ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពប្រើកូនកាំបិតចុងស្រួច ឆ្កឹះសោផ្ទះប្រជាពលរដ្ឋបំណងចូលលួចទ្រព្យសម្បត្តិ តែមិនទាន់បានសម្រេចផង ត្រូវម្ចាស់ផ្ទះមកទាន់ ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋព័ទ្ធចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីឆ្កឹះសោផ្ទះ លួចទ្រព្យសម្បត្តិនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែតុលាឆ្នាំ ២០២៥ នៅចំណុចផ្ទះប្រជាពលរដ្ឋ មួយកន្លែង តាមបណ្តោយផ្លូវលេខ១៨៦ កែងផ្លូវលេខ ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែតុលាឆ្នាំ ២០២៥ នសង្ស័យខាងលើ បានធ្វើសកម្មភាពលឹបលនៅខាងមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង តាម បណ្តោយផ្លូវលេខ១៨៦ កែងផ្លូវលេខ ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលម្ចាស់ផ្ទះមិននៅ (ចាក់សោពីខាងក្រៅ)។ លុះបន្តិចក្រោយមក ជនសង្ស័យបានយកកាំបិតចុងស្រួច មកឆ្កឹះសោ បម្រុងចូលលួចទ្រព្យសម្បត្តិ និងសម្ភារៈមានតម្លៃ តែគាប់ជួនត្រូវបានម្ចាស់គេមកទាន់ ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋចាប់ក្របួចជាប់ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង កាបូបស្ពាយពណ៌ខ្មៅ១ និងកាំបិតចុងស្រួច ចំនួន១ដើម ត្រូវបានសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិ វិធី៕