ភ្នំពេញ ៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានលើកឡើងថា នៅពេលដល់រដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ លោកតែងនឹកដល់ព្រះបាទអង្គឌួង ព្រោះព្រះអង្គ គឺជាអ្នកបង្កើតពិធីបុណ្យនេះឡើង ហើយអ្វីដែលសំខាន់ជាងនេះទៅ ទៀតនោះ ព្រះបាទអង្គឌួង គឺជាអ្នកសុំឲ្យបារាំង មកការពារខ្មែរ កុំឲ្យសៀម-យួន សម្រេចមហិច្ឆតាក្នុងការប៉ុនប៉ងពុះទឹកដីកម្ពុជា ចែកគ្នា និងជាហេតុនាំឲ្យមានសន្ធិសញ្ញាបារាំង-សៀម កំណត់ព្រំដែនកម្ពុជា-សៀម កុំឲ្យសៀម ឈ្លានពាន រំលោភអធិបតេយ្យកម្ពុជា ផងដែរ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ថា “បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ធ្វើឲ្យខ្ញុំនឹកដល់ព្រះបាទអង្គឌួង ដែលបង្កើតពិធីបុណ្យនេះឡើង ។ នៅពេលគេនិយាយអំពីអាណានិគមបារាំង មកលើប្រទេសយើង ឬអំពីសន្ធិសញ្ញាបារាំង-សៀម កំណត់ព្រំដែនខ្មែរ-សៀម ក៏ខ្ញុំតែងតែនឹកដល់ព្រះបាទអង្គឌួង ដែរ ព្រោះព្រះអង្គ មានព្រះរាជតម្រិះសុំបារាំង ឲ្យមកការពារខ្មែរប្រឆាំងនឹងសៀម និងអណ្ណាម (យួន)» ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា ការបង្កើតឲ្យមានពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាំងពីរជ្ជកាលព្រះបាទអង្ឌឌួង គឺព្រះអង្គមាន ព្រះរាជបំណងយកព្រះពុទ្ធសាសនា ជាស្នូល បង្កើតវត្តអារាម ដល់ទៅ១០០ នៅក្នុងឧដុង្គ ដើម្បីឲ្យប្រជានុរាស្រ្ត ទៅវត្តទាំងអស់គ្នា ធ្វើបុណ្យរួមគ្នា មានស្មារតីឯកភាពគ្នា រួបរួមគ្នា ក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងទទួលរងការឈ្លានពានពីប្រទេសសៀម និងយួន ។ ហេតុដូច្នេះហើយ ជាការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ព្រះអង្គ បានសុំឲ្យបារាំង មកជួយការពារកម្ពុជា ហើយព្រះរាជតម្រិះផ្ដួចផ្ដើមរបស់ព្រះអង្គនេះ ក៏ទទួលបានជោគជ័យក្នុងរាជ្យព្រះបាទនរោត្ដម ដែលជាបុត្ររបស់ព្រះអង្គ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “បាទ! ការដែលខ្ញុំតែងតែនឹកដល់ព្រះអង្គ ជានិច្ច នៅពេលកាន់បិណ្ឌ និងបុណ្យភ្ជុំនេះ គឺតាមពិត លោកមានគំនិតធំៗពីរ ដូចខ្ញុំបានលើកឡើងហើយ ។ ទី១ នៅខាងអា ណាចក្រ លោកបានសុំបារាំង ឲ្យមកការពារខ្មែរយើងប្រឆាំងនឹងប្រទេសជិតខាង ពេលនោះគឺប្រទេសជិតខាង ត្រួតត្រាយើងទៅហើយ ។ ទី២ លោកយកព្រះពុទ្ធសាសនា ដូចជាស្នូលសម្រាប់កសាងឯកភាពខ្មែរ បើតាមខ្ញុំយល់ តាមដែលខ្ញុំសរសេរ ដែលខ្ញុំបានអាន បានអីហ្នឹងមក ហើយក៏បង្កើតបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌហ្នឹង ។ អាហ្នឹងខុសពីប្រទេសដែលកាន់ព្រះពុទ្ធសាសនា ហើយដូចជាពិភពលោក តាមខ្ញុំដឹង គឺមិនបានចែងពីបុណ្យភ្ជុំបិណ្ឌ ហ្នឹងទេ បុណ្យដែលរំលឹកដល់វិញ្ញាណក្ខន្ធបុព្វបុរសអី អាហ្នឹងគឺមាន ប៉ុន្តែបុណ្យភ្ជុំ ដែលមានរយៈពេល ១៥ថ្ងៃឯណោះ រយៈពេលយូរ អាហ្នឹងគឺឲ្យប្រជាពលរដ្ឋហ្នឹងទៅជួបជុំគ្នាក្នុងវត្ត ធ្វើបុណ្យធ្វើទាន នាំឲ្យមានឯក ភាពគ្នា ដោយអត់ដឹងខ្លួនទេ គឺមានកត្តារួម ធ្វើបុណ្យឧទ្ទិសទៅដល់បុព្វបុរសរៀងៗខ្លួនហ្នឹងឯង ។ អាហ្នឹងខ្ញុំតែងតែគួរកត់សម្គាល់ថា ហេតុអ្វីបានជំនាន់ព្រះអង្គហ្នឹង គឺមានការកសាងវត្ត ដល់១០០ នៅឧដុង្គ នេះ? ខ្ញុំថា ទី១ ជាវត្តទាំងអស់គ្នា ព្រោះពីដើមមក អត់មានសណ្ឋាគារ ឬផ្ទះសំណាក់អីទេ ។ ដូច្នេះតាមខ្ញុំយល់ អាហ្នឹងគឺវាស្របគ្នាដែរនឹងការធ្វើបុណ្យភ្ជុំបិណ្ឌហ្នឹង ដើម្បីឲ្យខ្មែរ មានឯកភាពគ្នា ហើយនិងទៅខាងមុខ រួបរួមគ្នា“ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “ដូចខ្ញុំថា ការបង្កើត ហើយនិងការប្រារព្ធជាក់ស្ដែងហ្នឹង បុណ្យភ្ជុំបិណ្ឌ យើងទៅវត្តទាំងអស់គ្នា នៅតាមមូលដ្ឋានប្រជាពលរដ្ឋ ជួបជុំគ្នា គ្រាន់តែថា យូរៗទៅ យើងគិតតែសម្ភារនិយម បានប៉ុន្មានវត្តអីអ៊ីចឹងទៅ អានេះគេរាប់អ៊ីចឹងវិញ តែស្មារតីនោះ យើងត្រូវយល់ស្មារតីស្នូលរបស់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌហ្នឹង ហើយមកដល់ឥឡូវ ខ្ញុំអរសប្បាយ ដោយសារតែប្រជាពលរដ្ឋយើងទូទាំងប្រទេសបានទៅកាន់បិណ្ឌអីហ្នឹង ល្អណាស់ ជួបជុំគ្នាអីអ៊ីចឹងទៅ ។ ប៉ុន្តែបើខ្ញុំជាអ្នកនយោបាយវិញ គឺខ្ញុំនឹងរំលឹករឿងហ្នឹង ហើយសង្កត់ខ្លាំងទៅលើការរួបរួមគ្នា ជាពិសេសនៅពេលមានបច្ចាមិត្តអីមកចង់ឈ្លានពានហ្នឹង ពោលគឺចង់ឲ្យរំលឹកដល់ព្រះអង្គ ដែលចង់ឲ្យមានការរួបរួមគ្នា យកព្រះពុទ្ធសាសនា ជាស្នូល ។ ក្នុងន័យនេះ ខ្ញុំមិនយល់ថា ពេលនោះ មានការបែកបាក់គ្នាទេ ក៏ប៉ុន្តែគេមកត្រួតត្រាយើង គឺខាងកើតហ្នឹង អណ្ណាម ទៅ ខាងលិច ហើយខាងជើង សៀម ទៅ ហើយខ្ញុំសុំបញ្ជាក់ថា ព្រះអង្គហ្នឹង មិនមែនខ្មែរ លើកលោកឲ្យសោយ រាជ្យទេ គឺខាងអណ្ណាម ហើយនិងសៀម គេត្រូវរ៉ូវគ្នា លើកព្រះអង្គ ឲ្យសោយរាជ្យ ប៉ុន្តែតាមធម្មតាទេ គឺព្រះអង្គមានព្រះរាជតម្រិះ ចក្ខុវិស័យ ។ ម៉្លោះហើយគឺលោកមានគំនិតថា ធ្វើម៉េចឲ្យបានឯករាជ្យ មកវិញ ត្រង់ហ្នឹងហើយ ទើបព្រះអង្គ មានតម្រិះសុំឲ្យបារាំង ជួយការពារ ព្រោះយើងការពារខ្លួនយើងអត់បាន ។ ម៉្លោះហើយ សុំឲ្យបារាំង ចូលមក ដើម្បីការពារទេ មិនមែនមកយកខ្មែរ ធ្វើអាណានិគមទេ អាហ្នឹងសុំបញ្ជាក់! ខុសគ្នា របបការពារ និងរបបអាណានិគម ។ ខុសគ្នាត្រង់ថា បើអាណានិគម គេយកប្រជាពលរដ្ឋគេ មករស់នៅ គេមានរដ្ឋាភិ បាលខ្លួនគេ អីខ្លួនគេ ហើយគេមកត្រួតត្រាយើង ហើយយកប្រជាពលរដ្ឋគេមក ។ ខ្ញុំយកឧទាហរណ៍ជាក់ស្ដែងចុះ សៀម តាមខ្ញុំដឹង គឺមកកាន់កាប់ទឹកដីខ្មែរដែរ ក៏ប៉ុន្តែគេអត់បញ្ជូនប្រជាពលរដ្ឋគេមកទេ ទើបតែថ្មីៗទេ ដែលគេបញ្ជូននិគមជនហ្នឹង មកនៅ ហើយបើវៀតណាម គឺមកទាំងកងទ័ព ទាំងមន្រ្តីត្រួតត្រាស៊ីវិល មេដឹកនាំគេហ្នឹង ចាត់តាំងមកគ្រប់គ្រងដឹកនាំខ្មែរ ហើយនិគមជនគេមក ។ អ៊ីចឹងបាននៅស្រុកខ្មែរ មាននិគមជន ឬក៏ជនជាតិវៀតណាម ច្រើន រីឯសៀម អត់មានទេ ឬតិចតួច“ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តទៀតថា “ចំពោះសួរថា ការសុំឲ្យបារាំង មកជួយ បានជោគជ័យ ឬមិនជោគជ័យ? គឺអាហ្នឹងគឺលោកមិនបានជោគជ័យក្នុងការសុំបារាំង ឲ្យមកជួយទេ ក៏ប៉ុន្តែព្រះបាទនរោត្ដម គឺបានជោគជ័យ បន្តសំណូមពររបស់ព្រះបិតានោះ ក៏បារាំង គេមក ហើយបារាំង គេមកហ្នឹង គឺមិនដាក់ក្នុងរបបការពារទេ ក៏ប៉ុន្តែជាក់ស្ដែង ដូចជាប្រទេសអាណានិគមអ៊ីចឹង ហើយថ្មីៗនេះ យើងដឹងហើយ គឺបារាំង ហ្នឹង គេបានចរចាជាមួយថៃ ដើម្បីសុំទឹកដីខេត្តខ្មែរ មួយចំនួនមកវិញ មិនបានអស់ទេ ក៏ប៉ុន្តែពីដើម គេហៅបាត់ដំបង សៀមរាប ដូចជាម្លូព្រៃ ខាងជើងហ្នឹង គឺបានមកវិញ ប៉ុន្តែបារាំង បានកាត់ខេត្តសុរិន្ទ ខេត្តឧប៊ុន បុរីរម្យ អីជាអាទិ៍ហ្នឹង គឺឲ្យថៃ ត្រួតត្រាទៅ ហើយបង្កអរិភាពរវាងប្រជាពលរដ្ឋខ្មែរ ជនជាតិខ្មែរ នៅខាងថៃ ហ្នឹង នៅសៀម ជំនាន់នោះហ្នឹង គឺគេថា ស្ដេចខ្មែរ បោះបង់គេចោល ម៉្លោះហើយគេសុខចិត្តរស់នៅជាមួយស្ដេចថៃ ទៅ ហើយគេលែងរវីរវល់នឹងខ្មែរហ្នឹង ។ អ៊ីចឹងឃើញខ្មែរក្រោម ហើយនិងខ្មែរសុរិន្ទ ខុសគ្នា គឺខ្មែរក្រោម ពេល ច្បាំងអីហ្នឹង មកជួយច្បាំង ក្រុមនេះ ក្រុមនោះ អីអ៊ីចឹងទៅ ហើយមកនៅស្រុកខ្មែរ ប៉ុន្តែខ្មែរសុរិន្ទ អត់មានទេ គេមិនរវល់តែម្ដង ហើយទំនាក់ទំនងខ្មែរកណ្ដាល និងខ្មែរសុរិន្ទ ហ្នឹងក៏មិនជាជិតស្និទ្ធដូចជាទំនាក់ទំនងខ្មែរកណ្ដា ល ហើយនិងខ្មែរក្រោមទេ ។ អ៊ីចឹងសរុបមកវិញ ព្រះបាទអង្គឌួង មិនមែនជាអ្នកបញ្ចប់មហិច្ឆតាឈ្លានពានរបស់សៀម និងអណ្ណាមទេ គ្រាន់តែចាប់ផ្ដើមមានគំនិត ហើយជាក់ស្ដែង បានសុំឲ្យបារាំង នោះមកជួយការពារ មានន័យថា ឲ្យជួយយកទឹកដីខ្មែរ មកឲ្យលោកត្រួតត្រាវិញ ។ ដូច្នេះខ្ញុំថា នេះជាស្មារតីរួបរួមជាតិ តាមរយៈព្រះពុទ្ធសាសនា ដែលនៅពេលបុណ្យទានធំអ៊ីចឹង យើងគួររំលឹកហើយ ហើយមេដឹកនាំក៏អ៊ីចឹងដែរ ត្រូវរំលឹកចំណុចត្រង់ហ្នឹង ស្មារតីរួមជាតិ ជារឿងសំខាន់ក្នុងពេលនេះ“ ។
គួររំលឹកថា យោងតាមឯកសារប្រវត្តិសាស្រ្ត ព្រះបាទអង្គឌួង ប្រសូតនៅឆ្នាំ១៧៩៦។ ព្រះអង្គជាបុត្រពៅ របស់ព្រះបាទអង្គអេង (១៧៩៤-១៧៩៧) ហើយបានភៀសព្រះកាយ ទៅគង់នៅប្រទេសថៃ ជាង១ទសវត្ស។ ព្រះអង្គឌួង ត្រលប់មកស្រុកខ្មែរវិញ នៅឆ្នាំ១៨៤១ ដែលអាចទុកថា ព្រះអង្គសោយរាជ្យសម្បត្តិ ចាប់តាំងពីពេលនោះមកពិតមែន តែម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទិវង្គតនៅឡើយ។ ដោយសន្ធិសញ្ញារវាង សៀម និងយួន នៅខែធ្នូ ឆ្នាំ១៨៤៥ បានស្រុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរ មកព្រះអង្គឌួង វិញ។ ព្រះអង្គឌួង បានទទួលពិធីរាជាភិសេក នៅឧដុង្គ នាថ្ងៃទី៧ ខែមីនា ឆ្នាំ១៨៤៨ ក្នុងព្រះជន្មាយុ ៥២ព្រះវស្សា ហើយទ្រង់ព្រះនាម “ព្រះបាទសម្ដេចព្រះ ហរិរក្សរាមាឥស្សរាធិបតី ព្រះស្រីសុរិយោពណ៌ បរមសុរេន្ទ្រា មហាចក្រពត្រាធិរាជ បរមរាជ”។ បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គឌួង ចាប់ផ្ដើមកសាងប្រទេសឡើងវិញ ដោយថវិកាពីឃ្លាំងរាជវាំង បង្កើតស្ថាប័នផ្នែកសង្គមកិច្ច