ភ្នំពេញ ៖ មហាជន អ្នកគាំទ្រនិងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា បានផ្ទុះការចាប់អារម្មណ៍ និងវែកញែកពេញបណ្តាញសង្គម ក្រោយស្រីស្អាត ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានក្លាយជាជ័យលាភី ម្ចាស់មកុដ បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២៥ (Miss Universe Cambodia 2025) រហូតមានមតិខ្លះសង្ស័យថា ជាការ ទិញមកុដ ដែលការលើកឡើងនេះ ត្រូវបានអ្នកស្រី លុយ សារីណា អតីតតារាសម្តែង និងជាភរិយាអតីតតារា សម្តែង ស៊ុក សុភា បានចេញមុខការពារជ័យលាភី ថៃ នារីសុជាតា ហៅហ្វីយ៉ាតា ដោយលើកឡើងថា ហ្វីយ៉ាតា គ្រងមកុដដ៏ស្រស់ស្អាតនេះ ដោយសមត្ថភាពនាងយ៉ាងពិតប្រាកដ។

ក្រោយប្រកាសលទ្ធផលផ្តាច់ព្រ័ត្រ ដោយបេក្ខនារី ថៃ នារីសុជាតាហៅហ្វីយ៉ាតា MUC 07 ក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2025 មិនបានប៉ុន្មានថ្ងៃផង ភាពចម្រូងចម្រាសបានកើតមានឡើង ដោយសារមជ្ឈដ្ឋានមួយចំនួនមិនសូវពេញចិត្តនឹងលទ្ធផលដែល ថៃ នារីសុជាតា ហៅហ្វីយ៉ាតា ក្លាយជាម្ចាស់មកុដ រហូតមានការលើកឡើងថា មិនស័ក្តិសម ឬជាលទ្ធផលដែលត្រូវបានគ្រោងទុកមុន ឬជាការទិញមកុដ ជាដើម។

ជុំវិញមតិដែលបានលើកឡើងខាងលើ អ្នកស្រី សារីណា ភរិយាអតីតតារាសម្តែង ស៊ុក សុភា បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន លើគណនីបណ្តាញសង្គម កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយបង្ហាញពីការគាំទ្រជ័យលាភី ហ្វីយ៉ាតា ថាពិតជាសមនឹងទទួលបានមកុដ Miss Universe Cambodia 2025 នេះ ហើយប្រសិនបើអាចទិញមកុដ បានដោយងាយស្រួលមែន តើហ្វីយ៉ាតា ខំចំណាយកម្លាំង បង្ហាញសមត្ថភាព និងពេលវេលាយ៉ាងច្រើន ដើម្បីប្រកួតធ្វើអ្វី?

អ្នកស្រី សារីណា បានលើកឡើងតាមទំព័របណ្តាញសង្គម របស់លោកស្រីថា “សូមបញ្ជាក់ជូនអ្នកដែលឆាតមកសួរខ្ញុំ រឿងទិញមកុដ មកុដ មិនមែនជារបស់ងាយស្រួលទិញ-លក់ឡើយ។ វាជាផលិតផលនៃការចំណាយពេលវេលា កម្លាំង និងស្នាដៃរចនាដ៏អស្ចារ្យមួយ។ មកុដមួយគ្រឿង គឺមិនមែនជារបស់ងាយស្រួលបង្កើតបានក្នុងរយៈពេលមួយថ្ងៃឡើយ ម្ចាស់រចនាម៉ូដ និងក្រុមការងារ ត្រូវចំណាយពេលវេលា កម្លាំង