ខេត្តសៀមរាប ៖ រថយន្តទំនើប ១គ្រឿង បើកបរក្នុងល្បឿនលឿន លុះអ្នកបើកបរងងុយដេក ងោកមួយភាំង ធ្វើឲ្យរថយន្តរេចង្កូតទៅបុកគល់ឈើ ១ដើម យ៉ាងពេញទំហឹង បណ្តាលឱ្យនារីម្នាក់ ស្លាប់នៅនឹងកន្លែង ចំណែកអ្នកដំណើរ ៩នាក់ទៀត រងរបួសធ្ងន់-ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៥៩-២៦០ ស្ថិតក្នុងភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2B-8181 បើកបរដោយឈ្មោះសុខ លាប ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិគោកចាន់ ឃុំអម្ពិល ស្រុកប្រាសាទបាគង និងមានដឹកអ្នកដំណើរក្នុងរថយន្ត ចំនួន១០នាក់ បានបើកបរក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅបុកគល់ឈើ ១ដើម ពេញទំហឹង បណ្តាលឱ្យនារីម្នាក់ បានស្លាប់នៅនឹងកន្លែង ចំណែក ៩នាក់ទៀត បានរងរបួសធ្ងន់-ស្រាល ខណៈរថយន្ត រងការខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះអន្តរាគមន៍ដល់ទីកន្លែងកើតហេតុ សម្រួលចរាចរណ៍ និងដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ មូលហេតុដែលនាំឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើកបររថយន្តម៉ាក TOYOTA ALPHARD ងងុយដេក។
ចំពោះវត្ថុតាងរថយន្តខាងលើ ត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីបន្តនីតិវិធី។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
