Tuesday, September 9, 2025
Homeសង្គម និងជីវិតសាក្សីរស់១ទៀត រឿងជនភៀសខ្លួនខ្មែរ សៀម យកចាក់ចោលលើភ្នំដងរែក

សាក្សីរស់១ទៀត រឿងជនភៀសខ្លួនខ្មែរ សៀម យកចាក់ចោលលើភ្នំដងរែក

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ជាអាណិកជនខ្មែរ រស់នៅប្រទេសស្វីស ជាសាក្សីរស់ម្នាក់ ក្នុងចំណោមជន ភៀសខ្លួនខ្មែរ ដែលត្រូវទាហានសៀម ដឹកយកទៅចាក់ចោលលើភ្នំដងរែក បណ្តាលឱ្យស្លាប់ជិត ៩ម៉ឺននាក់ បានរៀបរាប់ពីខ្សែជីវិតដ៏ជូរចត់របស់គាត់ ដែលបានឆ្លងកាត់ ពេលវេលាដ៏ឈឺចាប់ មិនអាចបំភ្លេចបាន ដោយត្រូវក្រុមទាហានសៀម ភ្ជង់កាំភ្លើង ដេញចុះពីភ្នំដងរែក ឱ្យធ្លាក់ជ្រោះ និងដើរកាត់ចម្ការមីន។

គណនីបណ្តាញសង្គម ឈ្មោះ Ellene Fashion TV កាលពីពេលថ្មីៗនេះ បានបង្ហោះវីដេអូបទសម្ភាសន៍ជា មួយបុរសចំណាស់ម្នាក់ ជាអាណិកជនខ្មែរ រស់នៅប្រទេសស្វីស និងជាសាក្សីរស់ម្នាក់ ដែលត្រូវទាហានសៀម ដឹកយកទៅចាក់ចោលលើភ្នំដងរែក ភ្ជាប់ជាមួយនឹងសំណេរថា “ប្រល័យពូជសាសន៍ដែលសៀម បានធ្វើមកលើខ្មែរ យ៉ាងឃោរឃៅបំផុត លើភ្នំដងរែក ភ័ស្តុតាងមនុស្សរស់ អ៊ំប្រុស បានមករស់នៅប្រទេសស្វីស បន្ទាប់ពីឆ្លងកាត់បនប្រល័យពូជសាសន៍សៀម មកលើខ្មែរ លើភ្នំដងរែក ដែលពួកគេបង្ខំដោយការភ្ជង់កាំភ្លើង ចុះពីភ្នំដងរែក ឱ្យធ្លាក់ជ្រោះ និងចម្ការមីន។ សូមជួយស៊ែរបងប្អូន ឱ្យពិភពលោកដឹងពីភាពយង់ឃ្នងរបស់សៀម…”។

បុរសចំណាស់រូបនេះ បានរៀបរាប់យ៉ាងថា “ដំបូង ខ្ញុំនៅណងចាន់ ២០ថ្ងៃ ហើយត្រូវគេដឹកយកទៅចាក់នៅភ្នំដងរែក ខ្ញុំទៅថ្ងៃទី២ គ្រាន់តែចេញម៉ោង៧ព្រឹក ដល់យប់ម៉ោង២ បានដល់ ដល់ព្រំប្រទល់ ហើយគេឱ្យយើងចុះ ហើយសម្រាកដល់ម៉ោង ៦ភ្លឺ គេភ្ជង់កាំភ្លើងយើង ឱ្យចុះភ្នំ ចុះទៅ អ្នកខ្លះចាស់ៗក៏តោងវល្លិទៅ ពួកខ្ញុំក៏បីកូន ហើយចុះទៅដល់ ក៏ឃើញប្រជាជន អ្នកទៅថ្ងៃទី១ ស្លាប់នៅនឹងអូរហ្នឹង ហើយពួកខ្ញុំដើរទៅ អត់ហ៊ានដើរចុះក្រោម ទៅជិតទឹកទេ ដើរតម្រៀបជួរគ្នា ចុះ១ជួរ ពេលទៅដល់មាត់ទឹក សុទ្ធតែឈាម ប្រជាជន ថ្ងៃទី១ ដែលផ្ទុះមីនស្លាប់ គេដឹកយកទៅហ្នឹង រាប់រយឡាន ១ឡានៗ ពេញៗ ប្រភេទឡានក្រុង ១ឡាន ៧០ប្លាយនាក់ ពេលដែលគេដឹកយើងយកទៅចាក់ចោលនោះ គេអត់ប្រាប់យើងថាម៉េចទេ ហើយមានប្រជាជនថៃ គេខ្លះ គេឱ្យអំបិល ស្ករ ឱ្យយើងទៅ តែគេអត់ហ៊ានមាត់ទេ គ្រាន់តែគេយកមកឱ្យយើង ហើយយើងទៅអ៊ីចឹង ក៏អត់ដឹងដែរ…”។

