ខេត្តកណ្តាល ៖ សពពលបាលឯក ប្រាក់ ដា នៃកងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៤៨៦ បេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ដែលបានពលីដោយសារជំងឺគ្រុនចាញ់ បានមាតុ ភូមិនិវត្តន៍ដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។

ពិធីទទួលសពពលបាលឯក ប្រាក់ ដា បានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងវត្តមានថ្នាក់ ដឹកនាំក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងក្រុមគ្រួសារ សាច់ញាតិរបស់សពពលបាលឯក ប្រាក់ ដា ជាច្រើនរូបទៀត។

សពពលបាលឯក ប្រាក់ ដា ត្រូវបានបញ្ជូនមកកាន់ប្រទេសកំណើតវិញ នៅវេលាម៉ោង ៤និង២៥នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោងនៅប្រទេសយូហ្គាន់ដា តាមជើងហោះហើរ Emirates airline EK 730 Entebbe។
នាឱកាសនោះដែរ ឧនាយករដ្ឋមន្ត្រី ទៀ សីហា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញ លេខ៤៨៦ ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ៤៨៦ បានពលីក្នុងអំឡុងពេលបំពេញបេសកកម្មនៅ សាធារ ណរដ្ឋអាហ្វ្រិកកណ្តាល “MINUSCA” ដោយសារជំងឺគ្រុនចាញ់។

ឧនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងថា “ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងអំពីមរណភាពរបស់ពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញ លេខ៤៨៦ ដែលបានពលីក្នុងអំឡុងពេលបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល “MINUSCA” កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារជំងឺគ្រុនចាញ់។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារពលបាលឯក ប្រាក់ ដា ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នូវកុលបុត្រខ្មែរ និងធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ដែលបានរួមចំណែកលើកតម្កើងកិត្យានុភាពនៃកងកម្លាំងមួកខៀវកម្ពុជា លើឆាកតំបន់និងអន្តរជាតិ។ ទោះបីរូបកាយពលបាលឯក ប្រាក់ ដា បានបាត់បង់ទៅក៏ពិតមែន តែកុសលកម្ម កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោក នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍»។

នាយឧត្តមសេនីយ៍ ទៀ សីហា បន្តថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធពលបាលឯក ប្រាក់ ជា សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមក្រុមគ្រួសារនៃសពពលបាលឯក ប្រាក់ ដា ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ”។

សពអនុសេនីយ៍ត្រី ប្រាក់ ដា ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងគោរពវិញ្ញាណក្ខន្ធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