ភ្នំពេញ ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប យកចិត្តទុកដាក់ខ្ពស់បន្តទៀត លើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំ ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែផុលផុស និងមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវ និងដាក់ចេញនូវអនុសាសន៍ ចំនួន ៧ចំណុច ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥។

សម្តេចហ៊ុន ម៉ាណែត បានអំពាវនាវ និងដាក់ចេញនូវអនុសាសន៍នេះ តាមរយ:សារលិខិតរបស់សម្តេច ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥។
សារលិខិតសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖
សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!
– សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!
-សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ លោកតា លោកយាយ យុវជន យុវនារី!
– បងប្អូនជនរួមជាតិ ក្មួយៗសិស្សានុសិស្ស ជាទីស្រឡាញ់រាប់អាន!
ក្នុងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមគាំទ្រការកំណត់យកប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល» ដែលជាប្រធានបទដ៏សំខាន់មួយ សំដៅបង្កើនការយល់ដឹងកាន់តែទូលំទូលាយ ក្នុងចំណោមប្រជា ពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម និងការជំរុញគ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមគាំទ្រក្នុងការលើកកម្ពស់កម្មវិធីអក្ខរកម្ម ក្នុងយុគសម័យឌីជីថល និងការអភិវឌ្ឍសមត្ថភាព ជាពិសេស ជនបាត់បង់ឱកាស ជនងាយរងគ្រោះ យុវជនក្រៅសាលា កម្មករ កម្មការិនីរោងចក្រ កុមារនិងយុវជនជនជាតិដើមភាគតិច ដើម្បីក្លាយខ្លួនជាធនធានមនុស្ស ប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល និងចូលរួមចំ ណែកដល់ការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិ ទាំងមូល រីកចម្រើនជឿនលឿនទៅមុខ។
ប្រធានបទនេះ ក៏ស្របទៅនឹងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ពោលគឺកសាងបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ដូចនេះហើយ យើងទាំងអស់ គ្នា ត្រូវយកចិត្តទុកដាក់និងលើកកម្ពស់កម្មវិធីអក្ខរកម្ម ជាពិសេសអក្ខរកម្មឌីជីថល ដើម្បីបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យានិងឧបករណ៍ឌីជីថល ក្នុងគោលដៅស្វែងរក ប្រើប្រាស់ គ្រប់គ្រង វាយតម្លៃ បង្កើត និងចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាព ភាពជឿទុកចិត្ត និងមានភាពត្រឹមត្រូវ។ សម្រាប់ពេលអនាគត ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាំបាច់ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមា ពីការរីកចម្រើននៃបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល ឆ្ពោះទៅបង្កើនផលិតភាព ការប្រកួតប្រជែង ប្រសិទ្ធភាពសេដ្ឋកិច្ច និងកសាងសង្គមទំនើប។
នៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាអក្ខរកម្មជាតិ និងចូលរួមអបអរសាទរទិវាអក្ខរកម្មអន្តរ ជាតិ ជាកត្តាដ៏សំខាន់ដែលយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា អក្ខរកម្ម នាពេលបច្ចុប្បន្ននេះ បានពង្រីកវិសាលភាពហួសពីការអាននិងការសរសេរតាមបែបប្រពៃណី ព្រមទាំងត្រូវទទួលយកវិមាត្រថ្មីនៃអក្ខរកម្ម ដែលរួមបញ្ចូលនូវភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ការយល់ដឹងតាមបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្លៃនៃពិភពលោករបស់យើង។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការលើកកម្ពស់ការងារអក្ខរកម្ម ដោយមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋគ្រប់រូប មានសមត្ថភាពអាននិងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់បំប៉ននូវជំនាញនិងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើប ប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជននិងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ សម្រាប់វិស័យអប់រំ ប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំ ប្រកបដោយបរិយាបន្ន និងបណ្តុះនូវមនសិការពល រដ្ឋល្អ និងស្មារតីស្នេហាជាតិ។ ក្រសួងអប់រំ យុវជននិងកីឡា បានបន្តធ្វើការកែទម្រង់លើអាទិភាពមួយចំនួន ក្នុងវិស័យអប់រំ ជាពិសេសការធ្វើបរិវត្តកម្មឌីជីថល ក្នុងការអប់រំ តាមរយៈជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការអប់រំ ការសិក្សាមុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅមធ្យមសិក្សាចំណេះទូទៅ ការសិក្សាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅឧត្តមសិក្សា ការលើកកម្ពស់ការសិក្សាភាសាបរ ទេស ការបណ្តុះបណ្តាលជំនាញសតវត្សរ៍ទី២១ ការអប់រំឌីជីថល ការអប់រំបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត។ ក្នុងការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល ក្រសួងអប់រំ យុវជននិងកីឡា បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ការអនុវត្តកម្មវិធីសិក្សាផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ បញ្ញាសិប្បនិម្មិត ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បណ្តាញសាកលវិទ្យាល័យ សាយប័រ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌ មានគ្រប់គ្រងសាកលវិទ្យាល័យ សាលាឌីជីថល ថ្នាលអប់រំ សម្រាប់គាំទ្រដល់ការបង្រៀននិងរៀន និងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយចំនួន សម្រាប់ការងារគ្រប់គ្រង។
ជនរួមជាតិ ជាទីស្នេហា!
