ខេត្តបន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សហការជាមួយក្រុមល្បាតយោធា បានចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងឃុំអូរបីជាន់ ពេលដល់ភូមិសិលាខ្មែរ ប្រទះឃើញជនសង្ស័យ៧នាក់ (ស្រី៣នាក់) ជាជនជាតិថៃ លួចឆ្លងដែនខុសច្បាប់ ចូលមកកម្ពុជា។ ភ្លាមៗនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចឆ្លងដែន ចូលមកកម្ពុជា ប្រាកដមែន។ ដោយសារពួកគេរស់នៅក្នុងប្រទេសថៃ ពុំមានប្រាក់ និងគ្មានការងារ ទើបសម្រេចចិត្តលួចឆ្លងដែនមកកម្ពុជា ដើម្បីរកការងារធ្វើ។

ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