ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២៥ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវ ភេទសរុប ១៤៧ករណី ក្នុងនោះមានអាជីវកម្មផ្លូវភេទ ៩២ករណី។ ប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ២០៥នាក់ (ស្រី៣៧ នាក់) និងជនបរទេស ១៩នាក់ បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។

លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ថាក្នុង ចំណោមការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ទាំង១៤៧ករណីនោះ អំពើជួញដូរមនុស្ស បង្ក្រាបបានចំនួន៥៥ករណី ឃាត់ខ្លួនមនុស្ស ៧៩នាក់ (ស្រី៧នាក់) ជនបរទេស ១៣នាក់ សង្គ្រោះជនរងគ្រោះ បានចំនួន២០០នាក់ និងអាជីវកម្មផ្លូវភេទ បង្ក្រាបបានចំនួន ៩២ករណី ឃាត់ខ្លួនមនុស្ស ១២៦នាក់ (ស្រី៣០នាក់) ជនបរទេស ៦នាក់ និងសង្គ្រោះជនរងគ្រោះ ២៨៣នាក់។ ជារួម ទាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សមត្ថកិច្ច បានរំដោះជនរងគ្រោះ សរុប ៤៨៣នាក់។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេលដូចគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នជំនាញ ទាំងក្នុងនិងក្រៅប្រទេស ជួយអន្តរាគមន៍ឱ្យពលរដ្ឋខ្មែរ បានត្រឡប់មកប្រទេសកម្ពុជា វិញ សរុប១៥៧នាក់ ក្នុងនោះមានអនីតិជន ៣៦នាក់៕
