Friday, October 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបសម្បុកគ្រឿងញៀន ពេជ្រលើមេឃ ចាប់ខ្លួនមនុស្ស៣សាសន៍ ៣០០នាក់

បង្ក្រាបសម្បុកគ្រឿងញៀន ពេជ្រលើមេឃ ចាប់ខ្លួនមនុស្ស៣សាសន៍ ៣០០នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជា មួយនគរបាលមូលដ្ឋានខណ្ឌចម្ការមន បានចុះឡោមព័ទ្ធទីតាំងអគារ យីហោ “ពេជ្រលើមេឃ” ឬ «ពេជ្រអា កាស» នៅក្បែរស្ពានហង្ស កោះពេជ្រ ឃាត់ខ្លួនមនុស្ស ៣សាសន៍ (ចិន វៀតណាម និងខ្មែរ) សរុបប្រមាណជាង ៣០០នាក់ ព្រមទាំងដកហូតបានគ្រឿងញៀនប្រភេទកេតាមីន ជាច្រើន។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ ដឹកនាំបង្ក្រាបផ្ទាល់ដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង ១២និ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ រហូតដល់ព្រឹក នៅនៅអគារ «ពេជ្រលើមេឃ» ឬ «ពេជ្រអាកាស» ស្ថិតតាមបណ្តោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មាន ឱ្យដឹងថា ការចុះបង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀនដ៏ធំនេះ ធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវពីកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អស់រយៈពេលជាយូរមកហើយ ទើបកម្លាំងបើកប្រតិបត្តិការចុះឡោមព័ទ្ធ និងឆែកឆេរតាំងពីវេលារំលងអធ្រាត្រ រហូតដល់វេលាម៉ោងប្រមាណជាង ៩ព្រឹក ទើបចប់ប្រតិបត្តិការ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ការចុះឡោមព័ទ្ធ ឆែកឆេរអគារ “ពេជ្រលើមេឃ” ឬ «ពេជ្រអាកាស» នេះ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យប្រុសស្រី ជាង៣០០នាក់ នៅក្នុងនោះមានជនជាតិចិន ជនជាតិវៀត ណាម និងជនជាតិខ្មែរ ព្រមទាំងដកហូតគ្រឿងញៀនប្រភេទកេតាមីន ជាច្រើនផងដែរ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា ទីតាំងខាងលើ មើលពីក្រៅ ដូចជាការដ្ឋាន ដែលកំពុងសាងសង់ ដើម្បីបន្លំភ្នែកមហាជននិងសមត្ថកិច្ច តែនៅខាងក្នុង ស្អាត មិនធម្មតា។

ជនសង្ស័យប្រុសស្រី ទាំង៣សាសន៍ សរុបជាង ៣០០នាក់ខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនតាមរថយន្តក្រុង ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES