ភ្នំពេញ ៖ ទារកអភ័ព្វម្នាក់ ទើបនឹងសម្រាលបានប្រមាណ៥ថ្ងៃ ត្រូវបានស្ត្រីជាម្តាយ បីយកទៅប្លុងចោលនៅក្រោមរានទេវតា មុខផ្ទះប្រជាពលរដ្ឋ ទាំងយប់ លុះទារកស្រែកយំលាន់ឮទ្រហឹងទើបម្ចាស់ផ្ទះ និងអ្នកភូមិនឹកឆ្ងល់ ចេញមកមើល ស្រាប់តែប្រទះឃើញ ផ្អើលឆោឡោ រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង មួយកន្លែង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មិនមានអ្នកណាម្នាក់បានប្រទះឃើញថា ទារកអភ័ព្វខាងលើ ត្រូវបាយកមកប្លុងចោល តាំងពីថ្មើរណានោះទេ ដោយមុនពេលកើតហេតុ ម្ចាស់ផ្ទះ និងប្រជាពលរដ្ឋក្នុងភូមិ បានឮសូរសំឡេងក្មេងយំ ទើបមានការងឿងឆ្ងល់ ក៏នាំគ្នាចេញមកក្រៅផ្ទះ ដើម្បីរកមើល ស្រាប់តែប្រទះឃើញទារក នៅក្រោមរានទេវតា ខាងមុខផ្ទះ ដោយមិនដឹងថា ត្រូវបានយកមកប្លុងចោល តាំងពីពេលណានោះទេ ដោយនៅក្បែរទារក មានថង់មួយ មានខោអាវ និងទឹកដោះគោ ទៀតផង។
ប្រភពដដែល បន្តថា ដោយឃើញសភាពបែបនេះ មើលទៅគួរឱ្យអាណិតអាសូរ ហើយទារកខាងលើ ទំនងជាទើបនឹងសម្រាលបានយ៉ាងយូរ ៥ថ្ងៃប៉ុណ្ណោះ ហេតុនេះទើបប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរ និងប្រ ធានភូមិ ឱ្យចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។
ក្រោយកើតហេតុ មន្ត្រីសាលាសង្កាត់ដង្កោ បានចុះមកដល់ និងបានសម្រេចនាំយកទារកខាងលើ ទៅមើលថែជាបណ្តោះអាសន្ន ។ ជាមួយគ្នានេះ មានប្រជាពលរដ្ឋមួយចំនួន បានឃើញទារកនេះស្អាត គួរឲ្យស្រឡាញ់ ម្នាក់ៗចង់សុំយកទៅចិញ្ចឹម។

ទោះបីជាយ៉ាងណា ជុំវិញករណីនេះ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលចិញ្ចឹមមើលថែកុមារ ជិត២០០នាក់ បានលើកឡើងតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ថា «ក្នុងករណីដែលមានគេបោះបង់ទារក ឬកូនចោល មិនមែនគ្រប់គ្នាសុទ្ធតែអាចឲ្យទៅអ្នកនេះ ឬអ្នកនោះ បាននោះទេ ឬក៏អ្នកនេះយក ឬអ្នកនោះយកនោះឡើយ។ ជាការពិត វាមានលំដាប់លំដោយនៃការងាររបស់វា ហើយវាក៏ជាបែបផែននៃច្បាប់ ឬចំណាត់ការនៃច្បាប់ផងដែរ។

ខាងក្រោមនេះ គឺជាលំដាប់លំដោយរបស់វា ៖
១- អ្នកឃើញហេតុការណ៍ ត្រូវតែរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន អាចជាភូមិ-ឃុំ-សង្កាត់ ហើយគ្រប់ឃុំ ឬសង្កាត់ គេតែងមានមន្រ្តីទទួលបន្ទុកទៅលើកុមារ ហើយនិងស្រ្តី (គ.ក.ន.ក)។
២- បន្ទាប់មក មន្រ្តីឃុំ-សង្កាត់ នឹងធ្វើការជាមួយប៉ូលិសប៉ុស្តិ៍ ដើម្បីរៀបចំរបាយការណ៍មួយ បញ្ជូនទៅកាន់ការិយាល័យសង្គមកិច្ចឃុំ-សង្កាត់ ឬក្រុង។
៣- មែនទែនទៅ មន្រ្តីសង្គមកិច្ច គឺជាអ្នកទទួលការចម្បងនៅក្នុងរឿងនេះ។ ក្រោយពីទទួលករណីនេះហើយ ខាងសង្គមកិច្ច គេនឹងរៀបចំធ្វើសេចក្តីប្រកាស ក្នុងរយៈពេលដែលបានកំណត់ណាមួយ ដើម្បីស្វែងរកឪពុកម្តាយបង្កើត ឬក៏សាច់ញាតិរបស់ក្មេង ឬទារកនោះ។ បើរកឃើញទៅតាមអត្តសញ្ញាណនៃគ្រួសារ ខាងសង្គមកិច្ច នឹងប្រគល់ទារក ឬក្មេងនោះ ទៅកាន់គ្រួសាររបស់គេវិញ តាមរយៈកិច្ចជួយឧត្តមគាំទ្រផ្សេងៗ
៤- តែបើប្រកាសហើយ នៅតែមិនអាចស្វែងរកគ្រួសាររបស់ទារក ឬក្មេងឃើញនោះទេ គឺអ្នកដែលមានសិទ្ធិ សម្រេចក្នុងកិច្ចការថា បញ្ជូនក្មេងនោះទៅណា គឺជាសិទ្ធិសម្រេចរបស់មន្រ្តីសង្គមកិច្ច។ បើតាមការយល់ដឹងរបស់ខ្ញុំ ខាងសង្គមកិច្ច គេនឹងទាក់ទងទៅខាងអង្គការដៃគូ ដែលទទួលបន្ទុកចិញ្ចឹមក្មេង ឬឪពុកម្តាយទី២ (ដែលយើងតែងហៅថា ឪពុកម្តាយចិញ្ចឹម) ដើម្បីពួកគេអាចមើលថែទាំជំនួស សម្រាប់កិច្ចសង្រ្គោះក្មេងនោះ។

៥- ជាចុងក្រោយ ដើម្បីអាចបញ្ចូលទារក ឬក្មេងនោះ ទៅកាន់គ្រួសារមួយណាឲ្យស្របច្បាប់ គឺមានតែសេចក្តីសម្រេចរបស់តុលាការ តែប៉ុណ្ណោះ។ ទាំងនេះ គឺជាព័ត៌មានដែលខ្ញុំចង់ចែករំលែក សម្រាប់ករណីនៃការបោះ បង់ទារក ឬក្មេង នៅក្នុងប្រទេសកម្ពុជា របស់យើង»៕