ភ្នំពេញ ៖ ល្អហួស ថានាងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Teen Cambodia នៅវគ្គផ្ដាច់ព្រ័ត្រ (Final) នាពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ហើយនាងអំពាវនាវឲ្យ Fan បោះឆ្នោតឲ្យនាងផងដែរ ។ ទោះបីជាលទ្ធផលនៅមិនទាន់ដឹង ប៉ុន្ដែគេអាចសន្និដ្ឋានបានថា ល្អហួស ប្រាកដជាមានភាគ រយខ្ពស់ជាងបេក្ខភាពផ្សេងៗទៀតទាំងរូបសម្រស់ និងទេពកោសល្យ រួមទាំងបទពិសោធន៍ផងដែរ ហេតុនេះក្រមុំរូបស្រស់ប្រាកដជាធ្វើឲ្យបវរកញ្ញាដទៃ ពិបាកយកឈ្នះ ។

លោកគីម សាន្ដ ជាពូ និងរ៉ាប់រងការងារសិល្បៈរបស់ល្អហួស បានប្រាប់ «នគរធំ» កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ថា នេះជាលើកទី២ ដែលក្មួយស្រីរបស់លោកចូលរួមប្រកួតផ្នែកសម្រស់ ប៉ុន្ដែលោកថា មិនអាចសង្ឃឹម ១០០% ទេ ព្រោះបេក្ខភាពផ្សេងៗទិសដៅនៅចំពោះមុខគេ ចង់បានមកុដដូចៗគ្នា ហើយគេក៏មានសមត្ថភាពខ្លាំងរៀងៗខ្លួន។លោកថា ល្អហួស ព្យាយាមដុសខាត់សមត្ថភាពបន្ថែម ក្នុងការដណ្ដើមជ័យជម្នះ ព្រោះបេក្ខភាពផ្សេងៗសុទ្ធតែខ្លាំងៗដូចគ្នា។

មហាជន បានលើកឡើងថា ល្អហួស ឈ្នះមកុដបវរកញ្ញា ដល់ទៅ២ផ្សេងគ្នា ទៅហើយ ប៉ុន្ដែហេតុអ្វីនាងចូល រួមប្រលងកម្មវិធីដូចគ្នានេះម្ដងទៀត? ព្រោះបេក្ខភាពខ្លះ អាចស្រងាកចិត្ត នៅពេលឃើញនាងលេចមុខមកប្រជែងយកមកុដជាថ្មី ។
ឆ្លើយតបសំណួរថា តើល្អហួស សង្ឃឹមឈ្នះមកុដ នៅរដូវកាលថ្មីនេះទៀត ឬអត់? លោកគីម សាន្ដ អះអាងថា នៅវគ្គផ្ដាច់ព្រ័ត្រ នាពាក់កណ្ដាលខែវិច្ឆិកា សម្រាប់លោកជាពូ ក៏ដូចក្រុមគ្រួសារលោក ជឿជាក់ថា ល្អហួស អាចធ្វើបាន ព្រោះជឿជាក់សមត្ថភាពនាង។

ស្រីស្អាត ជូរី ល្អហួស អាយុ១៦ឆ្នាំ មានឈ្មោះដើម សុខ គីមហ័ង ជាបវរកញ្ញា Miss Preteen Junior Idol World 2024 និងម្ចាស់ម្កុដ Miss Preteen International Cambodia 2023 មុនប្រកួតផ្ដាច់ព្រ័ត្រ Miss Teen Cambodia នាងក៏បានធ្វើជា BA ឲ្យភេសជ្ជៈ V-COLA ដែលតាមព័ត៌មានថា នាងមានតម្លៃខ្លួនខ្ពស់ លំដាប់តារាជូរមុខទៀតផង ។ ប៉ុន្តែទាក់ទងរឿងថា ល្អហួស ស៊ីថ្លៃប៉ុន្មាន? ចុះកុងត្រាប៉ុន្មានឆ្នាំ? លោកគីម សាន្ដ សុំមិនប្រាប់ឡើយ ។

សូមបញ្ជាក់ថា ល្អហួស ទោះជានៅវ័យក្មេងមែន ប៉ុន្ដែនាងមានទេពកោសល្យសិល្បៈទាំងព្រម ដោយអាចដើរម៉ូដ ថតសម្ដែងភាពយន្ដ MV និងរាំរបាំបុរាណ និងព្រះរាជទ្រព្យ ជាដើម ។ ស្រីស្រស់រូបនេះ ជិះរថយន្ដទំនើប ម៉ាក Lamborghini ដែលពេលខ្លះ មានអង្គរក្ស បើកជូនទៀតផង ។ សម្រាប់ឆ្នាំ២០២៥ នេះ ស្រីស្អាត ល្អហួស ទើបបានបញ្ចេញស្នាដៃក្នុងភាពយន្ដរឿង «ម្ចាស់កញ្ចក់» ខណៈដែលនាងជាតារាម្នាក់សកម្មក្នុងការថ្កោល ទោសសៀម ដែលឈ្លានពានព្រំដែនខ្មែរ និងចេញចម្រៀងច្រៀងដៀលសៀម កប់ៗមាត់តែម្ដង រហូតពេលខ្លះត្រូវហ្វេសប៊ុក ព្រមាន និងលុបវីដេអូ បទចម្រៀងនាងពីផេកនាងទៀតផង ។ ល្អហួស ដែលមានម្ដាយនិងពូ តាមជាប់ស្អិតនេះ នាងមិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាទេ បើទោះជាពេញវ័យក្រមុំនេះ ស្រីស្រស់តូចតន់ ស្ថិតក្នុងការតាមស្នេហ៍ពីសំណាក់ប្រុសអ្នកមានទ្រព្យស្ដុក កាន់តែច្រើនក៏ដោយ ៕
