ខេត្តកំពត ៖ អតីតចៅអធិការវត្តភ្នំរាប ដែលបែកធ្លាយវីដេអូដេកឱបស្រី ត្រូវបានចាប់ផ្សឹកកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលា ការ ពីបទគំរាមកំហែងហែកកេរ្តិ៍ តាមបណ្តឹងរបស់នារីជាសង្សារ ដែលបានប្តឹងថា អន្ទិតរូបនេះ កាលនៅជាសង្ឃ បានទាក់ទងស្នេហាជាមួយនាង រហូតនាងមានផ្ទៃពោះ ហើយបានគំរាមបង្ហោះរូបស្រាត និងវីដេអូរួម ភេទជាមួយនាង។

ជនសង្ស័យ មានឈ្មោះសុត ដាវី អាយុ៣៥ឆ្នាំ ជាអតីតចៅអធិការវត្តភ្នំរាប តំបន់ទេសចរណ៍ភ្នំទឹកធំ មានទីតាំងស្ថិតក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលា ដំបូងខេត្តកំពត កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្រោយពីសមត្ថកិច្ចជំនាញបានបញ្ចប់នីតិវិធីសាកសួររួចរាល់ និងបានរកឃើញពិរុទ្ធភាព ដែលអតីតចៅអធិការរូបនេះ លួចរួមភេទជាមួយស្រី ទាំងនៅគ្រងស្បង់ចីវរ និងថែមទាំងគំរាមបង្ហោះរូបស្រាត និងវីដេអូរួមភេទជាមួយស្រីស្នេហ៍ថែមទៀត។
លោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការបញ្ជូនជនសង្ស័យឈ្មោះសុត ដាវី ទៅកាន់សាលាដំបូងនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ច បានសាកសួរនិងកសាងសំណុំរឿងរួចរាល់ តាមបណ្តឹងរបស់ភាគីដើមបណ្តឹង។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបន្តថា ជនសង្ស័យឈ្មោះសុត ដាវី ត្រូវបានប្តឹងដោយឈ្មោះទួន ពៅធី ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិមាត់ពាម ឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ដោយកម្មវត្ថុនៃបណ្តឹង ពីបទ «គំរាមកំហែងហែកកេរ្តិ៍ឈ្មោះ» ប្រព្រឹត្តនៅវត្តភ្នំរាប ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃដាក់ពាក្យបណ្តឹង (ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥)។
លោកស្នងការរង បានបន្ថែមថា ផ្អែកតាមលទ្ធផលនៃការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានគំរាមបង្ហោះរូបអាសអាភាស ព្រមទាំងវីដេអូរួមភេទជាមួយដើមបណ្តឹង ជាសាធារ ណៈប្រាកដមែន។ បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យខាងលើ សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីបន្តនីតិវិធី។
