Friday, August 29, 2025
Homeនយោបាយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ ទទួលបានលទ្ធផលវិជ្ជមាន

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ ទទួលបានលទ្ធផលវិជ្ជមាន

កម្ពុជា-ថៃ ៖ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបើកកិច្ចប្រជុំ រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរ ជាតិ ជាំ-សាងាំ ខេត្តឧត្តរមានជ័យ ដោយភាគីថៃ ធ្វើជាម្ចាស់ផ្ទះ ទទួលបានលទ្ធផលផ្លែផ្កាល្អ ដោយភាគីទាំង២ បានឯកភាពគ្នាក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី បញ្ចៀសការប៉ះទង្គិចគ្នា។ ។

នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា «ក្រសួងការពារជាតិ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិជាំ-សាងាំ ខេត្តឧត្តរមានជ័យ ដោយភាគីថៃ ធ្វើជាម្ចាស់ផ្ទះ។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង  មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)  បានចាប់ផ្តើមនៅម៉ោង ១១៖០០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង ១១៖៥៣នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះ ស្រាយរាល់បញ្ហាដោយសន្តិវិធី បញ្ចៀសការប៉ះទង្គិចគ្នា។

ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀត នៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវត្តជាវិជ្ជមាននិងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន»។ដោយឡែក នៅរសៀលថ្ងៃដដែលនោះ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ  (RBC) បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ខេត្តស៊ីសាកេត ព្រះរាជាណាចក្រថៃ ដែលមានខ្លឹមសារ តាមខ្លឹមសារតាមការបកប្រែក្រៅផ្លូវការ ទាំងស្រុងថា «កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស៊ីសាកេត ព្រះរា ជាណាចក្រថៃ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងសហប្រធាន ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤។

កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បីដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។

ក្នុងស្មារតីនេះ ភាគីទាំងពីរ បានឯកភាពគ្នាដូចខាងក្រោម ៖

១. កាគីទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តសេចក្តីសម្រេចនៃកិច្ចប្រជុំពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

២. ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។

៣. ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តផងដែរក្នុងការចសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងព្យាយាមបង្កើតនូវវិធានការជាក់ស្តែង សំដៅលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។

៤. ភាគីទាំងពីរ បានឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំនៃវិវាទ រួមបញ្ចូលទាំងសកម្មភាពបង្កហេតុរបស់ទាហាន ឬប្រជាជន ដែលអាចនាំឱ្យមានភាពតានតឹង ដូចជាសម្ដីអុជអាល និងសកម្មភាពរបស់ទាហានដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀត នៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមាន នៅម៉ោង ២៤:០០នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

៥. រាល់ការធ្វើសកម្មភាពដើម្បីធានាសុវត្ថិភាព រួមបញ្ចូលទាំងការល្បាត និងការសាងសង់ ឬការពង្រីកហេ ដ្ឋារចនាសម្ព័ន្ធ ឬលេណដ្ឋាន ដែលមានលក្ខណៈការពារខ្លួនសុទ្ធសាធ និងស្ថិតនៅតែខាងខ្លួនឯងប៉ុណ្ណោះ ភាគីនីមួយៗអាចអនុវត្តទៅបាន ដោយអនុលោមពេញលេញតាមលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានឯកភាពគ្នា ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ វិធានការនេះ មានគោលបំណងលើកកម្ពស់បរិយាកាសនៃជំនឿទុកចិត្ត ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

៦. តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវត្តជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនឹងគោលបំណងរួមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

៧. ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់ក្នុងការដោះមីនមនុស្សធម៌ និងបានឯកភាពគ្នាបញ្ជូនបញ្ហានេះ ដែលស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ទៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មា ធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។

៨. ភាគីទាំងពីរ បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ខ្លឹមសារលម្អិត នឹងត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ ក្នុងអំឡុងពេលអន្តរកាល មុនការបង្កើតក្រុមការងារសម្របសម្រួល (CG) មេបញ្ជាការថ្នាក់មូលដ្ឋានរបស់ភាគីទាំងពីរ រួមបញ្ចូលទាំងអង្គភាពសម្រប សម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា នឹងជួបគ្នាជារៀងរាល់សប្តាហ៍ ឬតាមពេលវេលាសមស្រប ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែននៃការទទួលខុសត្រូវរបស់ខ្លួន។

៩. ភាគីទាំងពីរ ក៏បានបញ្ជាក់សាជាថ្មីនូវឆន្ទៈដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរស័ព្ទ (ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដោយធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការច្បាស់លាស់និងជាក់ស្តែង តាមរយៈក្របខ័ណ្ឌដែលមានស្រាប់។ បញ្ហាទាំងនេះ ស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) គួរតែត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើង នាពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។

១០. ភាគីទាំងពីរ បញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ចំពោះការតវ៉ាទៅលើជម្លោះណាមួយដែលកើតមានឡើងតាមព្រំដែន ហើយបានយល់ព្រមបញ្ជូនបញ្ហាផ្សេងៗដែលមិនអាចដោះស្រាយបាននៅកម្រិតគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទៅកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬយន្តការសមស្របផ្សេងទៀត តាមការព្រមព្រៀងរបស់ភាគីទាំងពីរ។១១. កាលបរិច្ឆេទនៃកិច្ចប្រជុំបន្ទាប់ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ១ខែ ក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ»។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ តាមរយះទំព័រហ្វេសប៊ុក របស់សម្តេច បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មា ធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ខាងលើនេះ ។

ចំណែកលោកទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានអបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ខាងលើនេះផងដែរ ។

លោក ទៀ សីហា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ថា «អបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគ៤ កម្ពុជា ជាមួយយោធភូមិភាគ២(ថៃ) ដោយឈរលើស្មារតីការឯកភាពគ្នាក្នុងការអនុវត្តបទឈប់បាញ់ ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញ GBCកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាព។ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់ ឱ្យមានប្រសិទ្ធភាព ព្រមទាំងការបង្កើនជំនឿទុកចិត្តគ្នា ក្នុងគោលបំណងត្រឡប់ទៅរកប្រក្រតីភាពវិញ»៕ ខៀវទុំ

RELATED ARTICLES