ខេត្តកំពង់ធំ ៖ គិតមកត្រឹមព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដំណើរថ្មើរជើង ពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀម រាប របស់កញ្ញា កុយ អេនណា មានរយៈពេល៨ថ្ងៃហើយ ខណៈដែលកញ្ញា កុយ អេនណា បានដើរទៅដល់ទឹកដីស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាទីតាំងមួយបានធ្វើឱ្យនាងរំភើបចិត្ត រហូតដល់ស្រក់ទឹកភ្នែក បន្ទាប់ ពីបានឃើញសន្ទុះនៃការគាំទ្ររបស់មហាជន ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកបារាយណ៍ ដែលបានរង់ចាំស្វា គមន៍នាង យ៉ាងច្រើនកុះករ ប្រកបដោយភាពកក់ក្តៅបំផុត។

ក្រោយពីធ្វើដំណើរដោយថ្មើជើងទៅដល់ខាងមុខសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅវេលាម៉ោង ៧យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កញ្ញា កុយ អេនណា បានបង្ហាញនូវរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក ខណៈដែលបានឃើញប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី រាប់រយនាក់ កំពុងឈរប្រមូលផ្តុំគ្នាទន្ទឹងចាំវត្តមានរបស់នាង។

កំពុងឈរក្នុងហ្វូងប្រជាពលរដ្ឋអ្នកគាំទ្រ រាប់រយនាក់ កញ្ញា កុយ អេនណា បានធ្វើការឡាយវីដេអូ តាមទំព័របណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន រៀបរាប់ដោយក្តីរំភើបថា “ជម្រាបសួរ ពុកម៉ែ បងប្អូនទាំងអស់គ្នា! ពេលនេះ ពុកម៉ែ បងប្អូនយើង កំពុងតែរង់ចាំខ្ញុំ ច្រើនខ្លាំងមែនទែន ខ្ញុំពិតជាអត់នឹកស្មានថា ពួកគាត់មកចាំខ្ញុំតាំងពីយូរបែបនេះទេ គឺថាទឹកចិត្តសាហាវខ្លាំងមែនទែន។ អ្នកទាំងអស់គ្នា ឥឡូវនេះគឺខ្ញុំកំពុងតែនៅពីមុខសាលាស្រុកបារាយណ៍ ហើយពុកម៉ែ បងប្អូន ទទួលស្វាគមន៍ខ្ញុំឡើងកក់ក្តៅល្អមែនទែន នេះពិតជារឿងមួយអស្ចារ្យណាស់ ពុកម៉ែ បងប្អូន គាត់មកចូលរួមច្រើនណាស់ ជាពិសេសក្មេងៗ ហើយអរគុណដល់បងៗមេប៉ុស្តិ៍ កម្លាំងប៉ុស្តិ៍ គាត់នៅហ្នឹង ដែលគាត់ខំជួយសម្រួលនាងខ្ញុំមែនទែន ហើយនាងខ្ញុំមានតែម្រាមដៃដប់ទេ អរគុណចំពោះការគាំទ្រ ហើយក៏អរគុណដល់កងកម្លាំង ដែលគាត់នៅហ្នឹងផ្ទាល់ ពូមេប៉ុស្តិ៍គាត់នៅហ្នឹងផ្ទាល់…”។

រាប់ចាប់តាំងពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលកញ្ញា កុយ អេនណា ចាប់ផ្តើមដំណើរថ្មើរជើងរបស់នាង ចេញពីរាជធានីភ្នំពេញ មក សង្កេតឃើញថា សន្ទុះនៃការគាំទ្រនិងលើកទឹកចិត្តដល់កញ្ញា កុយ អេនណា ហាក់កាន់តែកើនខ្លាំងឡើងជាលំដាប់ ដោយមានមហាជនជាច្រើន តែងឈររង់ចាំផ្លូវ មិនដាច់ ដើម្បីស្វាគមន៍ការមកដល់របស់កញ្ញា និងថែមទាំងបានចូលរួមជួយឧបត្ថម្ភជាទឹកប្រាក់ តាមលទ្ធភាពរៀងៗខ្លួន។ ចំណែកសាមីខ្លួន កញ្ញា កុយ អេនណា ខិតខំពុះពារឧបសគ្គ បន្តដំណើរថ្មើរជើង លើផ្លូវដ៏វែងឆ្ងាយនេះ ដោយមិនរួញរា ទោះឆ្លងកាត់កម្តៅថ្ងៃ ភ្លៀងផ្គរ ខ្យល់ ឬការហត់នឿយយ៉ាងណាក្តី។ កញ្ញា កុយ អេនណា បានបញ្ជាក់ថា ដំណើរថ្មើរជើងនេះ ពិតជាហត់ និងធ្វើឱ្យនាងមានការឈឺចាប់ ហើមនិងរមួលសាច់ដុំជើងខ្លះៗ តែនាងមានក្តីសុខ សប្បាយចិត្ត ព្រោះបានឃើញនិងស្គាល់ពីទំហំទឹកចិត្តរបស់ជនរួមជាតិខ្មែរ។

គួរបញ្ជាក់ថា កញ្ញា កុយ អេនណា អតីតកញ្ញាឯកមួយរូប បច្ចុប្បន្នជាតារាបង្ហាញម៉ូដ និងតារាឃោស នាផលិតផលជាច្រើនម៉ាក បានរៀបចំដំណើរថ្មើរជើងជាលើកដំបូងរបស់ខ្លួន ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀម រាប ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ ជួយឧបត្ថម្ភគាំទ្រដល់ក្មេងៗ ឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និងដើម្បីផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ផងដែរ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីកម្មវិធីថ្មើរជើងរបស់កញ្ញា កុយ អេនណា ពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀម រាប បានបញ្ជាក់ថា ដំណើរថ្មើរជើងលើកដំបូង របស់នាង ទៅកាន់ខេត្តសៀមរាប គឺគោលបំណង ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ ជួយគាំទ្រដល់ក្មេងៗ ឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និងផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ផងដែរ។

កញ្ញា កុយ អេនណា បញ្ជាក់ថា សប្បុរសជនទាំងអស់ អាចចូលរួមគាំទ្រក្នុងគម្រោងរបស់នាងបាន តាមរយៈការស្កេនថវិកាសប្បុរសធម៌ (តាមទឹកចិត្ត) ទៅ QR Code គណនីធនាគារវឌ្ឍនៈ ឈ្មោះកុយ អេនណា (លេខគណនី ៖ 002 325 184) ចាប់ពីថ្ងៃដែលនាងចេញដំណើរ ពីថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៥ រហូតដល់ថ្ងៃបញ្ចប់គោលដៅនៅខេត្តសៀមរាប។

ជាមួយគ្នានេះ កញ្ញាក៏បើកទទួលការសហការឧបត្ថម្ភពីបណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ចូលរួមគាំទ្រនៅក្នុងបេសកកម្មរបស់នាង អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់អ្នកចាត់ការទូទៅរបស់នាង លេខទូរ ស័ព្ទ ០១០ ៤៤៨ ៩២៦ (តេឡេក្រាម)។ កញ្ញា ក៏ទទួលដោយស្ម័គ្រចិត្ត មិនថាថវិកាឧបត្ថម្ភ ឬកន្លែងស្នាក់នៅ អាហារដ្ឋាន នៅតាមទីតាំងគោលដៅដែលនាងនឹងត្រូវសម្រាក រហូតដល់ខេត្តសៀមរាប រួមទាំងសម្ភារៈជំនួយដល់ការធ្វើដំណើរផងដែរ៕ ដារិទ្ធ