ពោលគឺប្រជារាស្ត្រក្រីក្រ និងព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូប និងឆាន់ ប្រចាំថ្ងៃ។ ព្រះអង្គ បានបន្ថយពន្ធដារនានា ហើយសុវត្ថិភាពក៏បានកើតឡើងវិញក្នុងនៅប្រទេស ដោយព្រះអង្គ បានបង្កើតរចនាសម្ព័ន្ធនានាសម្រាប់បង្ក្រាបចោរកម្ម និងបទឧក្រិដ្ឋផ្សេងៗ។ នៅឆ្នាំ១៨៤៨ ព្រះអង្គ បានបង្កើតតុលាការ សាលាឧទ្ធរណ៍ ហើយព្រះអង្គផ្ទាល់ ជាអធិបតីលើតុលាការ ទាំង២នេះ។ ចាប់ពីឆ្នាំ១៨៥២ បានចាប់ផ្ដើមសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គ បានចូលរួមយ៉ាងសកម្ម។ ព្រះអង្គឌួង បានឱ្យបោះប្រាក់រូបហង្ស នៅឆ្នាំ១៨៤៨ និងបានកែប្រែរាជកិច្ចជាទូទៅ។ ព្រះអង្គ ចាប់ផ្ដើមឱ្យសង់កំពែង និងផ្លូវគមនាគមន៍ ហើយនៅឆ្នាំ១៨៥០ ព្រះអង្គ បានបញ្ជាឱ្យមន្ត្រីកេណ្ឌប្រជាជន ឱ្យធ្វើកំពែងដី ដើម្បីការពារប៉ែកខាងកើតរាជធានី ហើយបានយកថវិកាពីឃ្លាំងរាជវាំង ឱ្យកសាងផ្លូវថ្នល់ ដើម្បីឱ្យរាស្ត្រធ្វើស្រែចម្ការ ដឹកជញ្ជូនភោគផលទៅដល់កំពង់ផែភ្នំពេញ។ ព្រះអង្គ បានកែទម្រង់ពុទ្ធសាសនា ដោយបញ្ជូនប្រតិភូ មានមន្ត្រីសេនាបតីខ្មែរ ២រូប ទៅគាល់ស្ដេច សៀម នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ១៨៥៣ ដើម្បីសុំឱ្យស្ដេចសៀមបញ្ជូនមកកម្ពុជា វិញនូវព្រះសង្គមួយអង្គ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ខាងព្រះពុទ្ធសាសនា ព្រនាម ព្រះមហាប៉ាន ព្រមទាំងសុំឱ្យយកទាំងគម្ពីរព្រះត្រៃបិដក មកផង។ បានសេចក្ដីថា ពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ ចូលមកកម្ពុជា ចាប់ពីពេលនោះមក។

ព្រះបាទអង្គឌួង បានកសាងរាជាណាចក្រឡើងវិញ ទាំងផ្នែកវប្បធម៌ ទាំងផ្នែកសេដ្ឋកិច្ច។ ព្រះអង្គ បានរើបម្រះចេញពីការត្រួតត្រារបស់សៀម និង យួន ហើយងាកមករកបស្ចិមប្រទេសវិញ។ ព្រះបាទអង្គឌួង បានយាងចូលព្រះទិវង្គត នៅឆ្នាំ១៨៦០។ ព្រះអង្គ មានរាជបុត្រពីរអង្គ បានឡើងគ្រងរាជ្យបន្តបន្ទាប់ ស្នងព្រះអង្គ។ ព្រះបាទអង្គឌួង ជារាជឱរសសីលធម៌ និងជាពុទ្ធសាសនិកជនយ៉ាងខ្លាំងក្លា។ តាមការស្រាវជ្រាវ ស្នាព្រះហស្ដព្រះអង្គ មាន «រឿងកាកី» និពន្ធនៅឆ្នាំ១៨១៥ និង «ច្បាប់ស្រី» នៅឆ្នាំ១៨៣៧ ៕ កុលបុត្រ