បុរសចំណាស់ខាងលើ បន្តថា “ពេលយើងចូលមកពីប្រទេសខ្មែរ តាមច្រកកូនដំរី ពេលចូលទៅ អ្នកដែលជូនយើងទៅ ដែលជាខ្មែរគ្នាឯង គេយកម្នាក់ ២ជីមាស ដល់យើងឱ្យគេទៅ គេជូនយើងដើរទៅជិតដល់ព្រំដែន ក៏ជួបពួកចោរ ជាជនជាតិសៀម ពួកវាឆែកប្លន់យកមាសប្រាក់ ពីយើងអស់ហើយ ទើបវាលែងឱ្យយើងទៅមុខ ទៀត បានទៅដល់ ១ដំណាក់កាលទៀត ជិតចូលដីថៃ ហើយ ទើបទាហានសៀម វាកាក់យើង ហើយឆែកទៀត អ៊ីចឹងអ្នកខ្លះលាក់មាសក្នុងខោអាវ ក៏ត្រូវពួកទាហានសៀម ចាប់ដោះខោអាវ ដុតចោល យកមាស ហើយអ្នកខ្លះចាស់ៗ ដើរមិនរួច ត្រូវកូនចៅសែង ចងអង្រឹងជាប់ស្នែងឫស្សី ក៏ត្រូវពួកវាចាប់យកស្នែងឫស្សីនេះ ពុះរកឃើញមាស យកអស់ថែមទៀត រហូតដល់ចាស់ៗខ្លះដើររួច តែប្រើឈើច្រត់ ក៏ត្រូវពួកវាចាប់យកឈើច្រត់ ទៅពុះរកមាសដែរ ហើយឱ្យតែឃើញ គឺវាប្រមូលយកទាំងអស់…”។

សាក្សីរស់ដដែល បានបន្តទៀតថា “បន្ទាប់ពីចូលទៅដល់ដីថៃ បាន២០ថ្ងៃ ពួកទាហានសៀម ក៏ដឹកពលរដ្ឋខ្មែរ យកទៅចាក់ចោលនៅភ្នំព្រះវិហារ តែម្តង កន្លែងនោះ មានជ្រោះជ្រៅខ្លាំងណាស់ ត្រូវតោងវល្លិចុះ ហើយខ្លះមានកូនក្មេងតូចៗ ត្រូវម៉ែឪពបី ខ្លះចងជាប់ចង្កេះ ដើម្បីតោងវល្លិ ចុះជ្រោះភ្នំ។ លុះពេលចុះដល់ក្រោម ឃើញថាទៅមុខលែងរួច ព្រោះមានមីន មានអី ណាមួយ ឃើញប្រជាជនខ្មែរយើង ស្លាប់ច្រើនពេក ក៏នាំគ្នាបកក្រោយ វិញ តែពេលឡើងទៅលើវិញរួច ត្រូវទាហានសៀម ចាំបាញ់សម្លាប់ចោលតែម្តង។ អ៊ីចឹងហើយ ពួកយើងត្រូវបង្ខំចិត្តចុះមកវិញទៀត ដល់មាត់ទឹក អត់ហ៊ានចុះ ខ្លាចផ្ទុះមីន ក៏នាំគ្នាដេកនៅទីនោះ ៣ថ្ងៃ ក៏មានពួកខ្មែរ ក្រហម មកមើល មើលហើយ ពួកវាក៏ទៅវិញអស់។ លុះដល់ថ្ងៃទី៤ ពួកទាហានវៀតណាមមកម្តង មកដល់ឃើញមានប្រជាជនដេករដូករណែលបែបនេះ ក៏ទៅវិញបាត់ តែ១ថ្ងៃ ២ថ្ងៃក្រោយមក ក៏ត្រឡប់មកវិញ ដោយមានកាមេរ៉ា មកថតទៀតផង រួចក៏ទៅវិញបាត់ទៀត។ លុះ៣ថ្ងៃក្រោយមកទៀត ទើបក្រុមទាហានវៀតណាម បានមកម្តងទៀត និងបានជួយដោះមីន រួច ក៏ឱ្យប្រជាពលរដ្ឋយើងចេញទៅ ដើម្បីធ្វើដំណើរចូលស្រុកវិញ ដោយដើរតាមផ្លូវក្រួសក្រហម ក្នុង១ថ្ងៃ ដើរបាន២០គីឡូម៉ែត្រ ហើយនៅតាមផ្លូវ មានទាហានវៀតណាម ចែកអង្ករ និងម្សៅមីឱ្យគ្រាន់បានដាំហូបតាមផ្លូវ គ្រាន់បន្តដំណើរទៅមុខទៀត…”។

