ភ្នំពេញ ៖ អំឡុងផ្ទះសង្រ្គាមតាមពំដែនកម្ពុជា-ថៃ ដែលបង្ករដោយទ័ពសៀម ភ្លាមៗ តារាចម្រៀងសាច់ដុំធំៗ របស់ហង្សមាស លោកអ៊ឹម ថៃ បានប្ដូរឈ្មោះមកជា «អ៊ឹម ខ្មែរ» តែក្រោយមក បានប្តូឬឈ្មោះលើកទី២ ជា «អ៊ឹម អាយដល» (Em Idol) ប៉ុន្ដែស្រាប់តែថ្មីៗនេះ លោកបានប្ដូរឈ្មោះជាលើកទី៣ «អ៊ឹម បេន» ទៅវិញ ដែលឈ្មោះនេះអាចជាលើកចុងក្រោយ ពោលគឺមិនប្ដូរជាលើកទី៤ ទេ ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកអ៊ឹម ថៃ កាលពីពេលថ្មីៗនេះ ប៉ុន្ដែលោកថាកំពុងជាប់រវល់ខ្លាំង មិនទាន់អាចផ្តល់សម្ភាសន៍បានទេ ដោយសារតែក្រៅពីអាជីពចម្រៀងលោកក៏ជាអ្នករកស៊ីលក់កន្ធាយចំហុយ ផងដែរ ដែលលោកថា មានថ្ងៃខ្លះ លក់ដាច់ក្នុងមួយថ្ងៃដល់ទៅ ២០ក្បាល ។ ក្រៅពីមានមុខរបរនៅផ្ទះ លោកថៃ ក៏ឆ្លៀតទៅច្រៀងនាពេលរាត្រីតាម Pub និងភោជនីយដ្ឋានមួយចំនួនទៀតផង។

ប្រភពបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោកថៃ ត្រូវបានក្រសួងមហាផ្ទៃ កោះហៅឲ្យចូលបំភ្លឺនៅនាយក ដ្ឋានប្រឆាំងបទល្មើសនិងបច្ចេកវិទ្យា ពាក់ព័ន្ធរឿងលោកធ្វើសកម្មភាពនៅលើបណ្ដាញសង្គម ដោយប្រើពាក្យពេចន៍មិនសមរម្យមួយចំនួន ហេតុនេះហើយបានជាចុងក្រោយនេះ គេមិនសូវឃើញតារាចម្រៀងរូបនេះ សកម្មដូចមុនក្នុងរឿងពាក់ព័ន្ធសៀមឈ្លានពានទៀតឡើយ។

គួរបញ្ជាក់ថា លោកអ៊ឹម ថៃ ជាតារាម្នាក់ ដែលហ៊ានបង្ហាញជាសាធារណៈ ក្នុងរឿងមានស្រីៗបបួលឡើងគ្រែ ជាថ្នូរលុយដុល្លារ គឺដូចគ្នាទៅនឹងលោកអេតវីន, ហេង នរកក្កដា និងឆឹម សក្កដា ជាដើម ។ គេថាបើលោកថៃ ព្រមប្ដូរស្នេហាជាមួយដុល្លារ នោះលោកមិនចាំបាច់រត់ទៅច្រៀងផង លក់កន្ធាយ ផងដូចពេលនេះឡើយ គឺច្បាស់ជាមានអ្នកមេម៉ាយៗទ្រព្យស្ដុកចិញ្ចឹមឲ្យរស់នៅយ៉ាងស្រួលជាមិនខាន ។ ប៉ុន្ដែលោកថៃ បែរជាមិនហ៊ានលោតឆត្រយកលុយស្រួលនោះទៅវិញ ទើបមិត្តភក្ដិលោកមួយចំនួន រិះគន់ថា អត់ចេះរកលុយធំ អ៊ីចឹងបន្ដ ច្រៀងតាមហាង និងលក់កន្ធាយ តទៀតទៅ ។

ក្រៅពីអ៊ឹម ថៃ តារាហង្សមាស ដែលជាប់ឈ្មោះ «ថៃ» បានប្ដូរឈ្មោះ ក្រោយផ្ទុះសង្រ្គាមសៀមឈ្លានពានកម្ពុជា គឺមានតែលោកពេជ្រ ថៃ ប្ដូរមកពេជ្រ ខ្មែរ ប៉ុណ្ណោះ ខណៈដែលលោថែល ថៃ និងគ្រី ថៃពៅ នៅរក្សាឈ្មោះដដែល ។ ចំពោះលោកអ៊ឹម ថៃ បើទោះជាបានប្ដូរឈ្មោះដល់ទៅ ៣ដង ហើយក៏ដោយ ប៉ុន្ដែពេលខ្លះលោកនៅតែឈឺក្បាល ព្រោះទៅណាមកណា គេនៅតែហៅថា «អ៊ឹម ថៃ» ដដែល បើទោះជាចុងក្រោយនេះ លោកបានសំណូមពរឲ្យគេហៅលោកថា «បេន» ក្ដី ។

គួររំលឹកថា អ៊ឹម ថៃ អតីតបេក្ខភាព Beat The Best រដូវកាលទី១ ប៉ុន្ដែបរាជ័យលើកពានព្រោះមិនអាចយកឈ្នះលោកសួរ វិចិត្រ ។ លោកថៃ ក៏ខកចិត្តម្ដងទៀត នៅពេលដែលលោក ប្រលងចម្រៀង I Am Singer Cambodia រដូវកាលទី៣ តែអត់បានពានទៀត ព្រោះតែ ឌី សូនីតា ជាអ្នកលើកពាន។ យ៉ាងណា លោកថៃ នៅតែអាចធ្វើជាតារាចម្រៀងហង្សមាស បានដោយរលូន ហើយនឹងមានបទចម្រៀងចេញជាបន្ដបន្ទាប់ ដោយធ្លាប់ទាំងចាប់ដៃជាមួយអ្នកនាងខាត់ សុឃីម ទៀតផង។

អ្នកជំនាញសិល្បៈ បានលើកឡើងថា ទោះជាលោកអ៊ឹម ថៃ អាចច្រៀងបទប្រភេទខ្ពស់ៗបាន ហើយពេលនេះ អត់ជើងខ្លាំង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មែន ប៉ុន្ដែលោកនៅតែពិបាកដណ្ដើមភាពលេចធ្លោជាមួយផលិតកម្មធំនេះដដែល ព្រោះតែលោកបេន គ្មានអ្នកនិពន្ធផ្ទាល់ខ្លួន ហើយក៏មិនធ្វើបទចម្រៀងពីខាងក្រៅ ឲ្យក្រុមហ៊ុន ដូចតារាមួយចំនួនដែរ ហេតុនេះហើយ មិនអាចឈានដល់ចំណុចកំពូលបានឡើយ ។ ប៉ុន្ដែយ៉ាងណា តាមរយៈការច្រៀងតាមកម្មវិធីផ្សេងៗ រួមទាំងចេះរកស៊ីលក់កន្ធាយ ទៀតផង គេជឿថា លោកថៃ ទោះជាមិនព្រមលក់ខ្លួនឲ្យមេម៉ាយៗ ក៏លោកអាចរកប្រាក់ចំណូលបានខ្ទង់ពាន់ដុល្លារ ក្នុងមួយខែៗ ៕
