ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួនជាង៧ ៩០០ករណី និងឃាត់ខ្លួនជនសសង្ស័យ បាន ១៣ ០០០នាក់ និងបានបញ្ជូនខ្លួនទៅតុលាការ លើកលែងតែអ្នក ប្រើប្រាស់គ្រឿងញៀន ត្រូវបានផ្តល់ឱកាសឱ្យទទួលសេវាព្យាបាល និងស្តារនីតិសម្បទា។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានកន្លែងស្តារនីតីសម្បទា ២របៀប ៖
របៀបទី១-ផ្អែកលើសហគមន៍ ដោយប្រើប្រាស់មូលដ្ឋានសុខាភិបាលសាធារណៈ រួមមាន មណ្ឌលសុខភាព មន្ទីរពេទ្យស្រុក មន្ទីរពេទ្យ បង្អែក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ ចំនួន៣។ សរុបមកដល់ពេលនេះ ក្រសួងសុខាភិបាល បានដាក់ពង្រាយនៅសេវាព្យាបាលអ្នកញៀនគ្រឿងញៀន ផ្អែកតាមសហគមន៍សុខាភិបាលសា ធារណៈនេះ បានចំនួន ៥៤៨កន្លែងនៅទូទាំងប្រទេស។
របៀបទី២-ការព្យាបាលស្តារនីតិសម្បទា និងសមាហរណកម្មនៅតាមមជ្ឈមណ្ឌលស្តារនីតិសម្បទា បច្ចុប្បន្ននេះ មានចំនួន ១៨កន្លែង។ ក្នុងនោះ ៦កន្លែងគ្រប់គ្រងដោយរដ្ឋ និង២កន្លែងគ្រប់គ្រងដោយថ្នាក់ជាតិ ៤កន្លែងនៅតាមរាជធានី-ខេត្ត។ ដោយឡែក អង្គការផ្សេងៗដែលផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀន មានចំនួន២ និងមជ្ឈមណ្ឌលឯកជន មានចំនួន ១០កន្លែង។ ដូច្នេះសរុបទាំងអស់ ១៨កន្លែង។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្តថា ក្នុងរយៈពេល ៩ខែនេះ មជ្ឈមណ្ឌលទាំងអស់នេះអាចរ៉ាប់រងការផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀន ផ្អែកលើសហគមន៍នៅតាមមជ្ឈមណ្ឌលនោះ មានចំនួនសរុបប្រមាណ ៩២០០នាក់។ ដោយឡែក ក្នុងរយៈពេល ៩ខែដូចគ្នានេះ នៅតាមមូលដ្ឋានផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿង ញៀន ផ្អែកលើសហគមន៍ដោយប្រើប្រាស់មូលដ្ឋានសុខាភិបាលសាធារណៈ មានលទ្ធភាពផ្តល់ការព្យាបាលដល់អ្នកញៀនគ្រឿងញៀនបានប្រមាណ ៥៣០០នាក់។ ដូច្នេះជារួមអ្នកដែលទទួលបានសេវាព្យាបាលគ្រឿង ញៀន រយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ មានចំនួនសរុប ១៣០០០នាក់៕