ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះសិប្បកម្មផលិតគ្រឿងសង្ហារិម របស់បុរី ប៉េង ហួត ដែលមានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សិប្បកម្មបានដំណើរការអាជីវកម្មដោយកាត់ម៉ាប និងច្រៀកភ្លី នៅទីតាំងខាងក្រៅអគារ ធ្វើឱ្យមានសំឡេងនិងលម្អងតូចៗហើរទៅបរិយាកាស អាចបង្កឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្បែរខាង។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា សិប្បកម្មនេះ ពុំមានកិច្ចសន្យាការពារបរិស្ថាន ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ និងការទុកដាក់សំណល់នៅទីវាលក្នុងទីតាំងបុរី ដោយមិនបានដឹកជញ្ជូនយកចោលនៅទីលានទុកដាក់សំណល់ ដែលសកម្មភាពនេះល្មើសនឹងមាត្រា១៧៣ មាត្រា ៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
ក្នុងន័យនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបំពុលបរិស្ថាន និងសុខភាពសាធារណៈ ឱ្យខានតែបាន ក្រសួងបរិស្ថានសម្រេច ដូចខាងក្រោម ៖
១-សិប្បកម្ម ត្រូវបានពិន័យអន្តរការណ៍ ជាប្រាក់ ចំនួន ២០ ០០០ ០០០ (ម្ភៃលាន) រៀល ដោយត្រូវមកបង់ប្រាក់ ពិន័យនេះ នៅច្រកចេញចូលតែមួយរបស់ក្រសួងបរិស្ថាន ឱ្យបាន រួចរាល់មុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ជាកំហិត។
២-ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថានពិនិត្យនិងសម្រេច ឱ្យបាន រួចរាល់មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជាកំហិត។
៣-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង សំណល់រាវ សំណល់គ្រោះថ្នាក់ និងលិខិត បញ្ជាក់គុណភាពខ្យល់ក្នុងអគារ ពីក្រសួងបរិស្ថាន ឱ្យបានរួចរាល់ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកំហិត។
៤-ត្រូវរៀបចំឱ្យមានរោងសម្រាប់ទុកដាក់សំណល់រឹង ទៅតាមប្រភេទឱ្យបានត្រឹមត្រូវ ដោយចៀសវាងការទុកដាក់ ឬដុតចោលនៅទីវាល ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងត្រូវដឹកជញ្ជូនចេញដោយក្រុម ហ៊ុនដែលមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន ឱ្យបាន រួចរាល់ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកំហិត។
៥-ត្រូវរៀបចំអាងចម្រោះសម្អាតសំណល់រាវ ចេញពីសកម្មភាពបាញ់ថ្នាំ ឱ្យបានរួចរាល់ មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជាកំហិត។
៦-ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាត់ម៉ាប និងច្រៀកភ្លី នៅទីតាំងខាងក្រៅអគារផលិតកម្ម។
៧-សិប្បកម្ម ត្រូវប្តូរទៅទីតាំងផ្សេង ឱ្យឆ្ងាយពីលំនៅឋានរបស់ប្រជាពលរដ្ឋ។
៨-ត្រូវរៀបចំឱ្យមានបុគ្គលិកទទួលខុសត្រូវផ្នែកបរិស្ថាន ប្រចាំសិប្បកម្ម។

ក្នុងករណីសិប្បកម្ម មិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ជាធរមាន និងផ្អាកផលិតកម្មជាបណ្តោះអាសន្ន៕