Friday, September 19, 2025
Homeនយោបាយកម្ពុជា ផ្ញើលិខិតជូន UN ពីផែនការថៃ ប្រើកម្លាំងទន្ទ្រានយកដីខ្មែរ ១៧ទីតាំង

កម្ពុជា ផ្ញើលិខិតជូន UN ពីផែនការថៃ ប្រើកម្លាំងទន្ទ្រានយកដីខ្មែរ ១៧ទីតាំង

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានលិខិតផ្ញើជូនលោក អាង់តូនីញ៉ូ ហ្គូទែររេស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ពាក់ព័ន្ធជម្លោះកម្ពុជា-ថៃ ដោយជម្រាបជូនពីផែនការប្រើកម្លាំងរបស់ថៃ ដើម្បីឈ្លានពាន ដណ្តើមយកទីតាំង ១៧កន្លែង នៅភាគខាងលិច និងនិរតី នៃប្រទេសកម្ពុជា ចាប់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង ។ ជាមួយនេះ កម្ពុជា បានស្នើសុំការគាំទ្រពីអង្គការសហប្រជាជាតិ ក្នុងការជំរុញឲ្យភាគីថៃ គោរពបទឈប់បាញ់ ឱ្យបានពេញលេញ រើលួសបន្លា ប្រគល់ដី-ផ្ទះ ឱ្យពលរដ្ឋខ្មែរវិញ បញ្ឈប់សកម្មភាពរំលោភលើអធិបតេយ្យរបស់កម្ពុជា និងដោះលែងទាហានកម្ពុជា ទាំង១៨នាក់វិញ ។

 នៅក្នុងលិខិតចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ (បកប្រែក្រៅផ្លូវការ) សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនលោក អង់តូនីញ៉ូ ហ្គូទែររេស អគ្គលេខាធិការអង្គការសហប្រជាជាតិ ថា “ខ្ញុំមានកិត្តិយស ជម្រាបជូនឯកឧត្ដមថា ថ្ងៃនេះខ្ញុំបានសរសេរទៅឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ដើម្បីជម្រាបជូនពីការវិវត្តន៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពរវាងប្រជាជាតិទាំងពីរ និងតំបន់ ។

 បទឈប់បាញ់ បានព្រមព្រៀងគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា (Putrajaya) បានបញ្ឈប់ការប្រយុទ្ធទ្រង់ទ្រាយធំដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដា ដែលបានកើតឡើងនៅភាគខាងជើងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងគួរឱ្យសោក ស្តាយ ដែលសកម្មភាពយោធាថៃ រំលោភលើបទឈប់បាញ់ បានបន្ត ហើយថែមទាំងបានពង្រីកហួសពីតំបន់ព្រំដែននៃជម្លោះ ។

ចាប់តាំងពីថ្ងៃទី១២ ខែសីហា កងកម្លាំងថៃ បានពង្រីកតំបន់ជម្លោះ ដោយរាយលួសបន្លា និងរបាំងការពារ ចេញឱសានវាទ និងបណ្តេញពលរដ្ឋខ្មែរ ចេញពីដីលំនៅឋានដេលពួកគាត់រស់នៅយូរមកហើយ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានចម្ងាយពីតំបន់ជម្លោះខាងលើ ពីរបីរយគីឡូម៉ែត្រ។ ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ត្រូវបានបិទទ្វារផ្ទះសម្បែង និងស្រែចម្ការរបស់ពួកគេ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃ បានគំរាមកំហែងការបណ្តេញចេញបន្ថែមទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ ដែលអាចមានផលប៉ះពាល់ដល់រាប់រយគ្រួសារដែលមានប្រជាជនប្រហែលមួយពាន់នាក់» ។

 តាមរយៈលិខិតដដែល សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានជម្រាបជូនប្រមុខអង្គការសហប្រជាជាតិ បន្តថា “លើសពីនេះ ដោយផ្អែកលើប្រភពដែលអាចជឿទុកចិត្តបាន យោធាថៃ មានចេតនាប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដីនៅទីតាំងចំនួន១៧ ផ្សេងទៀត ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងនិរតី នៃប្រទេសកម្ពុជា។

 សកម្មភាពឯកតោភាគីខាងលើដែលធ្វើឡើងដោយយោធាថៃ គឺផ្អែកលើផែនទីដែលគូសជាឯកតោភាគី ខ្នាត 1/50.000 ផ្ទុយពីផែនទីដែលបានព្រមព្រៀងគ្នា ខ្នាត 1/200.000 ដែលជាលទ្ធផលនៃការងារបោះបង្គោលព្រំដែននៃគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើតឡើងដោយសន្ធិសញ្ញាបារាំង-សៀម ១៩០៤ និង១៩០៧ ដែលត្រូវបានទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងបញ្ជាក់សាជាថ្មីដោយកម្ពុជា និងថៃ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែងនិងការបោះបង្គោលព្រំដែនគោក ដែលបានចុះហត្ថលេខា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (MOU 2000) ។ MOU 2000 នេះ ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ ដោយប្រទេសថៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ ហើយត្រូវបានបោះពុម្ពនៅក្នុងបញ្ជីកម្រងសន្ធិសញ្ញាអង្គការសហប្រជាជាតិ។

