Thursday, October 23, 2025
Homeព័ត៌មានជាតិកម្ពុជា បន្តធ្លាក់ភ្លៀងដល់ថ្ងៃ២៤តុលា

កម្ពុជា បន្តធ្លាក់ភ្លៀងដល់ថ្ងៃ២៤តុលា

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា ព្យុះទី២៤ ឈ្មោះ ហ្វេងសេង (Fengshen)T2524 បានថយឥទ្ធិពលមកលើរបបខ្យល់មូសុងដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ៖

១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ ក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០ភាគរយ។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសី ហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥ភាគរយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕

RELATED ARTICLES