គួររំលឹកថា ក្រោយពីបែកធ្លាយវីដេអូចៅអធិការវត្តភ្នំរាប ព្រះនាម សុត ដាវី ដេកឱបស្រី នៅក្នុងបន្ទប់ ស្រាប់តែសាមីខ្លួនខាងស្រីក្នុងរូបថតនោះ បានប្តឹងចោទប្រកាន់ថា ខ្លួនបានមានទំនាក់ទំនងស្នេហាជាមួយព្រះចៅអធិ ការអង្គនោះ រហូតដល់មានផ្ទៃពោះ ធ្វើឱ្យផ្ទុះជាអធិករណ៍ និងត្រូវបានព្រះអនុគណស្រុកកំពង់ត្រាច សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរស្រុកកំពង់ត្រាច បានសម្រេចផ្សឹកចៅអធិការវត្តភ្នំរាប នេះតែម្តង កាលពីព្រឹកថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២៥ រួចប្រគល់ឲ្យសមត្ថកិច្ច យកទៅសាកសួរនិងចាត់ការតាមច្បាប់។
គួរបញ្ជាក់ដែរថា ក្រោយពីបែកធ្លាយវីដេអូព្រះចៅអធិការវត្តភ្នំរាប ដេកឱបស្រី និងស្លៀកពាក់ជាគ្រហស្ថ ផ្អើលពេញបណ្តាញសង្គមមក នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ មន្ត្រីសង្ឃ និងមន្ត្រីពាក់ព័ន្ធ បានចុះស៊ើបអង្កេតស្រាវជ្រាវ ជុំវិញករណីនេះ ដល់វត្តភ្នំរាប តែម្តង ដោយបានប្រជុំបិទទ្វារជាមួយព្រះតេជគុណ សុត ដាវី ចៅអធិ ការវត្តភ្នំរាប។

តាមប្រភពមន្ត្រីមួយរូប បានបង្ហើបប្រាប់ថា នៅក្នុងកិច្ចប្រជុំនោះ ចៅអធិការវត្តភ្នំរាប ព្រះនាម សុត ដាវី បានយល់ព្រមសឹក ប៉ុន្តែសុំពេលជាង ១ខែសិន ព្រោះនៅមានកិច្ចការច្រើនទៀតនៅមិនទាន់ធ្វើរួចរាល់នៅឡើយ។ប្រភពដដែល បន្តថា ព្រះតេជគុណ សុត ដាវ បានកំណត់វេលាលាចាកសិក្ខាបទ (សឹក) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ដើម្បីមានពេលសមគួរក្នុងការសហការចាត់ចែងផ្ទេរតួនាទីនិងការងារ ជូនព្រះសង្ឃអង្គផ្សេង ដើម្បីគ្រប់គ្រង ដឹកនាំវត្តបន្ត ហើយក៏ទទួលបានការឯកភាពពីមន្ត្រីសង្ឃផងដែរ។
ដោយឡែក កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មុនពេលត្រូវចាប់ផ្សឹក អតីតចៅអធិការវត្តភ្នំរាប សុត ដាវី បាននិយាយនៅចំពោះមុខអ្នកសារព័ត៌មានថា “វិវាទកើតឡើងរវាងអាត្មាជាមួយនឹងបុគ្គល ទួន ពៅធី (ភេទស្រី) នេះ គឺជាការចោទប្រកាន់ទេ ហើយដូចសារព័ត៌មានបានឃើញអ៊ីចឹង ការវាយប្រហារតែម្ខាងទេ ហើយថ្ងៃនេះ អាត្មា ត្រូវទៅសាលាមេគុណ រឿងរ៉ាវខាងក្រោយ គឺយើងអត់ដឹងទេ អាត្មាចម្រើនពរថា នៅពេលដែលចប់ការ ងារនេះ អាត្មានឹងធ្វើសន្និសីទសារព័ត៌មាន ហើយរឿងអាត្មា ទៅជាគ្រហស្ថ ឬក៏សឹកយ៉ាងណានោះ ប្រហែលជាមកវិញ ដឹងហើយ តែអាត្មាចង់ប្រាប់ថា រឿងអីក៏ដោយ មិនមែនទះដៃម្ខាងឮទេ អាត្មានិយាយឱ្យចំចុះ បើនិ យា យបុគ្គលដែលប្តឹងអាត្មា ឈ្មោះទួន ពៅធី នេះ ដែលគាត់ប្តឹង អាត្មានេះ គាត់បោកលុយគេ រាប់មឺនដុល្លារ យកទៅរកស៊ី ទាំងម៉ូតូ ទាំងឡាន