 សកម្មភាពឯកតោភាគីទាំងនេះ របស់ថៃ បង្កើតជាការប៉ុនប៉ងបោះបង្គោលព្រំដែនជាឯកតោភាគី តាមរយៈការប្រើប្រាស់កម្លាំង ដោយរំលោភដោយផ្ទាល់លើ MOU 2000 អាណត្តិរបស់គណៈកម្មការចម្រុះកម្ពុជា-ថៃ ស្តីពីការបោះបង្គោលព្រំដែនគោក (JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រានៅក្នុងកិច្ចប្រជុំ GBC និងគណៈកម្មាធិ ការព្រំដែនតំបន់ (RBC) នាពេលថ្មីៗនេះ ដែលថា ៖ “ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង ឬពង្រីកវិសាលភាព និងទំហំនៃជម្លោះ”។

 វិធានការឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តច្បាប់អាជ្ញាសឹកថៃ គឺជាការរំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហ ប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះ សកម្មភាពឯកតោភាគីទាំងនេះ មិនត្រឹមតែបង្កើតជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតហានិភ័យនៃការរំលោភបំពានដោយហិង្សាផងដែរ ។

ក្នុងស្មារតីនៃការបន្ធូរស្ថានការណ៍ និងមជ្ឈភាពអាស៊ាន ខ្ញុំបានស្នើសុំនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ាន ដើម្បីជំរុញប្រទេសថៃ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលសម្រេចបាននៅទីក្រុងពុត្រាចាយ៉ា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៥ ក៏ដូចជាកិច្ចប្រជុំ GBC និង RBC នាពេលថ្មីៗនេះ និងដើម្បីលុបបំបាត់រាល់សកម្មភាពឯកតោភាគី ជាបន្ទាន់ ដែលអាចបង្កើនភាពតានតឹង និងពង្រីកទំហំ និងវិសាលភាពនៃជម្លោះ, ហាមប្រើកម្លាំងប្រឆាំងជនស៊ីវិល និងទ្រព្យសម្បត្តិ, ការរុះរើឧបសគ្គដែលទើបដាក់ថ្មីៗ ដូចជា លួសបន្លា និងសំបកកង់រថយន្ត ក្នុងតំបន់ដែលប្រជាជនកម្ពុជា បានរស់នៅរាប់ទសវត្សរ៍ និងក្នុងតំបន់ដែលការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់, បញ្ឈប់ការបណ្ដេញចេញដោយបង្ខំ ដែលបានគ្រោងទុក និងអនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលត្រូវបានបណ្តេញចេញ ត្រឡប់ទៅផ្ទះ និងដីរបស់ពួកគាត់វិញ, បញ្ឈប់ការប្រើប្រាស់កម្លាំងយោធាដើម្បីធ្វើកិច្ចការកំណត់ព្រំដែនឯកតោភាគី និងយន្តការទ្វេភាគីដែលមានស្រាប់ គឺ JBC ដើម្បីបន្តធ្វើការងារដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ អនុសញ្ញា និងសន្ធិសញ្ញា និងច្បាប់ជាតិ និងដោះលែងទាហានខ្មែរ ទាំង១៨នាក់ ដែលនៅក្រោមការចាប់ខ្លួនរបស់ថៃ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ“ ។

 លិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តថា “ខ្ញុំក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធ្វើការជាមួយប្រទេសថៃ និងអាស៊ាន ដើម្បីរក្សាសន្តិភាព ជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើង។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ព័ត៌មានខាងលើ នឹងត្រូវបានទទួលដោយការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងការសន្ទនាក្នុងន័យស្ថាបនា ហើយឯកឧត្តម នឹងពិចារណាផ្តល់នូវការគាំទ្រដ៏មានតម្លៃរបស់ឯកឧត្ដម ដើម្បីជួយលើកទឹកចិត្តដល់ការអនុវត្តបទឈប់បាញ់ពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងកិច្ចព្រមព្រៀងទាំងអស់ ដែលកម្ពុជា និងថៃ សម្រេចបាន ។ ការចូលរួមបន្តរបស់ឯកឧត្ដម នឹងក្លាយជាឧបករណ៍មួយក្នុងការថែរក្សាស្ថិរភាព និងស្ថានភាពបច្ចុប្បន្ន…”។

ក្រៅពីផ្ញើលិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ខាងលើនេះ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយលោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន តាមទូរស័ព្ទ ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

 សម្ដេចហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់ពីព័ត៌មាននេះ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ថា “នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់។

ដោយស្ថានការណ៍នៅថ្ងៃនេះ បន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត ខ្ញុំបានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្ត រាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំឲ្យមានការរាយលួសបន្លាបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែន ពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ“ ៕ កុលបុត្រ

RELATED ARTICLES