ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ មូលនិធិថែទាំសុខភាពអេដស៍ (AHF) កម្ពុជាអញ្ជើញអ្នកសារព័ត៌មាន ចូលរួមទស្សនានៅមណ្ឌលថែរក្សាសុខភាព ទួលគោក របស់AHF ដែលមានទីតាំងផ្ទះលេខ០៦ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក (គ្លីនិកកាមរោគ) ក្នុងរាជធានីភ្នំពេញ ។



កម្មវិធីនេះធ្វើឡើងចំពេលមានការកើនឡើងនៃអត្រាឆ្លងជំងឺកាមរោគក្នុងចំណោមយុវជនកម្ពុជា។ អ្នកសារព័ត៌មានទទួលបានព័តមានពីអ្នកដឹកនាំ និងអ្នកផ្តល់សេវារបស់ AHF អំពីវឌ្ឍនភាព និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតដែលកំពុងត្រូវបានអនុវត្ត ដើម្បីកែលម្អការព្យាបាល និងថែទាំជំងឺកាមរោគ និងមេរោគអេដស៍។ ព្រឹត្តិការណ៍នេះក៏នឹងរួមបញ្ចូលផងដែរនូវការបង្ហាញពីរបៀបដែលមណ្ឌលថែរក្សាសុខភាពផ្តល់សេវាកម្មឯកទេសសម្រាប់អតិថិជន និងឱកាសសម្រាប់អ្នកយកព័ត៌មានដើម្បីសម្ភាសអតិថិជនក្នុងអំឡុងពេលទស្សនាទីតាំងគ្លីនិក។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់ AHF Cambodia មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនអ្នកសារព័ត៌មាននូវឱកាសមួយដើម្បីទស្សនាគ្លីនិកពិនិត្យ និងព្យាបាលកាមរោគរបស់យើង ចូលរួមដោយផ្ទាល់ជាមួយអតិថិជន និងបានឃើញដោយផ្ទាល់នូវសេវាកម្មដែលមានឥទ្ធិពលដែលយើងផ្តល់ជូន» ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា៖ «ជាមួយនឹងការថយចុះនៃជំនួយអន្តរជាតិ ការទ្រទ្រង់ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជារហូតដល់ឆ្នាំ ២០៣០ នៅតែជាបញ្ហាប្រឈមដ៏សំខាន់។ ឥឡូវនេះគឺជាពេលវេលាដើម្បីជំរុញការផ្តល់មូលនិធិក្នុងស្រុកដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ AHF Cambodia កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយធានាបាននូវការទទួលបានការព្យាបាល 100% សម្រាប់អតិថិជនដែលទើបធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍ និងការពង្រីកសេវាកម្មរបស់យើង រួមទាំងមណ្ឌលពិនិត្យ និងព្យាបាលជំងឺកាមរោគ យើងផងដែរ»។

វេជ្ជបណ្ឌិតម៉ា សួនសុភ័ក្ដ ប្រធានគ្រប់គ្រងមណ្ឌុលរក្សាសុខភាពនៅ AHF Cambodia បានឲ្យដឹងដែរថាគ្លីនិកនេះ ព្យាបាលជំងឺកាមរោគ តំណើរការជិត១ឆ្នាំហើយ ដោយបានសហការណ៍ជាមួយមជ្ឈមណ្ឌុលជំងឺជាតិទើបបើកគ្លីនិកនេះឡើងដែលគោលដៅធំបំផុតព្រោះយើងសង្កេតឃើញថាបុរសស្រលាញ់បុរសភាគច្រើនគឺដល់ទៅ៩០% មកព្យាបាលសេវារបស់យើង ទើបAHF ចាប់ផ្ដើមដំណើរការសេវានេះ។ការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺកាមរោគនៅAHF យើងចាប់ផ្ដើមពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យពីម៉ោង៨ព្រឹក-៦ល្ងាច ហើយសេវាឥតមានសំរាកថ្ងៃត្រង់ទេគឺយើងមានក្រុមការងារប្ដូរវេនគ្នាធ្វើការ ចឹងអតិថិជនចង់មកពេលណាក៍បានដែរ ហើយយើងឥតត្រូវការបង់ប្រាក់ឡើយ។

