Thursday, October 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាក់ច្រាំង ស្រុតរបងវត្តជ្រោយ

បាក់ច្រាំង ស្រុតរបងវត្តជ្រោយ

ខេត្តកណ្តាល ៖ របងវត្តជ្រោយ ប៉ែកខាងជើង ជាប់មាត់ព្រែក ប្រវែង២០ម៉ែត្រ ត្រូវបានទឹកហូរកួចបាក់ស្រុតច្រាំង បណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍បាក់ច្រាំងនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចវត្តជ្រោយ ប៉ែកខាងជើង ស្ថិតនៅភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ។

តាមប្រភពអាជ្ញាធរស្រុកកោះធំ បានបញ្ជាក់ឱ្យដឹងថា ក្នុងហេតុការណ៍ទឹកហូរបាក់ស្រុតច្រាំងរបងវត្តជ្រោយ ប៉ែកខាងជើង ជាប់មាត់ព្រែក ប្រវែង២០ម៉ែត្រនេះ បានបណ្តាលឱ្យខូចខាតរោងសក្ការៈលោកតាជោរ ធ្វើអំពីថ្ម ដំបូលប្រក់ក្បឿង ទំហំ៥ម៉ែត្រ គុណនឹង ២ម៉ែត្រ បាក់ចូលស្ទឹងបាត់ទាំងស្រុង។ កុដិធ្វើអំពីឈើដំបូលប្រក់ក្បឿង១ខ្នង ទំហំ៤ម៉ែត្រ គុណនឹង ២០ម៉ែត្រ បាក់ស្រុតខូចខាតទាំងស្រុង។ រោងយ៉ាម៉ាក (ខ្យុសអង្គុយលេង) ទំហំ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ បាក់ស្រុតខូចខាត ១ចំហៀង។ ដើមឈើទាល ចំនួន១០ដើម (ស្រុតចូលក្នុងស្ទឹងបាត់)។ បាក់របងវត្ត ជាប់មាត់ព្រែក ប្រវែង២០ម៉ែត្រ (ស្រុតចូលក្នុងស្ទឹងបាត់) និងបាក់ថ្មក្រាលបេតុងទំហំ ២០គុណនឹង២០ម៉ែត្រ។ ប៉ុន្តែទោះជាយ៉ាងណា ហេតុការណ៍នេះ មិនបណ្តាលឱ្យមានមនុស្សណាម្នាក់ រងរបួសឡើយ៕

RELATED ARTICLES