ភ្នំពេញ ៖ ទារកអភ័ព្វម្នាក់ ដែលទើបនឹងសម្រាលបាន ៥ថ្ងៃ ត្រូវម្តាយបីយកទៅប្លុងចោលនៅមុខផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នោះ ត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា សហការជាមួយអាជ្ញាធរពាក់ព័ន្ធ សម្រេចប្រគល់ជូនក្រុមគ្រួសារមួយ យកទៅចិញ្ចឹម ក្នុងនាមជាឪពុកម្តាយធម៌ ដើម្បីមើលថែទាំ ផ្តល់ភាពកក់ក្តៅនិងក្តីស្រឡាញ់។

តាមប្រភពក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានឱ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ជា សុមេធី តែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងកិច្ចការពារដល់ជនក្រីក្រ និងជនរងគ្រោះ ដោយមិនបោះបង់នរណាម្នាក់ឡើយ ជាពិសេសកុមារកំព្រា និងកុមាររងគ្រោះផ្សេងៗ។

ជាក់ស្តែង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោករដ្ឋមន្ត្រី មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានទុកដាក់ទារកដែលត្រូវបានឪពុកម្តាយបោះបង់ ទៅឱ្យគ្រួសារមួយចិញ្ចឹម ក្នុងនាមជា ឪពុកម្តាយធម៌ ដើម្បីផ្តល់ការថែទាំនិងកិច្ចការពារឱ្យបានពេញលេញនៅក្នុងគ្រួសារប្រកបដោយភាពកក់ក្តៅ និងក្តីស្រឡាញ់ ស្របតាមគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ដោយផ្តល់ការថែទាំនៅតាមគ្រួសារ ជាជម្រើសអាទិភាពដ៏ល្អប្រសើរបំផុត។

គួររំលឹកថា កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ មានការហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចផ្លូវបេតុងមួយកន្លែង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយទារកអភ័ព្វម្នាក់ ទើបនឹងសម្រាលបានប្រមាណ ៥ថ្ងៃ ត្រូវបានស្ត្រីជាម្តាយ បីយកមកប្លុងចោលនៅក្រោមរានទេវតា មុខផ្ទះប្រជាពលរដ្ឋ ទាំងយប់។ លុះទារកស្រែកយំលាន់ឮទ្រហឹង ទើបម្ចាស់ផ្ទះ និងអ្នកភូមិ ចេញមកមើល ស្រាប់តែប្រទះឃើញ ផ្អើលឆោឡោ រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មិនមានអ្នកណាម្នាក់បានប្រទះឃើញថា ទារកអភ័ព្វខាងលើ ត្រូវបានយកមកប្លុងចោល តាំងពីថ្មើរណានោះទេ ដោយមុនពេលកើតហេតុ ម្ចាស់ផ្ទះនិងប្រជាពលរដ្ឋក្នុងភូមិ បានឮសូរសំឡេងក្មេងយំ ទើបមានការងឿងឆ្ងល់ ក៏នាំគ្នាចេញមកក្រៅផ្ទះ ដើម្បីរកមើល ស្រាប់តែប្រទះឃើញទារកនៅក្រោមរានទេវតា ខាងមុខផ្ទះ ដោយមិនដឹងថា ត្រូវបានយកមកប្លុងចោល តាំងពីពេលណានោះទេ ដោយនៅក្បែរទារក មានថង់មួយ មានខោអាវ និងទឹកដោះគោទៀតផង។

ប្រភពដដែល បន្តថា ដោយឃើញសភាពបែបនេះ មើលទៅគួរឱ្យអាណិតអាសូរ ហើយទារកខាងលើ ទំនងជាទើបនឹងសម្រាលបានយ៉ាងយូរ ៥ថ្ងៃប៉ុណ្ណោះ ហេតុនេះទើបប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរ និងប្រធានភូមិ ឱ្យចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។
ក្រោយកើតហេតុ មន្ត្រីសាលាសង្កាត់ដង្កោ បានចុះមកដល់ និងបានសម្រេចនាំយកទារកខាងលើ ទៅមើលថែជាបណ្តោះអាសន្ន។ ជាមួយគ្នានេះ មានប្រជាពលរដ្ឋមួយចំនួន បានឃើញទារកនេះស្អាត គួរឱ្យស្រឡាញ់ ម្នាក់ៗចង់សុំយកទៅចិញ្ចឹម។

