ខេត្តកំពង់ចាម ៖ ស្របពេលដែលមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់ជាបន្តបន្ទាប់ បង្កឲ្យមានទឹកជំនន់លិចផ្ទះសម្បែង ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ តាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តកំពង់ចាម ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប និងខេត្តកំពង់ធំ ជាដើមនោះ គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានចុះផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីត្រៀនខ្លួនជម្លៀសក្រុមគ្រួសារ និងសត្វចិញ្ចឹម ទៅរកទីទួលសុវត្ថិភាពបានទាន់ពេលវេ លា ។ ចំណែកអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ ក៏បានត្រៀមសម្ភារៈ មធ្យោបាយ និងកម្លាំងអន្តរាគមន៍ សម្រា ប់ឆ្លើយតប សង្គ្រោះបន្ទាន់ ដោយតាមដានស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក ជាប្រចាំផងដែរ។

ថ្មីៗនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ ដោយសាររដូវវស្សា ឆ្នាំនេះ មានទឹកធំ ដែលត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះផលដំណាំរបស់កសិករ ដែលរងផលប៉ះ ពាល់ដោយសារទឹកជំនន់ទន្លេមេគង្គ និងជំន់ទឹកភ្លៀង។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញ ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ដើម្បីសិក្សាលទ្ធភាពក្នុងកាត អន្តរាគមន៍ បង្ការ ទប់ស្កាត់ កុំឲ្យមានហានិភ័យកើតឡើងជាយថាហេតុ បន្ទាប់ពីស្ថានភាពទឹកទន្លេមេគង្គ បានបន្តហក់ឡើងខ្ពស់ ជិតដល់កម្រិតត្រូវប្រុងប្រយ័ត្ន និងបានដាក់ចេញនូវវិធានការក្នុងបង្ការទប់ស្កាត់ផលប៉ះពាល់ដោយសារទឹកជំនន់ មកលើភូមិឋាន ស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេ គង្គ ខេត្តកំពង់ចាម ខណៈដែលស្ថានភាពទឹកទន្លេមេគង្គ ខេត្តកំពង់ចាមបានបន្តហក់ឡើងជាច្រើនថ្ងៃ បានបណ្តាលឲ្យកំណាត់ផ្លូវ ក៏ដូចជាផ្ទះបងប្អូនប្រជាពលរដ្ឋ មួយចំនួនដែលរស់នៅតាមបណ្តោយទន្លេមេគង្គ បានទទួលរងផលប៉ះពាល់ ដោយទឹកជំន់ទន្លេមេគង្គ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានទទូចស្នើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ស្ទឹង បឹង ព្រែក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវមើលថែកូនចៅ ក្មេងតូចៗ កុំឲ្យលេងទឹក និងសូមទាក់ទាងមកអាជ្ញា ធរ ឮសមត្ថកិច្ច ក្នុងករណីត្រូវការអន្តរាគមន៍បន្ទាន់។

យោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះស្ថាន ភាពទឹកទន្លេមេគង្គ ខេត្តកំពង់ចាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ទឹកទន្លេបានហក់ឡើងដល់កម្ពស់ ១៤.៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេឡើងកម្ពស់ ០,១៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹក នាពេលនេះ ធៀបទៅឆ្នាំ២០២៤ ទឹកទន្លេមានកម្ពស់ ១៣,០៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្ន មានកម្ពស់ ១៥,២០ម៉ែត្រ។
ដោយឡែកលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានមានប្រសាសន៍ថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដាក់ចេញសេចក្ដីណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ស្ដីពីវិធានការដើម្បីឆ្លើយតបសង្គ្រោះបន្ទាន់ពីគ្រោះទឹកជំនន់។ ម្យ៉ាងវិញទៀត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាមមូលដ្ឋាន ជាប់ជាប្រចាំ ដើម្បីសម្របសម្រួលជួយជម្លៀសសត្វពាហនៈ និងគ្រួសារងាយរងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព ឱ្យបានទាន់ពេលវេលា។ លោកបានបន្ថែមថា បច្ចុប្បន្នក្រុមការងារបានត្រៀមសម្ភារៈនិងកម្លាំងអន្តរាគមន៍ សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ និងតាមដានស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក ដើម្បីត្រៀមវិធានការឆ្លើយតប។

