ភ្នំពេញ ៖ តារាចម្រៀងរូបស្រស់ កញ្ញា ហៀង ហៅ SK របស់ផលិតកម្ម Gen Musix សាខាផលិតកម្មហង្សមាស កាលពីពេលថ្មីៗនេះ បាននាំគូស្នេហ៍របស់នាង លោកសុខ វិបុល ហៅ Step ញ៉ាំផ្លែស្ពឺ ក្រោយមានការផ្អើលញ៉ាំផ្លែនេះ នៅលើបណ្ដាញសង្គម។ នេះគឺជាការចងក្រងអនុស្សាវរីយ៍ល្អៗរបស់គូស្នេហ៍តារាមួយគូនេះ បន្ទាប់ពីពួកគេបានដើរកម្សាន្ដតាមតំបន់រមណីយដ្ឋានមួយចំនួន ជាញឹកញាប់ដូចប្ដីប្រពន្ធទើបរៀបការថ្មោងថ្មី ។ យ៉ាងណា ការញាំផ្លែស្ពឺ រួមគ្នា រវាង Sk- Step នាពេលនេះគឺគូស្នេហ៍ជ្រកក្រោមដំបូលតែមួយនេះ ពួកគេចង់យកគំរូរតាមប្រមុខថ្នាក់ដឹកនាំ ដែលបានរំលឹកពីអនុស្សាវរីយ៍ស្នេហាគ្រាដំបូង ជាមួយពាក្យសំណួរថា «ញ៉ាំស្ពឺអត់?»។

សូមបញ្ជាក់ថា SK មានសម្រស់និងស្ទីលនៃការតែងខ្លួនស្រដៀងគ្នាទៅនឹងតារាកំពូលសម្រស់របស់កូរ៉េខាង ត្បូង នាង Jisoo តារាចម្រៀងសមាជិកក្រុម Blackpink ទើបធ្វើឲ្យប្រុសៗមិនតិចនាក់ឡើយ ឈ្លក់សម្រស់នាង ជាងទឹមដមសំឡេង ចង់តែប៉ះអង្អែលសាច់សខ្ចីម៉ដ្ឋខៃរបស់នាង។ ប៉ុន្ដែ «ស្នេហ៍មិនឈ្នះស្និទ្ធ» ហើយទីបំផុតប្រុសដែលអាចនែបនិត្យកាយានាងបាន គឺមានតែលោក Step ដែលលេងស្ទីលលោក Rain ជាប្អូនប្រុសអតីតពិធីករ លោកសុខ សេរីវឌ្ឍនា ម្នាក់ប៉ុណ្ណោះ ព្រោះលោកវិបុល តែងតែឆ្លៀតឱកាសពេលច្រៀងលើឆាកជាមួយSK លោកសារភាពស្នេហ៍នាងចំៗ នៅចំពោះភ្នែកមហាជនតែម្ដង ។ បញ្ហានេះ គេជឿថា មកពីលោក Step មិនចង់ឲ្យមានប្រុសកាន់តែច្រើន ប្រជែងដណ្ដើមស្នេហ៍សង្សារលោក ទើបលោកត្រូវតែរកវិធីទប់ស្កាត់បែបនេះឲ្យហើយ ។ ប៉ុន្ដែសម្រាប់ SK នាងមិនដែលបង្ហាញសកម្មភាពស្និទ្ធស្នេហ៍ជាមួយប្រុសណាម្នាក់ឡើយ ក្រៅពីលោក Step ហេតុនេះគេជឿថា ចំណងស្នេហាតារាមួយគូនេះ អាចនឹងទៅមុខដោយគ្មានឧបសគ្គ ព្រោះក្រុមគ្រួសារទាំងសងខាង បានដឹងឮអស់ទៅហើយ ។

មានការកត់សម្គាល់ដែរថា ក្រោយពី SK នាំបណ្ដូលចិត្តញ៉ាំផ្លែស្ពឺ រួចហើយ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នាងបានបន្ថែមអាជីពថ្មី នោះគឺជាការដើរបង្ហាញម៉ូដ ជាលើកដំបូង ឲ្យក្រុមហ៊ុនមួយ ដែលមានការគាំទ្រពេញ ទំហឹងពីគូស្នេហ៍របស់នាង។ SK ថាការដើរម៉ូដ នាពេលនេះ គឺជាបទពិសោធន៍ថ្មីមួយសម្រាប់រូបនាង ហើយក្នុងមួយកម្មវិធី នាងស្លៀកពាក់រ៉ូប ដល់ទៅ ២ឈុត ។

សូមរំលឹកថា SK ល្បីបទ «សំខាន់ច្រើនាក់», «រក្សាគម្លាត» និងបទ «ទម្លាប់» ជាដើម។នាងក៏ធ្លាប់ចាប់ដៃលោក Step ច្រៀងបទ «ថ្ងៃមួយ» ប៉ុន្ដែមិនទាន់ចាប់ដៃលោកថុល សុភិទិ ជាតារារួមទ្រនំឡើយ ។ Fan លើក ឡើងថា Sk-Step សមគ្នា ព្រោះលេងស្ទីលកូរ៉េ ដូចគ្នា ប៉ុន្ដែលោក Ray អ្នកគ្រប់គ្រងតារានៅ Gen Musix ធ្លាប់ប្រាប់ថា ពួកគេលេង Style ខ្លួនឯង មិនបានចម្លង ឬ Copy ពីតារាណាទេ ខណៈរឿងស្នេហារបស់អ្នកទាំងពីរ គឺជាជីវិតឯកជន លោកមិនធ្វើអត្ថាធិប្បាយឡើយ ។

ប្រភពថា Sk ត្រូវបានលោក Step រៀបចំបទចម្រៀងឲ្យច្រៀងនិងសម្ដែង ពោលគឺដូចគ្នាទៅនឹង ទេព បូព្រឹក្ស ត្រូវស្វាមី លោកងួន ចាន់ដេវីត នៅក្រោយខ្នងដែរ ហេតុនេះហើយអាជីពចម្រៀងស្រីស្អាត ហៀង ទៅមុខឬ ថយក្រោយ មួយផ្នែកនៅលើលោកវិបុល ។ ប៉ុន្ដែរហូតមកដល់ពេលនេះ គ្មានដំណឹងថា SK និងលោក Step ត្រៀមភ្ជាប់ពាក្យ ឬរៀបការឡើយ ៕