និងប្រាជ្ញា ដើម្បីបង្កើតជារូបរាងដ៏អស្ចារ្យរបស់មកុដមួយនេះ ដូច្នេះមិនមានហេតុផលអ្វីដែលគេត្រូវបោះបង់កិត្តិយសនិងស្នាដៃខ្លួន ដោយយកទៅលក់យ៉ាងងាយៗបែបនេះទេ ហើយជីវភាពរបស់គេ ក៏មិនចាំបាច់ត្រូវលក់ឡើយ។ មកុដដំបូងនេះ មានតម្លៃនិងមានអត្ថន័យចំពោះអ្នកឈ្នះខ្លាំងណាស់ ការនិយាយដោយគ្មានភ័ស្តុតាង អាចធ្វើឱ្យមកុដ អស់តម្លៃបាន។ ដូច្នេះសូមកុំគ្រាន់តែពាក្យប៉ុន្មានម៉ាត់ ធ្វើឲ្យប៉ះពាល់ដល់សារៈសំខាន់នៃមកុដរបស់គេ…”។

អ្នកស្រី សារីណា បានបន្តថា “ជ័យលាភីឆ្នាំនេះ គឺអូន FiYata ដែលបានគ្រងមកុដដ៏ស្រស់ស្អាតនេះ ដោយសមត្ថភាពនាងយ៉ាងពិតប្រាកដ។ ប្រសិនបើនាងទិញមកុដមែន តើនាងនឹងយកមកុដដែលនាងបានចំណាយប្រាក់យ៉ាងច្រើននោះ ទៅផ្ទេរឱ្យបវរកញ្ញាថ្មី នៅឆ្នាំក្រោយបានដូចម្តេច? ប្រសិនបើមកុដ ត្រូវបានទិញ-លក់យ៉ាងងាយស្រួលបែបនេះមែន តើប្រពៃណីនៃការផ្ទេរមកុដ មានសារៈសំខាន់បន្តទៀតបានឬទេ? ប្រសិនបើការទិញមកុដ អាចទិញបានដោយងាយស្រួល ដូចពាក្យនិយាយមែន តើអូនហ្វី (ម្ចាស់ជ័យលាភី) ខំចំណាយកម្លាំង បង្ហាញសមត្ថភាព និងឆ្លៀតពេលយ៉ាងច្រើន ដើម្បីប្រកួតធ្វើអ្វី? បើនាងដឹងថា នាងគង់តែបានគ្រងមកុដនោះទៅហើយ។ ហើយបើនាងគ្មានសមត្ថភាព ហើយយកលុយទៅទិញមកុដ ពេលលើកបំពាក់មកុដឱ្យនាង តើនឹងមើលទៅឃើញស័ក្តិសមដែរឬទេ? ហើយតើអស់លោកដែលចំណាយពេលវេលាទៅអង្គុយដាក់ពិន្ទុឱ្យទាំងនោះ តើគេមិនមានការឆ្ងល់ទេឬ បើគេមិនបានដាក់ពិន្ទុឲ្យនាងផង តែនាងអាចជាប់បាន? ការពិត មកពីនាងមានសមត្ថភាពអាចយកជ័យលាភី នាពេលយប់នោះបានពិតប្រាកដមែន យើងត្រូវទទួលស្គាល់នៃការពិតនេះ។ សរុបមក មកុដ គឺជាសញ្ញានៃកិត្តិយស និងសមត្ថភាព មិនមែនជារបស់សម្រាប់ទិញលក់ងាយៗឡើយ…”។

ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះហេង រត្ន័មុនី បានសរសេរកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ថា “បែកធ្លាយរឿងពិន្ទុបវរកញ្ញា MUC15 លើសគេ ចុះម៉េចមិនបានគ្រងមកុដ? បើអ្នករៀបចំកម្មវិធីប្រកួតប្រកាន់បក្ខពួកនិយម គួរណាស់ក៏ព្យាយាមចាប់កំហុសគ្នាឱ្យបានទៅ តែនេះអត់សោះ ទាំងដើរ ទាំងរូបសម្រស់ធម្មជាតិ ពីចុងជើង ដល់ក្បាល ទាំងស្នាមញញឹមភាពជាស្ត្រីអង់អាច ទាំងសមត្ថភាពក្នុងការឆ្លើយសំណួរម៉ឺងម៉ាត់ លើកដាក់សំឡេងទៅតាមអារម្មណ៍នៃចម្លើយដ៏មានអត្ថន័យគ្រប់គ្រាន់លើសគេ ដោយប្រើខួរក្បាលភ្លាមៗ មិនមែននិយាយទន្ទេញរត់មាត់ដូចបានដឹងសំណួរចម្លើយមុន៘…”។