ជាមួយគ្នានឹងការគាំទ្រចំពោះប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល» ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត លើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំ ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែផុលផុស និងមានប្រសិទ្ធភាពនិងប្រសិទ្ធផល។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវនិងដាក់ចេញនូវអនុសាសន៍មួយចំនួន ដូចខាងក្រោម ៖
ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដារ ឬយន្តការចាំបាច់នានា ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្ម និងធានាថា ពលរដ្ឋគ្រប់រូប ទទួលបានឱកាសសិក្សាពេញមួយជីវិត ដើម្បីក្លាយទៅជាពលរដ្ឋឌីជីថល និងចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យា ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងសង្គមឌីជីថល។
ទី២- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលតាមគ្រប់រូបភាព លើផ្នែកឌីជីថល សម្រាប់ប្រ ជាជនកម្ពុជា គ្រប់វ័យ ក្នុងគោលបំណងជួយដល់ពួកគាត់ឱ្យមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថល សម្រាប់ជាប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។
ទី៣- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនមានតម្រូវការ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានល្អនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី ជាពិសេស ត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជាពល រដ្ឋមានពិការភាព ឬជនមានតម្រូវការពិសេស ឱ្យទទួលបានការសិក្សារៀនសូត្រ ប្រកបដោយសមធម៌និងបរិយាបន្ន។
ទី៤- ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ សូមបន្តជំរុញការបើកថ្នាក់អក្ខរកម្ម និងភ្ជាប់ជាមួយនូវការប្រើប្រាស់បច្ចេកវិទ្យា គូបផ្សំជាមួយនឹងការបណ្តុះបណ្តាលមុខជំនាញ វិជ្ជាជីវៈផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី បុគ្គលិក ជនជាប់ឃុំ ជាដើម ដើម្បីជាប្រយោជន៍របស់ពួកគាត់ ក្នុងការបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ។
ទី៥- វត្តអារាម និងវិហារសាសនា ត្រូវបំផុសចលនាព្រះសង្ឃ បព្វជិតសាសនា ចូលរួមជំរុញ និងលើកកម្ពស់កម្មវិធីអក្ខរកម្មវិជ្ជាជីវៈ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការផ្សព្វផ្សាយអប់រំ អំពីសារប្រយោជន៍នៃការប្រើប្រាស់ឌីជីថល ដែលបម្រើដល់ការសិក្សារៀនសូត្រ តម្លៃសីលធម៌ ចរិយាធម៌ និងលើកកម្ពស់ការរស់នៅជាពលរដ្ឋឌីជីថលក្នុងសង្គម។
ទី៦- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវបង្កើតនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវកម្មវិធីអក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃអក្ខរកម្ម ជាពិសេស អក្ខរកម្មឌីជីថល ចេះស្វែងរកព័ត៌មានត្រឹមត្រូវលើអ៊ីនធឺរណិត ចេះប្រើប្រាស់ គ្រប់គ្រង និងចែករំលែកព័ត៌មានតាមអនឡាញ យល់ដឹងពីសុវត្ថិភាពនៃបច្ចេកវិទ្យា និងចែករំលែកព័ត៌មានប្រកបដោយក្រមសីលធម៌ និងសុក្រឹតភាព។
ទី៧- ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលទាំង អស់ សូមចូលរួមទាំងអស់គ្នា ដើម្បីកៀរគរប្រមូលផ្តុំធនធាន និងចែករំលែកបទពិសោធន៍ក្នុងការលើកកម្ពស់កម្មវិធីអក្ខរកម្មក្នុងយុគសម័យឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។
ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិតសាសនា សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មដល់ការងាររអក្ខរ កម្មនាពេលកន្លងមក និងសូមបន្តជួយឧបត្ថម្ភគាំទ្រផ្តល់កិច្ចសហការល្អបន្តទៀត ដើម្បីបុព្វហេតុអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលមូលធនមនុស្ស និងការអភិវឌ្ឍសង្គមពុទ្ធិនៅកម្ពុជា។
ជាទីបញ្ចប់ ក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨ កញ្ញា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ និងប្រគេនពរ ជូនសម្តេចព្រះមហាសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ព្រមទាំងក្មួយៗជាទីស្រឡាញ់ទាំងអស់ សូមសមប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរព្រះគុណ និងអរគុណ!»៕ ខៀវទុំ