គ្រប់សព្វបែបយ៉ាងទាំងអស់ អាត្មានឹកឃើញដំបូងថា ជាការអាណិតអាសូរគាត់ គាត់ជាមនុស្សម្នាក់ដែលទាល់ច្រក ជាមនុស្សម្នាក់ដែលថាមនុស្សទឹកដល់ច្រមុះ យំស្រែក ស្ទើរតែរាល់ថ្ងៃ អាត្មានឹកឃើញថាអាណិតគាត់ រាប់អានគាត់ អាត្មាបានជួយគាត់ ក្នុងនាមយើងជាព្រះសង្ឃ នឹកឃើញថា ជួយដោះ ស្រាយបំណុលអីខ្លះអ៊ីចឹងទៅ នឹកឃើញថាអាណិតគាត់ ហើយបានដោះស្រាយបំណុលគាត់ ឱ្យគាត់រកស៊ី ជួយបង់លុយគាត់ និយាយឱ្យចំទៅ ជីវិតគាត់ គឺអាត្មាអ្នកចំណាយទាំងអស់តែម្តង នឹកឃើញថា ក្នុងនាមយើងជាព្រះសង្ឃ យើងចូលរួមជួយគាត់ ប៉ុន្តែគាត់បែរជាងាកមកខាំអាត្មាវិញ ហើយរវាងអាត្មា និងបុគ្គលទួន ពៅធី បានរាប់អានគ្នាជាបងប្អូនធម៌នឹងគ្នា តែបានបែកបាក់គ្នា រយៈពេលខ្ទង់ ៦-៧ខែ ទៅហើយ ហើយមនុស្សម្នាក់ដែលអាត្មាជួយ ទឹកលិចដល់ច្រមុះហើយ បែរជាងាកមកខាំអាត្មាវិញ…”។

នៅពេលអ្នកសារព័ត៌មានសាកសួរថា “តើឃ្លីបវីដេអូដែលបែកធ្លាយនោះ ឃើញព្រះអង្គកៀកកើកជាមួយគាត់នោះ ពិតឬមិនពិត?” អតីតចៅអធិការវត្តភ្នំរាប បានឆ្លើយថា “រឿងមិនពិតទេ រឿងខ្លះក៏កាត់តអ៊ីចឹងទៅ រឿងខ្លះក៏ពិតខ្លះអ៊ីចឹងទៅ ធម្មតារឿងខ្លះក៏ពិតអ៊ីចឹងទៅ ការទំនាក់ទំនងគ្នា ហើយអាត្មាចម្រើនពរថា អាត្មាចូលចិត្តត្រង់ អាត្មាមិនចូលចិត្តវៀចវេរទេ បុគ្គលទួន ពៅធី នេះគឺជាបុគ្គលម្នាក់ដែលអាត្មានិយម ជាបុគ្គលម្នាក់ដែលលួចលុយវត្ត កាត់សោវត្ត កាត់សោបន្ទប់អាត្មា កាត់សោវត្ត ចូលយកលុយពុទ្ធបូជា ទៀតផង…”។
យ៉ាងណា ក្រោយពីបញ្ចប់កិច្ចប្រជុំជាលើកទី២ នៅវត្តជុំក្រៀល នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ រួចមក អតីតចៅអធិការវត្តភ្នំរាប ឈ្មោះសុត ដាវី ត្រូវបានមន្ត្រីសង្ឃសម្រេចចាប់ផ្សឹក រួចប្រគល់ឲ្យសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពត នាំខ្លួនឡើងឡានស៊ីរែនប៉ូលិស ដើម្បីយកទៅធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

ទីបំផុត នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្រោយពីសមត្ថកិច្ចជំនាញបានបញ្ចប់នីតិវិធីសាកសួររួចរាល់ និងបានរកឃើញពិរុទ្ធភាព ដែលអតីតចៅអធិការរូបនេះ លួចរួមភេទជាមួយស្រី ទាំងដែលខ្លួននៅគ្រងស្បង់ចីវរ យកលុយវត្តទៅចិញ្ចឹមស្រីស្នេហ៍ ហើយត្រូវស្រីស្នេហ៍ប្តឹងពីបទគំរាមបង្ហោះរូបស្រាត និងវីដេអូរួមភេទផងនោះ សមត្ថកិច្ចបានសម្រេចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធីតែម្តង៕
