ខេត្តបាត់ដំបង ៖ ជនជាតិថៃ ចំនួន៥នាក់ ក្នុងនោះមានស្រី ចំនួន២នាក់ ត្រូវបានកម្លាំងការពារព្រំដែនជួរមុខកម្ពុជា ឃាត់ខ្លួន ពេលពួកគេប៉ុនប៉ងលួចឆ្លងដែនពីកម្ពុជា ត្រឡប់ទៅប្រទេសថៃ តាមច្រករបៀង ដោយខុស ច្បាប់ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងទឹកដីស្រុកសំពៅលូន។

ជនជាតិថៃ ទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុថាធីម ប៊ុនសាំង ភេទស្រី អាយុ៣២ឆ្នាំ។ ទី២-ឈ្មោះភីមវិផា កែវបុនលឿង ភេទស្រី អាយុ១៦ឆ្នាំ។ ទី៣-ឈ្មោះសោមសិទ្ធ សុកចំរើន ភេទប្រុស អាយុ៣១ ឆ្នាំ។ ទី៤-ឈ្មោះផាក់ឌីផាក់ផុង ជិនណាវ៉ាត ភេទប្រុស អាយុ៣២ឆ្នាំ និងទី៥-ឈ្មោះកាន់ផាកប ថាន់ណាឡាត់កន្ទ្រប ភេទប្រុស អាយុ២២ឆ្នាំ។ ពួកគេទាំង៥នាក់រស់នៅខេត្តផ្សេងគ្នា នៃប្រទេសថៃ។ ក្រុមជនជាតិថៃ ទាំង នេះ ត្រូវបានកម្លាំងការពារព្រំដែនជួរមុខកម្ពុជា សហការជាមួយកម្លាំងអធិការស្រុកសំពៅលូន ធ្វើការឃាត់ខ្លួន ពេលពួកគេកំពុងផ្តុំគ្នា ព្យាយាមឆ្លងអូរព្រំដែន ចេញពីប្រទេសកម្ពុជា ត្រឡប់ទៅប្រទេសខ្លួនវិញ ទាំងកណ្តាលអធ្រាត្រ។
លោកទឹម វិឆ័យ អធិការស្រុកសំពៅលូន បានបញ្ជាក់ប្រាប់ថា ក្រុមជនជាតិថៃ ប្រុសស្រី ទាំង៥នាក់នេះ ត្រូវកម្លាំងជួរមុខ ឃាត់ខ្លួន នៅក្បែរច្រៀករបៀងមាត់អូរព្រំដែន មួយកន្លែង ដែលពួកគេបម្រុងឆ្លងដែលពីកម្ពុជា ទៅកាន់ប្រទេសថៃ ដោយខុសច្បាប់។

លោកអធិការ បានស្រង់ចម្លើយក្រុមជនជាតិថៃ ទាំងនេះថា ពួកគេធ្វើការងារនៅតំបន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពួកគេចង់វិលត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ តែគ្មានច្រកសម្រាប់ឆ្លងកាត់ទេ ក៏នាំគ្នាធ្វើដំណើរមកកាន់ទឹកដីស្រុកសំពៅលូន តាមរយៈមេខ្យល់ខ្មែរម្នាក់ និងមេខ្យល់ជនជាតិថៃ ម្នាក់ ដែលពួកខ្លួនមិនស្គាល់ឈ្មោះ។
តាមចម្លើយរបស់ពួកគេ បានប្រាប់ថា ពួកមេខ្យល់ បានប្រាប់ថា ពួកគេអាចនាំឆ្លងព្រំដែន តាមច្រករបៀង នៅក្នុងស្រុកសំពៅលូនបាន ទើបពួកខ្លួនសម្រេចមកតាមមេខ្យល់ តែពេលដឹកពួកខ្លួនដល់ចំណុចខាងលើ ក្បែរអូរព្រំដែន ស្រាប់តែបាត់មេខ្យល់។ លុះបន្តិចក្រោយមក ក៏ត្រូវកម្លាំងយោធាកម្ពុជា មកដល់ ឃាត់ខ្លួនល្មម។

លោកអធិការស្រុកសំពៅលូន បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសាកសួរបឋមរួច ក៏បានបញ្ជូនបន្តទៅកាន់ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការខេត្ត ភ្លាមៗដែរ ដើម្បីចាត់ការបន្ត៕