ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្តីពីការត្រៀមបង្ការ ឆ្លើយតបនិងអន្តរាគមន៍បន្ទាន់ ក្នុងពេលទឹកជំនន់ទន្លេមេគង្គ នៅភូមិសាស្ត្រខេត្តក្រចេះ ខណៈទឹកទន្លេមេគង្គ កំពុងបន្តហក់ឡើង។
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការត្រៀមបង្ការ ឆ្លើយតបនិងអន្តរាគមន៍បន្ទាន់ ក្នុងពេលទឹកជំនន់ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ កំពុងបន្តហក់ឡើង បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង ៧ៈ០០នាទីព្រឹក នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ទឹកមាន កម្ពស់ ២១,៦៦ម៉ែត្រ។ ទន្ទឹមនេះ យោងតាមរយៈព្រឹត្តបត្រ តាមដាននិងការព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹកនិងឧតុនិយម នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ទឹកទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ នឹងបន្តឡើងដល់កម្ពស់ ២១,៩៧ម៉ែត្រ ជិតដល់កម្រិតប្រកាសប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ និងកម្រិតប្រកាសអាសន្ន នៅក្នុងខេត្ត កម្ពស់ ២៣,០០ម៉ែត្រ។ ជាមួយគ្នានេះ នៅក្នុងខេត្តក្រចេះ នៅតែបន្តទទួលរងឥទ្ធិពលមានភ្លៀងធ្លាក់ ពីកម្រិតតិច ទៅ ច្រើន លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ ដែលធ្វើឱ្យទឹកទន្លេមេគង្គ នៅតែបន្តហក់ឡើង។

ក្នុងស្ថានភាពបែបនេះ រដ្ឋបាលខេត្តក្រចេះ សូមធ្វើការណែនាំដល់មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងកំពុងប្រឈមដោយទឹកជំនន់ ត្រូវបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម ៖
– មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ត្រូវ ត្រួតពិនិត្យធនធានថវិកា សម្ភារៈ ទូក អូប័រ កាណូត រថយន្ត និងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈ ឆ្លើយតបនិងសង្គ្រោះបន្ទាន់។
– រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ភូមិ ត្រូវរៀបចំនិងសម្អាតទីទួលសាធារណៈ និងទីទួលសុវត្ថិភាពដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ សម្ភារៈ សត្វពាហនៈ ឱ្យបានទាន់ពេលវេលា។ ករណីនៅក្នុងតំបន់ប្រឈមនឹងទឹកជំនន់ខ្លាំង ត្រូវជម្លៀសបងប្អូនប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព និង សហការជាមួយកម្លាំងសមត្ថកិច្ចក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។
– រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវតាមដានព្រឹត្តបត្រព័ត៌មានអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ ដែលព្យាករណ៍ដោយក្រសួងធនធានទឹកនិងឧតុនិយម និងស្ថាប័នពាក់ព័ន្ធ និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ៘
– រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ និងភូមិ ត្រូវបំពេញទម្រង់របាយការណ៍ទឹកជំនន់ ហើយត្រូវធ្វើរបាយការណ៍តាមប្រព័ន្ធ Telegram និងតាមប្រព័ន្ធ PRISM មកកាន់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជាប់ជាប្រចាំ។
– មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវកត់ត្រានិងផ្តល់ព័ត៌មានបច្ចុប្បន្នភាពស្តីពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ មកកាន់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុង ១ថ្ងៃ ធ្វើការជូនព័ត៌មានកម្ពស់ទឹក ចំនួន៣លើក លើកទី១ នៅវេលាម៉ោង ៧ៈ០០នាទីព្រឹក លើកទី២ នៅវេលាម៉ោង ១១ៈ០០នាទី និងលើកទី៣ នៅរវេលាម៉ោង ៤ៈ០០នាទីល្ងាច រៀងរាល់ថ្ងៃ។
– មន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមរថយន្តសង្គ្រោះ សម្ភារៈ បរិក្ខារ ថ្នាំពេទ្យ និងចុះផ្សព្វផ្សាយ អប់រំនិងណែនាំផ្នែកសុខភាពដល់ប្រជាពលរដ្ឋ អំពីការធ្វើអនាម័យទឹក ចំណីអាហារ និងបរិស្ថាន នៅទីទទួលសុវត្ថិភាព។
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ត្រូវសហការជាមួយរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីតាមដាននិងស្រង់ទិន្នន័យផលប៉ះពាល់ដំណាំកសិកម្ម និងសត្វពាហនៈ ដែលជម្លៀសទៅទីទួលសុវត្ថិភាព ព្រមទាំងការចុះចាក់វ៉ាក់សាំង។

– បងប្អូនប្រជាពលរដ្ឋ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គ ឱ្យបានជាប់ជាប្រចាំ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំងដែលត្រូវជម្លៀសសត្វពាហនៈ សត្វចិញ្ចឹម និងក្រុមគ្រួសារ ទៅទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់ មានការគំរាមកំហែងដល់សុវត្ថិភាព។ រាល់ការធ្វើដំណើរតាមផ្លូវទឹក សូមបងប្អូនប្រជាពលរដ្ឋ ពាក់នូវអាវពោងសុវត្ថិភាព ឬដាក់មកជាមួយកានទឹកនិងពីដុងទឹកធំៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។ ជាមួយគ្នានេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើចាស់ជរា និងកុមារតូចៗ ដែលងាយរងគ្រោះដោយទឹកជំនន់។
អាស្រ័យហេតុនេះ សូមមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងបងប្អូនប្រជាពល រដ្ឋ ចូលរួមអនុវត្តតាមសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់…៕