ភ្នំពេញ ៖ អតីតសណ្ឋាគារអង្គរមានជ័យ ដែលបានកសាងតាំងពីឆ្នាំ១៩៥០ (អាយុ៧៥ឆ្នាំ) ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សម្រេចដាក់គ្រឿងចក្រ គ្រោងរៀបចំវាយកម្ទេចចោល នាពេលខាងមុខនេះ បន្ទាប់ពីប្រជាពលរដ្ឋដែលស្នាក់នៅអគារនេះ បានទទួលយកដំណោះស្រាយនិងយល់ព្រមចាកចេញអស់ហើយ ដោយសារស្ថានភាពបង្កគ្រោះថ្នាក់ខ្លាំង ដែលអាចកើតឡើងជាយថាហេតុ។

សំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដ៏ចាស់ទ្រុឌទ្រោមនេះ មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពមន្ត្រីជំនាញ បានបញ្ជាក់ថា អគារនេះ នឹងត្រូវវាយកម្ទេចចោល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ដោយមុននឹងវាយកម្ទេច ត្រូវធ្វើពិធីក្រុងពលី តាមបែបសាសនាជាមុនសិន។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងនិងណែនាំដល់បងប្អូនប្រជាពល រដ្ឋនិងម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងស្នាក់នៅលើអគារសហកម្មសិទ្ធិត្រូវមានការប្រុងប្រយ័ត្ន ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ដោយសារតែអគារនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង គួរឱ្យព្រួយបារម្ភ។
លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រុមការងារក្រសួង បានជួបពិភាក្សាជាមួយបងប្អូនប្រជាជនដែលស្នាក់នៅអគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម និងត្រូវបានសាងសង់តាំងពីក្នុងអំឡុងឆ្នាំ១៩៥០។

ជាលទ្ធផល ពួកគាត់បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យ ដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ ដោយសារតែអគារដ៏ចំណាស់នេះ ខ្វះការថែទាំនិងខ្វះការជួសជុលត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស អស់រយៈពេលជាយូរឆ្នាំមកហើយ៕