Friday, October 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឆបោកអនឡាញ ៤ខែ ៩២ទីតាំង ឃាត់ខ្លួនជាង ៣ពាន់នាក់

បង្ក្រាបឆបោកអនឡាញ ៤ខែ ៩២ទីតាំង ឃាត់ខ្លួនជាង ៣ពាន់នាក់

ភ្នំពេញ ៖ ក្នុងរយៈពេល ៤ខែចុងក្រោយ ឆ្នាំ២០២៥ នេះ សមត្ថកិច្ចកម្ពុជា បានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួក សរុប ៧៥នាក់ ទៅតុលាការ និងបានឃាត់ខ្លួនជនសង្ស័យ ជាង ៣ ៤០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមប្រភពលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានបង្ហាញលទ្ធផលនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតចាប់ តាំងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយក្នុងអំឡុងពេលនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពីលេខាធិការដ្ឋាននៃគណៈកម្មការ គ.ប.ឆ.ប  (online scam) បានចុះពិនិត្យទីតាំងនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ៩២ទីតាំង ក្នុង១៨ រាជធានីខេត្ត។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបប្រមាណ ៣៤៥៥នាក់ មានចំនួន២០សញ្ជាតិ រាប់បញ្ចូលជនជាតិចិន (ចិនតៃវ៉ាន់) វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដែស ថៃ កូរ៉េខាងត្បូង ប៉ាគីស្ថាន នេប៉ាល់ ម៉ាឡេស៊ី ជប៉ុន មីយ៉ាន់ម៉ា ហ្វីលីពីន ឡាវ កាមេរ៉ូន នីហ្សេរីយ៉ា យូហ្គាន់ដា សេរ៉ាលីអូន ម៉ុងហ្គោលី រុស្ស៊ី។ ក្រោយប្រតិបត្តិការចុះបង្ក្រាបដល់ទីតាំង វត្ថុតាងត្រូវបានគ្រប់គ្រងនិងរក្សាទុកត្រឹមត្រូវ ដោយសមត្ថកិច្ចជំនាញក្នុងរាជធានី-ខេត្ត។ រីឯទីតាំងត្រូវបានបិទមិនឱ្យមានការចេញ-ចូលឡើយ។

ជាមួយគ្នានេះ សមត្ថកិច្ចជំនាញបានបន្តនីតិវិធីចំពោះ ១០សំណុំរឿង ក្នុងចំណោមសំណុំរឿងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះស៊ីហនុ និងកំពត ដោយបានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ចំនួន៧៥នាក់ (ស្រី៥នាក់) ទៅតុលាការ ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន។ សំណុំរឿងទាំងនេះ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ អំពើឃាតកម្ម និងការជួញដូរមនុស្ស ដែលវាបានក្លាយជាប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំៗ ក្នុងចំណោមប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ ក្នុងរយៈពេល ៤ខែចុងក្រោយ ឆ្នាំ២០២៥នេះ។ ទន្ទឹមនេះ ជនបរទេសចំនួន ២៨២៥នាក់ ក្នុងនោះស្ត្រី ៤៧៦នាក់ ត្រូវបានបណ្តេ ញចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្គ្រោះជនរង គ្រោះ ឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសម្បុកនៃការជួញដូរមនុស្សផងដែរ។

ជាងនេះទៀត លេខាធិការដ្ឋាន គ.ប.ឆ.ប បាននិងកំពុងរួមគ្នាជាមួយបណ្តាដៃគូ និងប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ ស៊ើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្ក្រាប នាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់ រួមមាន ទូរស័ព្ទដៃ កុំព្យូទ័រ លិខិតឆ្លង ដែន ឧបករណ៍អេឡិចត្រូនិក ជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជាភ័ស្តុតាងដែលអាចផ្តល់ជា តម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និងវែកមុខបណ្តាញអង្គការចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំង នៅក្នុងនិងក្រៅប្រទេសកម្ពុជា។ លទ្ធផលដែលនឹងទទួលបានពីការស្រាវជ្រាវ នឹងត្រូវប្រើប្រាស់សម្រាប់សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ចេញវិធានការនិងអនុវត្តតាមច្បាប់ ជាធរមាន។

លទ្ធផលដែលទទួលបានខាងលើនេះ បានបង្ហាញឱ្យឃើញនូវឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការ អនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីកម្ពុជា ខណៈដែលប្រទេសកម្ពុជា ក៏ជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ បានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្តេច បានដាក់បទបញ្ជាចំនួន ៩ចំណុចសំខាន់ ក្នុងនោះសម្តេច បានសង្កត់ធ្ងន់ថា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុ វត្តតាមបទបញ្ជា ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ ប្តូរ ឬបញ្ចប់មុខតំណែង។

សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងបំផុត ចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

RELATED ARTICLES