Friday, October 17, 2025
Homeតារាខ្មែរពេជ្រ សោភា អន់ចិត្តគេមើលងាយ

ពេជ្រ សោភា អន់ចិត្តគេមើលងាយ

ភ្នំពេញ ៖ ពេជ្រ សោភា បានបញ្ចេញប្រតិកម្មដោយក្តៅចិត្ត ឆ្លើយតបទៅអ្នកប្រើបណ្តាញសង្គម ហ្វេសប៊ុក ម្នាក់ ដែលបកស្រាយឈ្មោះកាត់ ជាភាសាអង់គ្លេស របស់នាង «SP» ទៅជា «សំផឹង» ។

ឆ្លើយតបទៅម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «ឈឺហើយ ត្រូវចាំ» ដែលបានយកឈ្មោះនាង សរសេរអក្សរកាត់ថា «SP» ទៅបកស្រាយក្នុងន័យមើលងាយថា «សំផឹង»  នោះ សោភា បានពន្យល់ប្រាប់ទៅស្រីម្នាក់នោះថា «SP ជាពូជអំបូរនៃគ្រួសារនាងតើ! សំខាន់នាងលក់ជ្រក់ជើងមាន់ ៧-៨ឆ្នាំហើយ អត់មានលក់អីផ្សេងទេ» ។បន្ថែមពីលើការបំភ្លឺរបស់ពេជ្រ សោភា អ្នកកាន់ផេកឈ្មោះជើងមាន់ជ្រក់ SP បានសួរទៅម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «ឈឺហើយ ត្រូវចាំ» ដែលបកប្រែ SP ថា សំផឹង នោះថា «នាងឯងពួកសៀម មែន? បានជាយកអក្សរខ្មែរ របស់ពួកខ្ញុំ មកបកជេរអក្សរខ្មែរ សុទ្ធតែខ្មែរ សំផឹង ពេញៗមាត់? បងប្អូនខ្មែរជួយមើលផង»។

ពេជ្រ សោភា បញ្ជាក់បន្ថែមទៅលើស្រីរូបនោះទៀតថា «ថាហើយថាទៀត SP ហ្នឹងសោភា ហើយខួរមានតែប៉ុណ្ណឹង?»។

សូមបញ្ជាក់ថា ពេជ្រ សោភា បានប្រើគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន ឈ្មោះ «SP Pich Sophea» និងបង្កើតផេកលក់ជ្រក់ជើងមាន់ «ជើងមាន់ជ្រក់ SP» ទើបមានអតិថិជនឆ្ងល់ថាតើ «SP» អក្សរពេញយ៉ាងម៉េច? ហើយប្រែថាម៉េច? ស្រាប់តែពេលនេះ គណនីហ្វេសប៊ុក ឈ្មោះ «ឈឺហើយ ត្រូវចាំ» ចេញឆ្លើយជំនួសសាមីខ្លួន កាលពីថ្ងៃទី១៥ ខែតុលា  ឆ្នាំ២០២៥ ថា «SP ខ្មែរគេថា សំផឹង» ។

ទោះជាពេជ្រ សោភា មួម៉ៅក្ដៅចិត្តចំពោះអ្នកមើលស្រាលដល់ខ្លួនបែបនេះ តែនាងព្យាយាមនិយាយដោយចិត្តត្រជាក់ និងព្យាយាមផ្សព្វផ្សាយពីការលក់ជើងមាន់របស់ខ្លួនទៅអតិថិជនទៅវិញ ខណៈដែល Fan របស់នាង ខ្លះក៏មិនពេញចិត្តស្រីមានគណនីឈ្មោះ «ឈឺហើយ ត្រូវចាំ» នោះដែរ ប៉ុន្ដែមិនបានសម្រុកព្រួតគ្នាជេរដូចតារាមួយចំនួនដែលមាន Fan ងប់ងុល គេប៉ះ Idol របស់ខ្លួនតែបន្ដិចក៏មិនបាននោះឡើយ ។ ចំណែកសង្សារសោភា លោកឆឹម សក្កដា គ្មានប្រតិកម្មរឿងគេមើលងាយសោភា នោះទេ ព្រោះទើបវិលពីច្រៀងរាំនៅកូរ៉េ និងកំពុងមមាញឹករៀបចំបែងចែកជំនួយដែលបានពីបងប្អូននៅកូរ៉េ ។

 គួរកត់សម្គាល់ថា ពេជ្រ សោភា បានចេញពីហង្សមាស ជាង១ឆ្នាំហើយ សព្វថ្ងៃផលិតបទចម្រៀងដោយខ្លួនឯង ដោយបន្ដចេញច្រៀងតាមបណ្ដា Concerts ធំៗ ជាបន្ដបន្ទាប់ ពោលគឺនៅតែមានទីផ្សារសិល្បៈ បើទោះជាពេលនេះ នាងមានវ័យ ៤១ឆ្នាំទៅហើយក្ដី ប៉ុន្ដែសម្រស់នៅរក្សាបានក្មេងជាងវ័យ និងមិនឲ្យឡើងគីឡូ។ សោភា ដែលប្រើជីវិតជាស្រ្ដីមេម៉ាយរយៈពេល ៦ឆ្នាំ បានភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា កាលពីចុងឆ្នាំ២០២២ និងគ្រោងរៀបការនៅឆ្នាំ២០២៣ ប៉ុន្ដែបានរំសាយទៅវិញ រហូតមកដល់ពេលនេះ ដោយលែងហ៊ានកំណត់ថ្ងៃរៀបការជាថ្មីទៀតហើយ ។ អ្នកខ្លះសង្ស័យថា សោភា-សក្កដា គ្រាន់តែលេងល្បែងបិទពួនស្នេហា ការពិតពួកគេមានគូស្នេហ៍ផ្សេងរៀងៗខ្លួន ។ ប៉ុន្ដែសោភា បានចេញមុខបំភ្លឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ថា «មានគេឆ្ងល់ជាខ្លាំងថា ហេតុអ្វីនាងជាអ្នកចម្រៀង មិនសូវចេះសម្ដែងដូចគេសោះ?» ការលើកឡើងរបស់សោភា បែបនេះមានន័យថា នាងមិនចេះលេងបិទពួន ឬលេងល្ខោនស្នេហា ដូចគេចោទឡើយ ៕

RELATED ARTICLES