បុរសចំណាស់ ជាសាក្សីរស់ខាងលើ បានបន្ថែមថា “ពេលនោះ គ្រួសារខ្ញុំ ប្រពន្ធខ្ញុំ ទើបនឹងមានកូនខ្ចី ៣ខែ ប៉ុណ្ណោះ បានដើរចេញពីព្រះវិហារ ទៅឧត្តរមានជ័យ រហូតដល់ស្ទឹងសែន ខេត្តកំពង់ធំ ស្រាប់តែទឹកជន់ខ្លាំង ទៅមុខលែងរួច អ៊ីចឹងនៅស្ទឹងសែនហ្នឹង អស់រយៈពេល ១ខែ ហើយនៅទីនោះ គាត់ដាច់ស្បៀង ក៏ដើរទៅតាមព្រៃ រកដូរអង្ករ ជាមួយនឹងក្រុមជនជាតិព្នង ដែលមានចោះត្រចៀកធំៗ ដោយយកក្រមា សម្ភារៈផ្សេងៗដែលមានជាប់ខ្លួន យកទៅដូរអង្ករ មកហូប ហើយអំឡុងពេលស្នាក់នៅស្ទឹងសែន នោះ ក្នុង១យប់ មានអ្នកស្លាប់ យ៉ាងតិច២០នាក់ ដោយសារជំងឺគ្រុនចាញ់ ហើយក្រោយពីស្នាក់នៅស្ទឹងសែន បាន១ខែ ទឹកចាប់ផ្តើមស្រកវិញ ក៏មានទាហានវៀតណាម បានមកយកប្រជាពលរដ្ឋដែលជាកសិករ យកទៅមុន ដើម្បីធ្វើស្រែ ចំណែកពួកខ្ញុំដែលជាកូនចៅចិន ទុកឱ្យនៅបន្តសិន។ បន្ទាប់មកទៀត ពួកខ្ញុំបានដើរបន្តមកដល់ស្រុកតាំងគោក ក៏ជួបនឹងមិត្តភក្តិ ហៅឱ្យស្នាក់នៅជាមួយ ទើបខ្ញុំបានផ្ញើប្រពន្ធ នៅតាំងគោក រួចក៏ចេញទៅរកស៊ីរត់ពន្ធ ទៅជំរំថ្មី គ្រាន់តែដើរទៅនិងមកវិញ ចំណាយពេល ២០ថ្ងៃ ។ ពេលទៅដល់ជំរំថ្មី ខ្ញុំទិញអីវ៉ាន់ សារុង ប៊ីចេង កន្ទុយស្នោ រែកដើរយកមកវិញ លក់បានលុយ ទិញកង់១ យកទៅរត់ពន្ធបន្ត។ លុះក្រោយមក ក៏បន្តយកអីវ៉ាន់ទៅលក់ដល់ភ្នំពេញ។ ក្រោយមកក៏សម្រេចចិត្តជិះកង់ដឹកប្រពន្ធកូន ទៅដល់ព្រំដែន ជំរំថ្មី និងមានឱកាសបានចាកចេញមករស់នៅប្រទេសស្វីស រហូតដល់សព្វថ្ងៃ…”។

គួរបញ្ជាក់ថា សាក្សីរស់ ដែលបានអះអាងថា សៀម ធ្លាប់បានសម្លាប់ជនភៀសខ្លួនខ្មែរ រាប់ម៉ឺននាក់ ដោយដឹកយកចាក់ចោលលើភ្នំដងរែក និងភ្នំខ្មោច នោះ មានច្រើននាក់មកហើយ ដែលបានចេញមុខរំលឹករឿងឈឺចាប់ដោយអំពើប្រល័យពូជសាសន៍ អមនុស្សធម៌របស់សៀម មកលើជនភៀសខ្លួនខ្មែរ ក្នុងនោះ មាន លោកមេធាវី សុក សំអឿន ទីប្រឹក្សាច្បាប់អមរិន្ទ និងលោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី រួមទាំងបុរស ចំណាស់មួយរូបខាងលើ ដែលសព្វថ្ងៃរស់នៅប្រទេសស្វីស ដែលមានសំណាង បានរួចរស់ជីវិតពីក្នុងចំណោមជនរងគ្រោះរាប់ម៉ឺននាក់៕ ដារិទ្ធ

RELATED ARTICLES