលរដ្ឋនៅខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលត្រូវការសន្ដិភាព និងទាមទារឲ្យភាគីថៃ គោរពអនុវត្តនូវបទឈប់បាញ់ បញ្ឈប់ទង្វើឈ្លានពានមកលើទឹកដីកម្ពុជា ជាពិសេសទាមទារឲ្យមានការដោះលែងកងទ័ពកម្ពុជា ចំនួន១៨នាក់ ដែលសៀមបានចាប់ទៅ ឲ្យមកកាន់មាតុភូមិវិញ។

ក្នុងឱកាសនោះដែរ លោក ស៊ុត ខុន បានណែនាំដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវរៀបចំពង្រឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អ តាមតម្រាយផ្លូវដែលបានកំណត់ ដើម្បីធ្វើយ៉ាងណាឲ្យការដង្ហែក្បួនធម្មយាត្រានេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយមិនមានបាតុភាពណាមួយកើតឡើង៕ ខៀវទុំ

RELATED ARTICLES