Thursday, October 16, 2025
Homeសេដ្ឋកិច្ចជាតិយានយន្តអគ្គិសនីនៅកម្ពុជា ចុះបញ្ជីជាង១ម៉ឺនគ្រឿង

យានយន្តអគ្គិសនីនៅកម្ពុជា ចុះបញ្ជីជាង១ម៉ឺនគ្រឿង

ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជា មានចំនួន ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្ត មានចំនួន ៧ ១៨៧គ្រឿង ត្រីចក្រយានយន្ត ចំនួន ៦៧១គ្រឿង និងទោចក្រយានយន្ត ចំនួន ២ ៧១០គ្រឿង។

លោក ផន រឹម បានបញ្ជាក់កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ថា នៅកម្ពុជា និន្នាការយានយន្តអគ្គិសនី (EV) មានការកើនឡើងច្រើន។ ជាក់ស្តែងរយៈពេល៨ខែ ឆ្នាំ២០២៥ យានយន្ត EV ចុះបញ្ជីសរុប ៥៥៧១គ្រឿង ក្នុងនោះមានរថយន្ត ៤២៥១គ្រឿង ត្រីចក្រយាន ១៦៧គ្រឿង និងទោចក្រយានយន្ត ១១៥៣គ្រឿង។

អ្នកនាំពាក្យក្រសួងសាធារណការ បានបន្តថា បន្ទាប់ពីមាននិន្នាការកើនឡើងសម្រាប់យានយន្ត EV នេះ ក្រ សួងសាធារណការនិងដឹកជញ្ជូន កំពុងតែបានបន្តគិតគូរទៅលើការដាក់សញ្ញាសម្គាល់បន្ថែម ទៅលើស្លាក លេខ ទាំងរថយន្ត ត្រីចក្រ យានយន្ត និងទោចក្រយានយន្ត ដែលគម្រោងនេះ នឹងអាចចេញជារូបរាង នៅឆ្នាំ២០២៦ ខាងមុខនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្ត អគ្គិសនី ឆ្នាំ២០២៤-២០៣០ ដោយមានគោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានជាង ៧៧ម៉ឺនគ្រឿង នៅឆ្នាំ២០៣០។ គោលនយោបាយនេះ មានគោលបំណងប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងកម្រិតល្អប្រសើរ ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពប្រជាជន។ គោលដៅជាក់លាក់ រួមមាន ការចុះបញ្ជីរថយន្តអគ្គិសនី ចំនួន ៣០ ០០០គ្រឿង ទោចក្រយានយន្ត អគ្គិសនី ៧២០ ០០០គ្រឿង និងត្រីចក្រយានយន្តអគ្គិសនី ២០ ០០០គ្រឿង នៅឆ្នាំ២០៣០។

ដើម្បីឈានទៅការសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល បានផ្តល់ការលើកទឹកចិត្តពិសេសដល់អ្នកនាំចូលរថយន្តនិងម៉ូតូអគ្គិសនី ដោយបន្ថយពន្ធនាំចូល ៥០ភាគរយ។ បន្ថែមពីនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានសម្រេចកែសម្រួលបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី EV ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤ (ភិកអាប់) និងរថយន្តដឹកអ្នកដំណើរ ដើម្បីជំរុញកំណើនការប្រើប្រាស់យានយន្តអគ្គិសនី នៅកម្ពុជា ៕

RELATED ARTICLES