ម្ចាស់គណនីហ្វេសប៊ុក ខាងលើ បានបន្តថា “ទទួលស្គាល់ថា ម្នាក់ៗមានបេះដូងស្រលាញ់ និងតែងតែមានភាពលម្អៀងទៅលើបុគ្គលណាមួយដែលខ្លួនស្រលាញ់ សូម្បីតែឪពុកម្តាយ ក៏តែងតែស្រលាញ់កូនលម្អៀងដែរ មិនអាចស្មើគ្នាទេ តែទោះយ៉ាងណាស់ ក៏គួរណាស់ឱ្យសមហេតុសមផល បើគ្មានកំហុសសោះ គួរតែផ្តល់យុត្តិធម៌ឱ្យគ្នា ទទួលស្គាល់សមត្ថភាពដ៏ល្អឯករបស់គ្នា មិនគួរណាបិទភ្នែកធ្វើមិនដឹងមិនឮ ហើយបែរជាឱ្យមកុដទៅ MUC ម្នាក់ទៀត ទាំងឃើញថា សមត្ថភាពដើរក៏មានកំហុស ទាក់ជើងប៊ិះដួល រូបសម្រស់ក៏មានកន្លែងកែច្រើន ស្នាមញញឹមក៏រាងភ័យៗ ការឆ្លើយសំណួរ និយាយរត់មាត់ ដាច់ឃ្លាម្តងៗ ដូចរកនឹកបែបភ្លេចៗ៘»។
ម្ចាស់គណនីហ្វេសប៊ុក ដដែល បានបន្ថែមថា “ការប្រកួត មានឈ្នះ មានចាញ់ រៀនទទួលស្គាល់ការពិត និងសមត្ថភាពខ្លួនឯង ចៀសវាងបាក់ទឹកចិត្ត ពេលប្រកួតចប់ ត្រូវដឹងថាខ្លួនខ្លាំង ខ្លួនខ្សោយ តែនេះមើលមិនឃើញសោះថា ហេតុអ្វី MUC15 ត្រូវចាញ់ តើចាញ់គេកន្លែងណា? ម្នាក់ទៀត ហេតុអីត្រូវឈ្នះ តើឈ្នះគេកន្លែងណា? រូបសម្រស់ សមត្ថភាពដើរ ទឹកមុខនៃស្នាមញញឹម សំណួរចម្លើយ ភាសា ការងារសង្គម ពិន្ទុសរុបចុងក្រោយរបស់គណៈកម្មការ? why?…”។
សម្រាប់កញ្ញា សុខគា គីមលាង ហៅកូនស្រមោច MUC15 ដែលអ្នកគាំទ្រនាងមួយចំនួន យល់ថា នាងគួរតែជាម្ចាស់មកុដ Miss Universe Cambodia 2025 នោះ បានខម្មិនតាមទំព័រហ្វេសប៊ុក របស់នាងថា «ខ្ញុំយកយុត្តិធម៌ឲ្យបងប្អូនហ្វេនៗខ្ញុំទាំងអស់ត្រឡប់មកវិញឆាប់ៗនេះ…។ ការពិតចេញមកឆាប់ៗនេះ…» ។
ទោះបីជាមានការជជែកវែកញែកយ៉ាងណា ម្ចាស់មកុដ Miss Universe Cambodia 2025 ថៃ នារីសុជាតា ហៅហ្វីយ៉ាតា មិនបានបញ្ចេញប្រតិកម្ម ឬការបកស្រាយបំភ្លឺ ឆ្លើយតបអ្វីឡើយ ដោយនាងគ្រាន់តែសរសេរក្នុងទំព័របណ្តាញសង្គម ផ្ទាល់ខ្លួន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ថា “ត្រឡប់មើលទៅក្រោយ ទើបដឹងថា យើងដើរមកបានឆ្ងាយ ហើយដល់គោលដៅហើយ ថ្ងៃដែលខ្ញុំបានប្រាដកចិត្តថា ខ្ញុំពិតជាបានបង្ហាញអ្វីដែលលាក់ក្នុងខ្លួន បានដល់ពិភពលោកពិតមែន ដោយបេះដូង ដោយភាពស្មោះត្រង់ ពិភពលោកមិនមើលរំលងបេះដូង នឹងកម្លាំងចិត្តពិតនៃអ្នកបានទេ… អ្នកក៏ធ្វើវាបានដូចគ្នា.. បើអ្នកពិតតាមដានដំណើរនេះ មកពីដំបូង អ្នកនឹងឃើញពីសេចក្តីពិតដោយឯង…”។
