ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមរាជធានី-ខេត្ត បានបន្តជួបជុំធ្វើធម្មយាត្រាថ្មើជើង “ដើម្បីសន្តិភាព” ធ្វើឡើងក្នុងស្មារតីស្នេហាជាតិ ដើម្បីបង្ហាញពីបេះដូងខ្មែរតែមួយ ដែលស្រឡាញ់សន្តិភាព ស្រឡាញ់ជាតិមាតុភូមិ និងទឹកដីរបស់ខ្លួន ព្រមជាមួយគ្នានេះ ក៏ជាការបង្ហាញទៅកាន់សហ គមន៍អន្តរជាតិ ឱ្យបានដឹងថា ប្រជាជនកម្ពុជា ត្រូវការសន្តិភាព មិនត្រូវការសង្គ្រាម ការឈ្លានពាន ឬជម្លោះណាមួយឡើយ។

ដំណើរធម្មយាត្រាសន្តិភាព ជាបន្តបន្ទាប់នេះ ក៏ដើម្បីទាមទារឲ្យភាគីថៃ បញ្ឈប់ការបង្កហេតុឈ្លានពានកម្ពុជា គោរពនិងអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងត្រូវតែដោះលែងកងទ័ពកម្ពុជា ទាំង១៨នាក់ ដែលទា ហានថៃ បានចាប់យកទៅ ក្រោយមានបទឈប់បាញ់នោះ ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ។

ជាក់ស្តែង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ខេត្តព្រៃវែង បានរៀបចំធម្មយាត្រាដើម្បីសន្តិភាព ដោយមានការនិមន្តចូលរួម និងអញ្ជើញចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃ នៃស្រុកព្រះស្ដេច ព្រះថេរានុត្ថេរ:មកពីបណ្ដារវត្តទាំង៥១ ក្នុងស្រុក មន្ត្រីរាជការរដ្ឋបាលស្រុក រដ្ឋបាលឃុំទាំង១១ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំង ៣វិទ្យា ល័យ ក្រុមយុវជនកាកបាទក្រហមស្រុក យុវជន ស.ស.យ.ក ស្រុក យុវជនកាយរឹទ្ធិស្រុក និងប្រជាពលរដ្ឋ សរុបចំនួន ២៥១៦អង្គ/នាក់។

ចំណែកនៅខេត្តកោះកុង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នោះដែរ ក៏មានធម្មយាត្រាថ្មើរជើងដើម្បីសន្តិភាព និងបង្សុកូលជូនវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ២ម៉ឺននាក់ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ដោយឡែក នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ មានព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី យ៉ាងច្រើនកុះករ បាននិមន្ត និងដើរដង្ហែក្បួនតាមបណ្ដាផ្លូវ នៅក្រុងសៀមរាប ដើម្បីអំពាវនាវដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក និងលោកស្រីទី១ មេឡានៀ ត្រាំ អន្តរាគមន៍ជំរុញរដ្ឋាភិបាលថៃ ឱ្យដោះលែងកងទ័ពកម្ពុជា ចំនួន១៨រូប ដែលទាហានថៃ បានចាប់ខ្លួន ក្រោយបទឈប់បាញ់ ឱ្យពួកគាត់ត្រឡប់មកផ្ទះសម្បែង ជួបជុំក្រុមគ្រួសារវិញ។

ដូចគ្នានេះដែរ នៅខេត្តព្រះវិហារ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ មកពីគ្រប់ទិសទី យ៉ាងច្រើនកុះករ បាននិមន្ត និងដើរព្យុះហយាត្រា “ដើម្បីសន្តិភាព” បង្ហាញពីបេះដូងខ្មែរតែមួយ ដែលស្រឡាញ់សន្តិភាព ស្រឡាញ់ជាតិមាតុភូមិ និងទឹកដីរបស់ខ្លួន ព្រមទាំងបង្ហាញទៅ កាន់សហគមន៍អន្តរជាតិ ឱ្យបានដឹងថា ប្រជាជនកម្ពុជា ត្រូវការសុខសន្តិភាព មិនត្រូវការសង្គ្រាមឡើយ។

ប្រជាជនខ្មែរ ទាំងអស់ សូមអំពាវនាវ និងទាមទារឱ្យថៃ ដោះលែងវីរយុទ្ធជនទាំង ១៨រូប ដែលត្រូវបានទាហានសៀម ចាប់ខ្លួនខុសច្បាប់ ក្រោយបទឈប់បាញ់នោះ ឱ្យវីរយុទ្ធជនទាំងនោះបានវិលត្រឡប់មកកម្ពុជា វិញ និងសូមឱ្យភាគីថៃ បញ្ឈប់ការឈ្លានពានកម្ពុជា គោរពនិងអនុវត្តបទឈប់បាញ់ ឲ្យបានពេញលេញ ដើម្បីឲ្យមានប្រក្រតីភាពឡើងវិញនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ។

ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានាធិបតី ដូ ណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ដែលបានជួយឲ្យមានសន្តិភាពរវាងកម្ពុជា និងថៃ និងអរគុណលោកអាន់ វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ដែលបានជួយសម្របសម្រួលឲ្យមានបទឈប់បាញ់ រវាងកម្ពុជា-និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងអរគុណភាគីពាក់ព័ន្ធទាំងអស់ ដែលគាំទ្របទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជា និងថៃ ។

ប្រជាពលរដ្ឋ ព្រះសង្ឃ និងយុវជនទាំងអស់ គាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខ ក្នុងការការពារបូរណភាពទឹកដី ដោយភាពអង់អាចក្លាហាន៕


