ខេត្តព្រះវិហារ ៖ ខណៈដេលក្រុមគ្រួសារប្រជាពលរដ្ឋជាពុទ្ធបរិស័ទទាំងឡាយកំពុងនាំគ្នាទៅវត្ត ជុំគ្នា ដើម្បីធ្វើបុណ្យកាន់បិណ្ឌ តែក្រុមគ្រួសារ វីរកងទ័ពពលីក្នុងបុព្វហេតុការពារទឹកដី ក្នុងសង្គ្រាម ៥ថ្ងៃដែលបង្កដោយទាហានចោរសៀម ឈ្លានពានទឹកដីកម្ពុជា បានត្រឹមនាំគ្នាយករូបថតវីរយុទ្ធជនពលី មកវត្ត ស្ដាប់ធម៌ រាប់បាត្រ នៅបរិវេណវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ទាំង ទឹកភ្នែក សោកស្តាយស្រណោះអាឡោះអាល័យសាច់ញាតិដែលបានបាត់បង់ជីវិត ដោយសារតែចោរឈ្លាន ពានទឹកដីដ៏កំណាចឃោរឃៅ ។


ពិធីរាប់បាត្រ នៅបរិវេណវត្តពោធិ៍ ៥០០០ដើមនេះ មានព្រះសង្ឃចូលរួមចំនួន ១០០០អង្គ ដោយមានសាច់ញាតិវីរកងទ័ពពលី កាន់រូបថតមកចូលរួមពិធី ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព សូមឲ្យបានទៅកើតក្នុងសុគតិភព និងតាមជួយថែរក្សាវីរកងទ័ពជួរមុខ ឲ្យបានសុខសប្បាយ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងសូមឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជា មានសុខសន្តិភាព សម្បូររុងរឿង។



បងប្អូន សាច់ញាតិវីរកងទ័ពទាំងនោះ ដែលខ្លះត្រូវជាឪពុក ម្តាយ បងប្អូន យាយតា កូនចៅ បានកាន់រូបថតវីរកងទ័ព មកវត្តពោធិ៍៥០០០ដើម នៅថ្ងៃកាន់បិណ្ឌទី១ បានថ្លែងថា ពួកគាត់ជាគ្រួសារកងទ័ព ក៏ដូចជាប្រជាជនកម្ពុជា ទាំងអស់ ត្រូវការសន្តិភាព មិនត្រូវការសង្រ្គាមទេ ហើយសង្គ្រាមដែលបង្កឡើងដោយទាហានសៀម បានបង្កការឈឺចាប់យ៉ាងខ្លាំងដល់ពួកគាត់ ក៏ដូចប្រជាពលរដ្ឋទាំង២ប្រទេស ដូច្នេះពួកគាត់សូមអំពាវនាវដល់ទាហានថៃ គោរពនិងអនុវត្តបទឈប់បាញ់ ឈប់ឈ្លានពានកម្ពុជា និងដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ៕
