ភ្នំពេញ ៖ ទារិកាម្នាក់ ទើបនឹងចាប់កំណើតបានប្រមាណ៣ថ្ងៃ ត្រូវបានឪពុកម្តាយ យកមកប្លុងចោលនៅខាង មុខផ្ទះជួល ១កន្លែង និងត្រូវបាននារីម្នាក់ ដែលជាអ្នកស្នាក់នៅផ្ទះជួលនោះ ប្រទះឃើញ រាយការណ៍ជូនអាជ្ញា ធរមូលដ្ឋាន។

ករណីប្លុងចោលទារិកានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះជួល លេខ២៩ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ តាមការសន្និដ្ឋានរបស់អ្នកភូមិ ទារិកានេះ អាចទើបនឹងកើតបានរយៈពេល៣ថ្ងៃប៉ុណ្ណោះ និងត្រូវបានរុំខ្លួនដោយកន្សែង ចំណែកនៅជិតខ្លួនទារិកា មានម្សៅទឹកដោះគោ ១កំប៉ុង ក្បាលបៅ១ ព្រមទាំងខោទឹកនោម និងទឹកសុទ្ធ ចំណុះ១លីត្រកន្លះ ១ដប ដោយច្រកនៅក្នុងថង់យួរពណ៌ផ្កាឈូក១។

តាមប្រភពនារីម្នាក់ ឈ្មោះហ៊ុម ស្រីឡូត អាយុ២១ឆ្នាំ មុខរបរបុគ្គលិករដ្ឋបាលរោងចក្រ ស្នាក់នៅផ្ទះជួលកើត ហេតុខាងលើ បានរៀបរាប់ប្រាប់ថា នៅវេលាម៉ោងកើតហេតុ ខណៈដែលនាងជិះម៉ូតូត្រឡប់មកពីធ្វើការ ដល់ផ្ទះជួល បានឃើញថង់យួរពណ៌ផ្កាឈូក ស្ថិតនៅក្បែរថូផ្កា មុខផ្ទះជួល ពេលនោះនាងចូលទៅមើល ស្រាប់តែឃើញទារិកាម្នាក់ នៅក្បែរនោះដែរ រុំកន្សែងពោះគោ ហើយទារិកានេះ រើបម្រះខ្វើកៗ ប៉ុន្តែអត់យំទេ។ ពេលនោះ នាងបានស្រែកប្រាប់អ្នកជិតខាង បង្កឱ្យមានការភ្ញាក់ផ្អើល ព្រមទាំងលើកទារិការនោះឡើងមកបី រួចជូតសម្អាតខ្លួន និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាមៗ។

ដោយឡែកប្រជាពលរដ្ឋ បាននិយាយថា មុនពេលកើតហេតុ ពួកគាត់បានឃើញមនុស្សប្រុសស្រី មិនស្គាល់អត្តសញ្ញាណ ២នាក់ អាចជាជាឪពុកម្តាយ ឬក៏សាច់ញាតិទារិកានេះ បានជិះម៉ូតូ ១គ្រឿង ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ដឹកគ្នាមកឈប់នៅមុខផ្ទះខាងលើ។ លុះបន្តិចក្រោយមក ក៏ចាកចេញទៅបាត់។ ពេលនោះ ពួកគាត់មើលមិនច្បាស់ថា ២នាក់នោះ ឈប់ធ្វើអ្វីទេ ព្រោះមិនសូវចាប់អារម្មណ៍ ហើយមុខផ្ទះនោះងងឹតផង ដោយម្ចាស់ មិនទាន់បានបើកភ្លើងមុខផ្ទះ។ ក្រោយពេលឈប់បន្តិច ជន២នាក់នោះ ក៏ចាកចេញទៅបាត់ ហើយបន្ទាប់មក ពេលម្ចាស់ផ្ទះជួល ឈ្មោះហ៊ុម ស្រីឡូត មកដល់ ក៏ប្រទះឃើញទារិកានៅទីនោះ បង្កឱ្យមាន ការភ្ញាក់ផ្អើលតែម្តង។

ក្រោយពេលកើតហេតុ មន្ត្រីសាលាសង្កាត់ចោមចៅទី២ បានចុះទៅពិនិត្យជាក់ស្តែង ហើយបានឱ្យស្ត្រីរូបនោះ ជួយមើលថែទារិកានោះ ជាបណ្តោះអាសន្ន រង់ចាំការសម្រេចនិងចាត់ចែងបន្តពីមន្ត្រីនៃមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ។

គួរកត់សម្គាល់ដែរថា កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក៏មានករណី យកទារកទ់បកើត មកប្លុងចោលបែបនេះផងដែរ ដោយទារកម្នាក់ ទើបនឹងសម្រាលបានប្រមាណ ៥ថ្ងៃ ត្រូវបានម្តាយយកមកប្លុងចោលនៅក្រោមរានទេវតា មុខផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្លូវបេតុង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទាំងយប់ លុះទារកស្រែកយំ ទើបម្ចាស់ផ្ទះ និងអ្នកភូមិ ចេញមកមើល ប្រទះឃើញ។ ករណីនេះ មកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ បានសហការជាមួយអាជ្ញា ធរពាក់ព័ន្ធ បានសម្រេចប្រគល់ទារកដែលត្រូវបានឪពុកម្តាយបោះបង់ចោលនេះ ទៅឱ្យគ្រួសារមួយ យកទៅចិញ្ចឹម ក្នុងនាមជាឪពុកម្តាយធម៌ ៕

