Tuesday, September 16, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ខួបកំណើត៣៩ឆ្នាំ ចង់ប្ដីឲ្យស្រឡាញ់មិនប្រែចិត្ត

ឱក សុគន្ធកញ្ញា ខួបកំណើត៣៩ឆ្នាំ ចង់ប្ដីឲ្យស្រឡាញ់មិនប្រែចិត្ត

ភ្នំពេញ ៖ ឱក សុគន្ធកញ្ញា បានប្រារព្ធខួបគម្រប់អាយុ៣៩ឆ្នាំ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដែលស្វាមីនាងក៏ធ្វើខួបគម្រប់អាយុ ៤៤ឆ្នាំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដែរ ទើបពួកគេចេញសារជូនពរគ្នាទៅវិញទៅមក។ ខួបកំណើតឆ្នាំនេះ សុគន្ធកញ្ញា មានបំណងធំ គឺចង់ឲ្យលោកអ៊ឹង សុខលី ជាស្វាមី ស្រលាញ់នាងនិងកូនៗ ដោយគ្មានការប្រែប្រួលចិត្ត ស្របពេលដែលលោកសុខលី ចង់ឃើញភរិយាច្រៀងកាន់តែពីរោះជាងនេះថែមទៀត ។

 ឱក សុគន្ធកញ្ញា ថ្លែងសារជូនរពរប្ដីថា «រីករាយថ្ងៃខួបកំណើតប្ដីជាទីស្រោឡាញ់ អរគុណដែលចូលមកក្នុងជីវិតអូន អរគុណដែលបងតែងតែមើលថែពួកយើងបានយ៉ាងល្អ អូនសូមបួងសួងទេវតា តាមថែរក្សាបង មានសេចក្ដីសុខ សុខភាពល្អ សម្រេចបំណងប្រាថ្នាគ្រប់យ៉ាងក្នុងជីវិត ជាពិសេសស្រលាញ់ប្រពន្ធកូនបែបនេះរហូតតទៅ» ។

 ចំណែកលោកអ៊ឹង សុខលី បានផ្ញើសារទៅប្រពន្ធថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ ឆ្នាំនេះយើងកើន អាយុមួយឆ្នាំទៀតហើយ បងសូមជូនពរអូន សូមមានសេចក្ដីសុខ សុភាពល្អ សម្រេចបំណងប្រាថ្នាគ្រប់យ៉ាងក្នុងជីវិត ជាពិសេសស សូមឲ្យសម្រស់កាន់តែស្រស់ស្អាត និងសំឡេងកាន់តែពីរោះ ជាទីពេញនិយមសម្រាប់ប្រជាជនគ្រប់រូប និងសូមឲ្យគ្រួសារដ៏តូចរបស់យើង កាន់តែមានសុភមង្គលបែបនេះរហូតតទៅ សូមឲ្យអូនមានជីវិតគ្រួសារបែបសាមញ្ញៗបានហើយ»។

ឱក សុគន្ធកញ្ញា មានអាយុតិចជាងប្ដី ៥ឆ្នាំ ហើយតាមរយៈការចេញសារជូនពរគ្នាទៅវិញទៅមក ព្រោះកើតក្នុងខែតែមួយនេះ Fan នៅតែចាត់ទុកកញ្ញា ជាតារាចម្រៀងដែលជោគជ័យទាំងអាជីពចម្រៀងនិងស្នេហា ព្រោះមានស្វាមីល្អ ចេះយល់ចិត្ត ចង់ឃើញនាងស្អាត និងច្រៀងពីរោះជាងនេះថែមទៀត ។ ប៉ុន្ដែក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែត កន្លងមកសុគន្ធកញ្ញា ធ្លាប់ថា ស្វាមីនាងអត់ចេះស្ដាប់និងមិនស្គាល់បទចម្រៀងនាងមួយបទណាឡើយ ។ បញ្ហានេះ មិនមែនថាកញ្ញា ច្រៀងមិនចូលត្រចៀកលោក ឬលោកមិនពេញចិត្តសំឡេងនាងទេ ប៉ុន្ដែដោយសារតែលោកសុខលី រវល់ការងារច្រើនពេក គ្មានពេលទំនេរតាមដានបទចម្រៀងភរិយាឡើយ ។

 គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា តែងតែប្រារព្ធខួបកំណើត ជារៀងរាល់ឆ្នាំ ដែលជូនកាលនៅថ្ងៃពិសេសនោះ នាងនាំប្ដីទៅដើរលេងនៅក្រៅស្រុក ពេលខ្លះទៅមាត់សមុទ្រ ញ៉ាំអាហារតែពីរនាក់ប្ដី ខណៈមុនរៀបការមាន Fan ខ្លះ បានយកនំខេក ទៅ Surprise នាង ដល់បន្ទប់ក៏មាន ។ សុគន្ធកញ្ញា ក្រោយមានប្ដី ជាង៦ឆ្នាំ នាងត្រូវបានលោកសុខលី ថ្នាក់ថ្នមខ្លាំង ដូចជាហៅនាងថា «ឧត្តមភរិយា មាតាដៃ១០០» ជាដើម ។ លោកសុខលី ដែលធ្លាប់លេចឮថា មានទាក់ទងស្នេហាជាមួយតារាស្រីមួយចំនួន មុនពេលរៀបការជាមួយសុគន្ធកញ្ញា នោះ ៦ឆ្នាំ មកនេះ គ្មានដំណឹងថា លោកមានពាក់ព័ន្ធស្នេហាជាមួយតារាណា ក្រៅពីភរិយាឡើយ ទើបកញ្ញា ចង់ឃើញប្ដីធ្វើបែបនេះចំពោះនាងរហូត ។

 ទោះជាឱក សុគន្ធកញ្ញា សម្រេចបំណងប្រាថ្នាគ្រប់យ៉ាង ដូចជាឥទ្ធិពលនាងប្រៀបបានដូចជាថៅកែហង្សមាស និងត្រូវបានតារាខ្លះគោរពហៅនាងថា «ជំទាវ» ប៉ុន្ដែអាជីពចម្រៀងនាង លែងស្ទុះទៅមុខទៀតហើយ តាំងពីមានស្វាមីមក ។ ប៉ុន្តែលោកសុខលី មិនបណ្ដោយឲ្យភរិយាលោកធ្លាក់ចុះទេ ពោលគឺកាលពីឆ្នាំ២០២៤ លោកបានរៀបចំ Solo Concert ឲ្យនាងច្រៀង ជាបន្ដបន្ទាប់ ដែលគោលបំណងធំ ត្រូវបានគេជឿថា លោកចង់ឲ្យភរិយា នៅតែជាតួឯក និងគ្មានតារាស្រីណា វ៉ាបាននោះឯង។

ទោះបីជាយ៉ាងណា អ្នកជំនាញសិល្បៈ បានលើកឡើងថា ប្រសិនបើកញ្ញា នៅតែចង់ប្រជែងទីផ្សារចម្រៀងឡើងវិញ រឿងសំខាន់ដែលនាងត្រូវធ្វើជាបន្ទាន់នោះ គឺសម្រកទម្ងន់ឲ្យបានសម្រេច មានរាងរៅស្អាតដូចកាលនៅក្រមុំវិញ ទើបអាចទៅរួច ៕

RELATED ARTICLES