Thursday, August 28, 2025
Homeតារាខ្មែរសុខ ស្រីមុំ សុំព្រះរាជទានទោស

សុខ ស្រីមុំ សុំព្រះរាជទានទោស

ភ្នំពេញ ៖ បន្ទាប់ពីរងការរិះគន់ និងផ្ទុះប្រតិកម្មខ្លាំងៗពីសំណាក់ជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេសមក អតីតតារាភាពយន្តជើងចាស់ ល្បីឈ្មោះនាអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ អ្នកស្រី សុខ ស្រីមុំ ដែលបានប្រើពាក្យសម្តីធ្ងន់ៗ ប្រមាថអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី ព្រះវរ រាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នោះ បានចេញវីដេអូ សារភាពកំហុស និងសុំព្រះរាជទានទោសចំពោះពាក្យសម្តីមិនសមរម្យរបស់ខ្លួន ដែលបានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ។

អតីតតារាភាពយន្ត អ្នកស្រី សុខ ស្រីមុំ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានបញ្ចេញវីដេអូឃ្លីប តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន ថ្លែងសុំព្រះរាជទានទោសចំពោះការប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដោយអះអាងថា អ្នកស្រី បានទទួលព័ត៌មានមិនពិត (fake news) ថាក្មេងអត់មានអាហារ និងទឹក (no food no water) ដូច្នេះទើបធ្វើឱ្យខ្លួនខឹង ទប់ចិត្តមិនបាន ក៏ប្រើពាក្យសម្តីមិនល្អចំពោះព្រះអង្គទាំងទ្វេ។

អតីតតារាភាពយន្ត សុខ ស្រីមុំ សរសេរជាភាសាអង់គ្លេស ក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា “Apologies to all Khmer” (សុំទោសប្រជាពលរដ្ឋខ្មែរ ទាំងអស់គ្នា)។

អ្នកស្រី សុខ ស្រីមុំ បានថ្លែងសុំទោស និងសុំព្រះរាជទានទោសថា “សួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំចេញមកសុំទោសដោយសាធារណៈ ដល់បងប្អូនខ្មែរ រស់នៅជុំវិញពិភពលោក ហើយនាងខ្ញុំក៏សូមជម្រាបសួរដល់សម្តេចម៉ែ សុខសប្បាយទេ សម្តេចម៉ែ និងព្រះអង្គម្ចាស់សីហមុនី? ដែលម្សិលមិញនេះ ដែលគេផ្ញើ Fake News ឱ្យខ្ញុំ ថាក្មេងអត់មានម្ហូបអាហារ no food no water ដូច្នេះធ្វើឱ្យខ្ញុំទប់ចិត្តមិនបាន ធ្វើឱ្យខ្ញុំខឹង ហើយក៏មានពាក្យសម្តីមិនល្អដាក់ព្រះអង្គទាំងពីរ។ ដូច្នេះខ្ញុំមកសុំលុបលាងកំហុសថ្ងៃនេះ សូមព្រះអង្គទាំងពីរ មេត្តាអភ័យទោសដល់ខ្ញុំផង សូមកុំប្រកែប្រកាន់នឹងនាងខ្ញុំអី ដែលប្រើពាក្យអសុរោះ សូមមេត្តាកុំខឹង កុំប្រកាន់ទោសពៃរ៍នឹងនាងខ្ញុំ។ ហើយចុងក្រោយ នាងខ្ញុំក៏សូមលើកដៃបួងសួងដល់ទេវតា តាមថែរក្សាព្រះអង្គទាំងពីរ ឱ្យមានព្រះជន្មយឺនយូរ សូមអរគុណ សូមថ្វាយបង្គំលា…”។

ទោះបីជាអតីតារាភាពយន្តល្បីឈ្មោះ សុខ ស្រីមុំ បានចេញមកថ្លែងសុំទោស និងសុំព្រះរាជទានទោស ដូចខាងលើរួចហើយក្តី ក៏មហាជនភាគច្រើន ហាក់មិនទាន់អាចទទួលយកបាននៅឡើយ ចំពោះកំហុសដ៏ធ្ងន់របស់អតីតតារាសម្តែងខ្មែររូបនេះ ដោយមជ្ឈដ្ឋានទាំងនោះ បានលើកឡើងថា សុខ ស្រីមុំ សុំទោសហាក់មិនចេញពីចិត្ត ហើយទាំងពាក្យសម្តីនិងកាយវិការក្នុងវីដេអូសុំព្រះរាជទានទោសនោះ ពុំមានភាពសមរម្យឡើយ ដោយឈរស្តូក ពាក់មួក សម្លៀកបំពាក់ក៏មិនសូវសមរម្យ និងនិយាយពាក្យរាជស័ព្ទមិនបានត្រឹមត្រូវ ដោយហៅព្រះករុណា ព្រះមហាក្សត្រ ថា «ព្រះអង្គម្ចាស់» ជាដើម ទើបមានការរិះគន់ថា តារាភាពយន្តខ្មែររូបនេះ ទៅនៅស្រុកគេយូរ ហាក់ភ្លេចអស់ទំនៀមទម្លាប់ ប្រពៃណីជាតិ រហូតអ្នកខ្លះហៅថា ត្រកូនវង្វេងបឹង ជាដើម។

គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការចែករំលែកនូវវីដេអូមួយ របស់អតីតតារាភាពយន្តជើងចាស់ អ្នកស្រី សុខ ស្រីមុំ ដែលបានប្រើពាក្យប្រមាថចំពោះអង្គព្រះមហាក្សត្រ និងសម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដោយក្នុងវីដេអូនោះ អ្នកស្រី សុខ ស្រីមុំ បានប្រើពាក្យមិនគប្បី ក្នុងន័យប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ ថាមិនបានយាងទៅសួរសុខទុក្ខប្រជារាស្ត្រ នៅជំរំភៀសសឹក និងកងកម្លាំងកំពុងឈរជើងការពារបន្ទាត់ព្រំដែន ដែលធ្វើឱ្យមហាជនខ្មែរ មិនអាចទទួលយកបាន និងផ្ទុះ ប្រតិ កម្មជាបន្តបន្ទាប់។

ក្រោយពីបង្ហោះវីដេអូនោះ មិនបានប៉ុន្មាន និងបន្ទាប់ពីសង្កេតឃើញថា មានប្រតិកម្មខ្លាំងពីមហាជនខ្មែរ ស្រាប់ តែអតីតតារាសម្តែង សុខ ស្រីមុំ បានលុបវីដេអូនោះចោលវិញភ្លាម ប៉ុន្តែវីដេអូនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើការចម្លងទុក ចែករំលែកព្រោងព្រាត ទាំងក្នុងបណ្តាញសង្គម ហ្វេសប៊ុក និង Tik Tok ព្រមទាំងមានការបញ្ចេញមតិ ប្រតិកម្មរិះគន់ទៅកាន់អតីតតារាភាពយន្ត សុខ ស្រីមុំ យ៉ាងខ្លាំងគ្រប់គ្នា។

ជាក់ស្តែង តារាចម្រៀងល្បីឈ្មោះ លោកស្រី ម៉េង កែវពេជ្ជតា បានលើកឡើងថា លោកស្រីមានអារម្មណ៍ហួស ចិត្ត មិននឹកស្មានថា អ្នកស្រី សុខ ស្រីមុំ ដែលធ្លាប់តែឃើញថតវីដេអូនិយាយឡិកឡក់ និងត្រូវគេដៀលថាដូចមនុស្សមិនគ្រប់ បែរជាហ៊ានប្រើពាក្យព្រហើន ប្រមាថដល់អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ បែបនេះសោះ។

បន្ទាប់ពីបានឃើញការបង្ហោះ និងសំណេររបស់តារាចម្រៀង ម៉េង កែវពេជ្ជតា ខាងលើ ពិធីការិនីល្បីឈ្មោះ អ្នក ស្រី យុគ ចិន្តា បានចូលទៅបញ្ចោញមតិ (ខម្មិន) ថា “ខ្ញុំគោរពនិងឱ្យតម្លៃវីរសិល្បករខ្លាំងណាស់ តែនៅពេលឃើញបងស្រី សុខ ស្រីមុំ ប្រមាថព្រះចេស្តាព្រះអង្គ និងសម្តេចម៉ែ ខ្ញុំពិតជាទទួលយកមិនបាន នៅពេលដែលបងស្រីធ្វើទង្វើបែបនេះ…”។

ដោយឡែក អ្នកសិល្បៈល្បីឈ្មោះមួយរូបទៀត ដែលបច្ចុប្បន្នជាម្ចាស់ហាងកាត់ដេរ ហាងកាហ្វេ និងហាងរក្សាសម្រស់ ឌួង ហ្សូរីដា បានបញ្ចោញប្រតិកម្មជាសំណេរ និងរូបភាព ផ្ញើជូនទៅអ្នកស្រីសុខ ស្រីមុំ តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនដែរថា “បើមីង (សុខ ស្រីមុំ) មិនបានជួយអ្វីមួយកាក់មួយសេន ដល់ប្រជាជនខ្មែរទេ សូមមីងកុំមកប្រមាថចេស្តាព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ជាទីគោរពដ៍ខ្ពង់ខ្ពស់ របស់ប្រជាជនខ្មែរ ទាំងអស់គ្នា ទោះបីលោកមិនអាចយកអំណោយទៅចែកជូនប្រជាជនផ្ទាល់ ប៉ុន្តែសូមបើកភ្នែកមើលឱ្យច្បាស់ថា ទាំងនេះព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេ ចែកជូនកូនចៅប្រជារាស្ត្រ កម្ពុជា នៅខេត្តឧត្តរមានជ័យ មុនថ្ងៃ៣០ កក្កដា ២០២៥ មកម៉្លេះ ក្នុងនោះក៏នៅមានព្រះរាជូបត្ថម្ភជូនដល់ស្ថាប័នផ្សេងៗ ក្នុងបុព្វហេតុបារម្ភពីសុខទុក្ខកូនចៅគ្រប់ពេល…”៕ ដារិទ្ធ

RELATED ARTICLES