លោកវេជ្ជបណ្ឌិតម៉ា សួនសុភ័ក្ដ បានឲ្យដឹងបន្ថែមទៀតថារយៈពេលជិត១ឆ្នាំនៃការដំណើរការសេវាព្យាបាលជំងឺកាមរោគ AHF មានសេវាបង្ការ និងព្យាបាល រួមទាំងប្រឹព (Prep) មានទាំងថ្នាំលេប និងចាក់ ហើយនៅពេលខាងមុខយើងមានដាក់សេវាកងផងដែរ។ជាទូទៅក្នុងមួយថ្ងៃអ្នកព្យាបាលជំងឺកាមរោគមានចំនួនចន្លោះពី១៥នាក់ តែជាគោលដៅយើងចង់បានឲ្យដល់ចំនួន៣០នាក់ក្នុងមួយថ្ងៃ។ភាគច្រើនអតិថិជនជាយុវវ័យ ព្រោះAHF មើលទាំងកាមរោគ និងតេស្ដអេដស៍ឲ្យគាត់ទៀត ហើយយើងក៍រក្សារព័តមានសម្ងាត់ឲ្យគាត់ផងដែរ។លោកថាអ្នកជំងឺកាមរោគមកព្យាបាលចន្លោះពី៣៥០ទៅ៤០០នាក់ក្នុងមួយខែហើយ ដែលសេវាព្យាបាលជំងឺកាមរោគ តំណើរការបានជិត១ឆ្នាំហើយ គឺយើងគិតតែលើផ្នែកកាមរោគទេ ដែលភាគច្រើនអ្នកមករកសេវាព្យាបាលភាគច្រើនជាយុវជនចន្លោះអាយុពី១៨ ទៅ២៥ឆ្នាំ។

ចំណែកវេជ្ជបណ្ឌិតល័ក្ខ វឌ្ឍនា វេជ្ជបណ្ឌិតឯកទេសនៅAHF Cambodia បានឲ្យដឹងដែរថាក្នុងករណីដែលអ្នកជំងឺមានដៃគូមួយទល់និងមួយ អត្រានៃការព្យាបាលជាជំងឺកាមរោគគឺមានខ្ពស់ដោយសារតែគាត់ពុំមានដៃគូខាងក្រៅ តែបើគាត់មានដៃគូច្រើនការឆ្លងថ្មីពិតជាអាចកើតមាន។ក្រោយព្យាបាលរួចយើងមានការណាត់ជួបអ្នកជំងឺក្នុងអំឡុង២ឆ្នាំដើម្បីប្រាកដថាតើមានករណីឆ្លងថ្មីដែរឬទេ?ក្នុងររណីពី៦ខែទៅ២ឆ្នាំ បើរកឃើញមានករណីឆ្លងថ្មីយើងនឹងទាក់ទងគាត់ឲ្យមកព្យាបាលឡើងវិញ ដើម្បីបង្ការការចម្លងទៅគ្រួសារគាត់។ប៉ុន្ដែយ៉ាងណាលោកវេជ្ជបណ្ឌិតថាអត្រាបោះបង់មានច្រើនទោះជាព្យាបាលចប់ តែការតាមដាន និងចម្លងថ្មី ពុំទាន់មកដល់នៅឡើយ ចឹងខ្លះគិតថាព្យាបាលចប់ហើយពុំមានការចម្លងទៀតទេ ប៉ុន្ដែអ្វីដែលគាត់តែងតែធ្វែសប្រហែសនោះគឺការឆ្លងថ្មីមកវិញ នៅពេលគាត់ពុំបានការពារ ហើយគាត់នៅជាមួយដៃគូ។


លោកវេជ្ជបណ្ឌិត ចន ផាន់ណា ក៍បានផ្ដែផ្ដាំទៅអ្នកមានជំងឺកាមរោគថាAHF ជាសេវាដែលមិនបង់ប្រាក់ទេ លោកសូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ក្នុងការទទួលយកសេវាថែទាំសុខភាពអ្នកដែលនៅក្នុងក្រុមប្រឈមដែលជាអ្នកធ្វើការនៅសេវាកម្មកម្សាន្ដ អ្នកស្រលាញ់ភេទដូចគ្នា អ្នកបំលែងភេទ គឺជាក្រុមគោលដៅមួយទទួលយកចិត្តទុកដាក់ក្នុងការទួលបានសារ និងព័តមានឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរក្សារសុខភាពឲ្យបានល្អចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិកម្ពុជា ក៍ដូចជាក្រុមគ្រួសារឲ្យបានលូតលាស់ទៅមុខទៀត ៕