ម្ចាស់មកុដ Miss Universe Cambodia 2025 រូបនេះ បានសរសេរបន្ថែមនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា “ខ្ញុំមិនអាចកែការគិតនរណាម្នាក់បានទេ តែខ្ញុំអាចកែការគិតខ្ញុំបាន… ខ្ញុំដឹងថា ខ្ញុំពិតស្មោះត្រង់… ហើយខ្ញុំនឹងបន្តដំណើរនេះដោយបេះដូងនិងជីវិត…”។
ចំណែកម្ចាស់គណនីបណ្តាញសង្គម T2 – Store បានលើឡើងអំពីជ័យលាភី ៣នាក់ចុងក្រោយ (ថៃ នារីសុជាត ហៅហ្វីយ៉ាតា សុខគា គីមលាង ហៅកូនស្រមោច និងពេជ្រ វត្តិសារ៉ាវឌ្ឍី ថា ៖
– វត្តី ស្អាត បទពិសោធន៍ច្រើន Fan អន្តរជាតិច្រើនស្រាប់ តែបើទៅស្រុក នឹងរាងពិបាកបន្តិច ពួកហ្នឹងស្អប់ គុំនឹងវត្តី ខ្លាំង ហើយវត្តី ខ្លួនឯង ក៏ពហិការហើយដែរថា មិនជាន់ស្រុកនោះ។
– Kon Ant ត្រមុខ Universe សមសួន នាដការីខ្មែរ ទន់ភ្លន់ តែមិនទន់ជ្រាយ មួយៗ ច្បាស់ៗ តែបើជាប់ទៅ ក្រែងទប់ទល់នឹងពួកនោះមិនកើត Bad Comment ច្រើន អាចបាក់ទឹកចិត្ត។
– Fiyata ដងខ្លួនស្រលន ភាសាល្អ ការនិយាយល្អ សំខាន់មានភាពជឿជាក់ ថាមពល និង អំណាច មកុដស័ក្តិសមនឹងគាត់បំផុតហើយ សម្រាប់ពេលវេលាមួយនេះ ក្នុងការបញ្ចេញសំឡេងទៅឆាកអន្តរជាតិ ពេលនេះសាមគ្គី ជាកូនសោ ក្នុងចំណោម ៣នេះ ម្នាក់ណាក៏ស័ក្តិសម ចឹងឈប់វាយប្រហារគ្នាឯង…”។


កញ្ញាសុខគា គីមលាង និងពេជ្រ វត្តីសារ៉ាវឌ្ឍី
គួរបញ្ជាក់ថា ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានគ្រងមកុដ Miss Universe Cambodia 2025 ដែលប្រកួតវគ្គផ្តាច់ព្រ័ត្រនៅស្ថានីយទូរទស្សន៍ ភីអិនអិន កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីបានទម្លាក់បេក្ខភាពជើងខ្លាំងជាច្រើនរូប ជាពិសេសនាដការី និងជាគ្រូបង្ហាត់របាំបុរាណ កញ្ញា សុខគា គីមលាង ហៅកូនស្រមោច ដែលបានឈ្នះត្រឹមតំណែងជ័យលាភីលំដាប់រងទី១ និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឈ្នះជ័យលាភីលំដាប់រងទី២៕ ដារិទ្ធ