លោក គង់ គឹមនី បានបញ្ជាក់ថា មកដល់ពេលនេះមិនទាន់មានហានិភ័យអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ ក្នុងការជម្លៀសប្រជាពលរដ្ឋនៅឡើយទេ តែទោះបីយ៉ាងនេះក្តី គ្រប់មន្ទីរពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មការ បានចាត់ចែងឱ្យចុះជួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ហើយណែនាំពាក់ព័ន្ធបញ្ហាសុវត្ថិភាពការប្រើប្រាស់ទឹក ក៏ដូចជាចំណីអាហារផ្សេងៗ ។
លោកអភិបាលរងខេត្ត ឲ្យដឹងថា សព្វថ្ងៃនៅទូទាំងខេត្តក្រចេះ មានរៀបចំទីទួលសុវត្ថិភាពសរុបប្រមាណ ៥០ទីតាំង ដើម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា និងមានសុវត្ថិភាព ។ លោកអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានអំពាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចៀសវៀងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
ដោយឡែកសម្រាប់ខេត្តស្ទឹងត្រែង ទិន្នន័យបណ្តោះអាសន្នដែលក្រុមការងារគ្រោះមហន្តរាយ បានឱ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់ បានប៉ះពាល់៦ក្រុង-ស្រុក ក្នុងនោះមាន ឃុំ ចំនួន២៦ ភូមិ ចំនួន៦៣ គិតជាគ្រួសារ ប្រមាណ ២២៧១គ្រួសារ ។ រីឯដំណាំស្រូវ ប៉ះពាល់មានចំនួន២៣០៤ហិកតារ និងខូចខាតចំនួន ៥៨ហិកតារ។ សម្រាប់ដំណាំរួមផ្សំ ប៉ះពាល់ចំនួន ២៥២៥ហិកតារ និងខូចខាតចំនួន ៨២ហិកតារ ។
លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែង បានឱ្យដឹងថា ករណីប្រឈមនៃគ្រោះ ទឹកជំនន់នេះ មន្ត្រីជំនាញបានចេញសេចក្តីជូនដំណឹងនិងធ្វើរបាយការណ៍បញ្ជាក់ពីកម្ពស់ទឹកទន្លេ និងការ ប្រែប្រួលនៃអាកាសធាតុ ជារៀងរាល់ថ្ងៃ ស្តីពីរបបទឹកនៃទន្លេទាំង៤ មានទន្លេមេគង្គ សេកុង សេសាន និងទន្លេស្រែពក។ លោកបន្តថា ការធ្វើបែបនេះ ដើម្បីផ្សព្វផ្សាយនិងជូនដំណឹងទៅអាជ្ញាធរតាមមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈមមួយចំនួន នៃដងទន្លេទាំង៤ ក្នុងខេត្តស្ទឹងត្រែង ឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយដែលបង្កឡើងដោយសារទឹកជំនន់ ។ បច្ចុប្បន្នអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានដាក់កម្លាំងប្រចាំការនៅតាមចំណុចប្រឈមក្នុងឃុំចំនួន៥ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺមាន ឃុំតាឡាត ក្បាលរមាស សាមឃួយភ្លុក និងឃុំកំភុន ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រសិនមានករណីប្រឈមណាមួយកើតមានឡើង។

លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែង សំណូមពរឱ្យប្រជាពលរដ្ឋ ស្តាប់នូវសាររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ តាមទូរស័ព្ទលេខ ១២៩៤ ដើម្បីដឹងរាល់ព័ត៌មានពីបញ្ហាទឹកជំនន់ បានរហ័សទាន់ពេលវេលា។
លោក មួន ខិប មេឃុំតាឡាត បានឲ្យដឹងថា អាជ្ញាធរឃុំ និងមន្ត្រីប៉ុស្តិ៍នគរបាល បានណែនាំផ្ទាល់ ទៅប្រជា ពលរដ្ឋ ហាមប្រជាពលរដ្ឋធ្វើដំណើរតាមទូកតូចៗ ពេលមេឃងងឹត និងមានភ្លៀង ពិសេស ហាមកូនចៅចុះលេងទឹក ការពារសត្វមានពិសទិចឬខាំ និងជម្លៀសសត្វចិញ្ចឹម ជ្រូក មាន់ ទា គោ ក្របី ទៅទីទួលសុវត្ថិភាព។ លោកបន្តថា នៅឃុំតាឡាត មានប្រជាពលរដ្ឋចំនួនជាង ២០គ្រួសារ ត្រូវបានជម្លៀសចេញពីផ្ទះ ទៅរស់នៅកន្លែងមានសុវត្ថិភាព ដូចជានៅតាមវត្តអារាម សាលារៀន និងផ្ទះបងប្អូនដែលមានទីទួលខ្ពស់ៗ ដើម្បីបញ្ចៀស ពីគ្រោះមហន្តរាយទឹកជំនន់ ។
ដោយឡែកនៅខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលស្ថានភាពទីទួលសុវត្ថិភាពពលរដ្ឋ នៅឃុំជីរោទ៍ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពជាក់ស្តែងក្នុងតំបន់ដែលប្រឈមទៅដោយទឹកជំនន់ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាមួយនិងពលរដ្ឋ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់រង គ្រោះទឹកជំនន់ ឱ្យតាមដានស្ថានភាពទឹក និងធ្វើការរៀបចំខ្លួនឱ្យបានរួចជាស្រេច ក្នុងពេលគ្រោះអាសន្ន ដើម្បីជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ មួយវិញទៀត បងប្អូនពលរដ្ឋដែលរស់នៅលើទីទួលសុវត្ថិភាព ទាំង២ទីតាំង ក្នុងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ រក្សាអនាម័យ សុខភាព បរិស្ថាន ដើម្បីបង្ការជំងឺតម្កាត់ផ្សេងៗផងដែរ។
គូសបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្បូងឃ្មុំ កម្ពស់ទឹកទន្លេមេគង្គ ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ទឹកមានកម្ពស់ ១៤,២៦ម៉ែត្រ ធៀបព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទឹកឡើង ០,១៦ម៉ែត្រ ធៀបឆ្នាំមុនខ្ពស់ជាង ០,៩៤ម៉ែត្រ។ សម្រាប់កម្ពស់ទឹកប្រកាសឱ្យមានការប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ។

ដោយឡែក កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយអាជ្ញាធរខេត្តកំពង់ធំ ជាលេខាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំក្តីដូន ស្រុកកំពង់ស្វាយ ដែមមានស្រូវជាច្រើនហិកតារ ខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។

សូមបញ្ជាក់ថា ក្រៅខេត្តមួយចំនួន ខាងលើនេះ ក៏មានខេត្តមួយចំនួនទៀត បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងដែរ ដូចជាខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ស្រុកពួក ស្រុកអង្គរធំ និងភូមិសាស្ត្រស្រុកមួយចំនួនទៀត ។ ចំណែកខេត្តរតនគិរី ស្ថានភាពទឹក ជំនន់ទឹកភ្លៀង បានបង្កឱ្យរងផលប៉ពាល់ស្រុកចំនួន២ គឺស្រុកលំផាត់ និងស្រុកកូនមុំ ក្នុងនោះ ស្រុកលំផាត់ ប៉ះពាល់ចំនួន ៣ឃុំ មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ចំនួន ៣៤៦៧គ្រួសារ និងស្រុកកូនមុំ ប៉ះពាល់ចំនួន ៥ឃុំ ប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ចំនួន ៩៨៣គ្រួសារ។ រីឯនៅឃុំសាមគ្គី ស្រុកអូរជុំ មានករណីប្រជា ពលរដ្ឋបាត់ខ្លួន ចំនួន៤នាក់ ដោយសារជំនន់ទឹកភ្លៀង ហូរកួចយកទៅបាត់ កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ៕ ខៀវទុំ
