ភ្នំពេញ ៖ ឈិត សុវណ្ណបញ្ញា ចេញចម្រៀងថ្មី បាន២បទហើយ ក្រោយវិលត្រឡប់មកវិញ បន្ទាប់ពីបាត់មុខជាង ៦ឆ្នាំ នោះគឺបទ «សតិអារម្មណ៍» និងបទសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ «ភ្ជុំបិណ្ឌកាន់តែនឹកបង» ។ ប៉ុន្ដែតាមព័ត៌មានថា បញ្ញា ត្រៀមចេញបទថ្មីបែបយុវវ័យថែមទៀតនាពេលខាងមុខនេះ ខណៈដែលបទប្រពៃណីខ្មែរ នាងចេញទៅតាមពិធីបុណ្យជាតិរបស់ខ្មែរជាបន្ដបន្ទាប់ ព្រមទាំងត្រៀមធ្វើពិធីជួបអ្នកគាំទ្ររបស់នាងផងដែរ។

លោក Kenz ជាអ្នកគ្រប់គ្រងការងារសិល្បៈរបស់ឈិត សុវណ្ណបញ្ញា ប្រាប់ «នគរធំ» កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ បញ្ញា ចេញបានតែមួយបទទេ គ្រប់គ្រាន់ហើយ ព្រោះមុននេះ ទើបចេញបានបទសម័យ មួយបទដែរ។លោកថា នៅដើមខែតុលា ខាងមុខនេះ បញ្ញា នឹងចេញបទសម័យ មួយទៀត ហើយសម្រាប់ពិធីបុណ្យជាតិផ្សេងៗ នាងនឹងចេញតាមលំដាប់លំដោយ ឲ្យមានបទថ្មីៗរហូត ចាប់ពីពេលនេះតទៅ។

ឆ្លើយតបសំណួរថា ឈិត សុវណ្ណបញ្ញា ធ្លាប់ច្រៀងនៅផលិតកម្ម មានក្រុមការងារអ្នកនិពន្ធ អ្នកធ្វើភ្លេង អ្នក ដឹកនាំស្រាប់ នាងចាំតែច្រៀង តែពេលនេះចាយលុយខ្លួនឯងផលិត តើមានផលលំបាកយ៉ាងណាខ្លះ? លោក Kenz បញ្ជាក់ថា មិនជាបញ្ហាចោទទេ ព្រោះពីមុន បញ្ញា ក៏ធ្លាប់ធ្វើបទដោយខ្លួនឯងដែរ។ អ្នកគ្រប់គ្រងទីផ្សារសិល្បៈរបស់សុវណ្ណបញ្ញា រូបនេះ និយាយលេងបន្លំមែនថា បើពិបាកគឺ «លុយ» ហ្នឹងហើយ …។ ប៉ុន្តែលោកថា បច្ចុប្បន្ន បញ្ញា មានក្រុមការងារ (Teams) ផលិតចម្រៀងឲ្យ ហេតុនេះនៅពេលដែលត្រូវចេញបទថ្មី នឹងរៀបចំបានភ្លាម។

ឈិត សុវណ្ណបញ្ញា អតីតតារាចម្រៀងហង្សមាស និងថោន បានដកខ្លួនពីសិល្បៈ ជាង៦ឆ្នាំ ដោយងាកទៅចាប់វិថីជីវិតថ្មី ជាមួយព្រះធម៌ តាមមាគ៌ាព្រះពុទ្ធសាសនា ស្លៀកស ញ៉ាំអាហារបួស ធ្វើសមាធិឲ្យស្ងប់ចិត្ត ប៉ុន្ដែស្រាប់តែឥឡូវ នាងចាប់ក្បាលមីក្រូជាថ្មី ទៅតាមសំណូមពររបស់អ្នកគាំទ្រ ពោលគឺចាប់ពីពេលនេះតទៅ ទទួលធ្វើការងារសិល្បៈដូចដើម។ប៉ុន្ដែមានការលើកឡើងថា អំឡុងពេលដែលបញ្ញា ផ្អាកច្រៀងរាំ ជាច្រើនឆ្នាំនោះ បច្ចុប្បន្នមានតារាជាច្រើនបានរះឡើង ហេតុនេះការគាំទ្របែកខ្ញែក នាំឲ្យបញ្ញា ពិបាកដណ្ដើមភាពលេចធ្លោ។

លោក Kenz ថា ដោយសារតែបញ្ញា ទើបតែវិលវិញ រយៈពេលខ្លី ហេតុនេះមិនទាន់អាចដឹងទេថា តើមានការគាំទ្រដូចដើមឬអត់? ប៉ុន្ដែលោកអាចនិយាយថា ក្រោយចេញបទថ្មី ២បទនោះ អ្នកគាំទ្រមានការខម្មិនលើកទឹកចិត្តច្រើន អត់មានការវាយប្រហារទេ ។ លោកថា ដោយសារតែទើបចេញបទថ្មីបានតិច ហេតុនេះលោកអាចនិយាយបានថា បើប្រៀបធៀបពីមុន គឺ៥០% លើ៥០% សិន តែចាប់ពីខែតុលា តទៅ បញ្ញា នឹងចេញបទថ្មីជាបន្ដបន្ទាប់ យ៉ាងហោចណាស់ក៏ក្នុងមួយខែ បានមួយបទដែរ ។

តាមប្រភពថា ដើម្បីឲ្យមានការស្និទ្ធស្នាលជាមួយអ្នកគាំទ្រឡើងវិញ ឈិត សុវណ្ណបញ្ញា គ្រោងធ្វើពិធីជួបជុំអ្នកគាំទ្ររបស់ខ្លួន «Fan Meeting» នាពេលខាងមុខដែរ ហើយនាងក៏ត្រៀមចេញច្រៀង Cover បទល្បីៗរបស់ខ្លួន ជាមួយភ្លេងថ្មី MV ថ្មី ដូចតារាល្បីៗទៀតដែលច្រៀងឯករាជ្យដូចនាងដែរ។

លោក Kenz ទទួលស្គាល់ថា ជាការពិត បញ្ញា នឹងរៀបចំធ្វើពិធី «Fan Meeting» នាពេលខាងមុខនេះហើយ តែមិនទាន់កំណត់ថ្ងៃជាក់លាក់ទេ គ្រាន់តែអាចដឹងថាឆាប់ៗ ដើម្បីជួបជុំអ្នកគាំទ្រ។ ចំណែកការច្រៀង Cover បទល្បីៗឡើងវិញនោះ លោកថាក៏ស្ថិតនៅក្នុងគម្រោង ការចេញបទចម្រៀងឡើងវិញ នាពេលខាងមុខដែរ ខណៈដែលការធ្វើបទថ្មីសុទ្ធ ក៏នៅតែធ្វើ ពោលគឺរៀបចំទាំង២ច្រក ព្រមគ្នា ៕