ខេត្តបន្ទាយមានជ័យ ៖ រថយន្តដឹកគ្រឿងចក្រ (អេស្កាវ៉ាទ័រ) ១គ្រឿង បានបើកឆ្លងកាត់ខ្លោងទ្វារប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ដែលទើបនឹងសាងសង់រួច និងមិនទាន់បានសម្ពោធនៅឡើយ ស្រាប់តែរថយន្តដឹកគ្រឿង ចក្រ បានបើកទាក់ ធ្វើឱ្យបាក់ខ្លោងទ្វារ ខូចខាត សំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅចំណុចខ្លោងទ្វារប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ទើបនឹងសង់ថ្មី ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តបង្កហេតុ មានពណ៌លឿង ពាក់ស្លាកលេខ តាកែវ 3 A-1940 ជារថយន្តសណ្តោង មានដឹកគ្រឿងចក្រ (អេស្កាវ៉ាទ័រ) ១គ្រឿង ពីលើផង បើកបរដោយបុរសមិនស្គាល់អត្តសញ្ញា ណម្នាក់ និងរួមដំណើរដោយព្រូម្នាក់។
ប្រភពដដែល បន្តថា មុនកើតហេតុ រថយន្តដឹកគ្រឿងចក្រខាងលើ បានបើកបរក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ ត្រង់ខ្លោងទ្វារប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ដែលទើបនឹងសាងសង់រួចថ្មីៗ និងទើបបើកឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បានរយៈពេល ១ថ្ងៃ តែមិនទាន់បើកសម្ពោធជាផ្លូវការនៅឡើយ ក៏បានប៉ះខ្លោងទ្វារនោះ បណ្តាលឱ្យបាក់ខូចខាតតែម្តង។
ប្រភពខាងលើ បញ្ជាក់ថា ពេលកើតហេតុ មិនដឹងថាព្រូ និងតៃកុងរថយន្ត មើលមិនឃើញខ្លោងទ្វារ ឬក៏យ៉ាងម៉េចនោះទេ ស្រាប់តែបើករថយន្តដឹកគ្រឿងចក្រ មានកម្ពស់ខ្ពស់ហួសខ្លោងទ្វារ ឆ្លងកាត់ ធ្វើឱ្យអេស្កាដែលនៅពីលើរថយន្ត បានប៉ះខ្លោងទ្វារដែលធ្វើពីស៊ីម៉ងត៍ បណ្តាលឱ្យបាក់ របកឈ្មោះ ហើយទោះពលរដ្ឋបានឃើញ នាំគ្នាស្រែកប្រាប់ថា កុំឱ្យបើកចូលអីព្រោះដៃអេស្កាវ៉ាទ័រ ប៉ះនឹងខ្លោងទ្វារហើយ ប៉ុន្តែតៃកុងរថយន្ត មិនស្តាប់ ដោយស្តាប់តែព្រូបក់ដៃឱ្យចូល ទើបប៉ះស្លាកយីហោប៉ុស្តិ៍រដ្ឋបាល ស្ទើរតែបាក់ខូចខាត ប៊ិះនឹងសង្កត់អ្នកធ្វើដំ ណើរតាមផ្លូវទៀតផង។
តាមប្រភពតៃកុងរថយន្ត បានឱ្យដឹងថា គាត់ដឹកគ្រឿងចក្រ (អេស្កា) ខាងលើ យកទៅកាយបង្ហាប់ដីឱ្យគេ តែមិនទាន់ដល់គោលដៅផង ក៏ជួបរឿងបែបនេះតែម្តង។
ចំណែកនគរបាលប៉ុស្តិ៍ បញ្ជាក់ថា រថយន្តបង្កហេតុនេះ ត្រូវយកទៅដោះស្រាយគ្នានៅប៉ុស្តិ៍ខាងលើសិន ទើបឲ្យបន្តឱ្យធ្វើដំណើរទៅមុខទៀត។

នាយរងប៉ុស្តិ៍ម្នាក់ បានបញ្ជាក់ថា បញ្ហាខាងលើ នេះក្រុមការងារប៉ុស្តិ៍ បានឱ្យម្ចាស់ដឹកអេស្កា ធ្វើកិច្ចសន្យាធ្វើខ្លោងទ្វារប៉ុស្តិ៍ថ្មី ខណៈម្ចាស់រថយន្តដឹកអេស្កា អល់អែក មិនព្រមចង់ធ្វើថ្មី ដោយចង់ជួសជុល៕