ទោះបីជាយ៉ាងណា ជុំវិញករណីនេះ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលចិញ្ចឹមមើលថែកុមារ ជិត២០០នាក់ បានលើកឡើងតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ថា “ក្នុងករណីដែលមានគេបោះបង់ទារក ឬកូនចោល មិនមែនគ្រប់គ្នាសុទ្ធតែអាចឱ្យទៅអ្នកនេះ ឬអ្នកនោះ បាននោះទេ ឬក៏អ្នកនេះយក ឬអ្នកនោះយកនោះឡើយ។ ជាការពិត វាមានលំដាប់លំដោយ នៃការងាររបស់វា ហើយវាក៏ជាបែបផែននៃច្បាប់ ឬចំណាត់ការនៃច្បាប់ផងដែរ។
ខាងក្រោមនេះ គឺជាលំដាប់លំដោយរបស់វា ៖
១- អ្នកឃើញហេតុការណ៍ ត្រូវតែរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន អាចជាភូមិ-ឃុំ-សង្កាត់ ហើយគ្រប់ឃុំ ឬសង្កាត់ គេតែងមានមន្ត្រីទទួលបន្ទុកទៅលើកុមារ ហើយនិងស្ត្រី (គ.ក.ន.ក)។
២- បន្ទាប់មក មន្ត្រីឃុំ-សង្កាត់ នឹងធ្វើការជាមួយប៉ូលិសប៉ុស្តិ៍ ដើម្បីរៀបចំរបាយការណ៍មួយ បញ្ជូនទៅកាន់ការិយាល័យសង្គមកិច្ចឃុំ-សង្កាត់ ឬក្រុង។

៣- មែនទែនទៅ មន្ត្រីសង្គមកិច្ច គឺជាអ្នកទទួលការចម្បងនៅក្នុងរឿងនេះ។ ក្រោយពីទទួលករណីនេះហើយ ខាងសង្គមកិច្ច គេនឹងរៀបចំធ្វើសេចក្តីប្រកាសក្នុងរយៈពេលដែលបានកំណត់ណាមួយ ដើម្បីស្វែងរកឪពុកម្តាយបង្កើត ឬក៏សាច់ញាតិរបស់ក្មេង ឬទារកនោះ។ បើរកឃើញទៅតាមអត្តសញ្ញាណនៃគ្រួសារ ខាងសង្គមកិច្ច នឹងប្រគល់ទារកឬក្មេងនោះ ទៅកាន់គ្រួសាររបស់គេវិញ តាមរយៈកិច្ចជួយឧត្តមគាំទ្រផ្សេងៗ។
៤- តែបើប្រកាសហើយ នៅតែមិនអាចស្វែងរកគ្រួសាររបស់ទារក ឬក្មេងឃើញនោះទេ គឺអ្នកដែលមានសិទ្ធិសម្រេចក្នុងកិច្ចការថា បញ្ជូនក្មេងនោះទៅណា គឺជាសិទ្ធិសម្រេចរបស់មន្ត្រីសង្គមកិច្ច។ បើតាមការយល់ដឹងរបស់ខ្ញុំ ខាងសង្គមកិច្ច គេនឹងទាក់ទងទៅខាងអង្គការដៃគូ ដែលទទួលបន្ទុកចិញ្ចឹមក្មេង ឬឪពុកម្តាយទី២ (ដែលយើងតែងហៅថា ឪពុកម្តាយចិញ្ចឹម) ដើម្បីពួកគេអាចមើលថែទាំជំនួស សម្រាប់កិច្ចសង្គ្រោះក្មេងនោះ។

៥- ជាចុងក្រោយ ដើម្បីអាចបញ្ចូលទារកឬក្មេងនោះ ទៅកាន់គ្រួសារមួយណា ឱ្យស្របច្បាប់ គឺមានតែសេចក្តីសម្រេចរបស់តុលាការ តែប៉ុណ្ណោះ។ ទាំងនេះ គឺជាព័ត៌មានដែលខ្ញុំចង់ចែករំលែក សម្រាប់ករណីនៃការបោះបង់ទារកឬក្មេង នៅក្នុងប្រទេសកម្ពុជា របស់យើង…”៕